អន្តរជាតិ
​ពេទ្យ​ដែល​ពន្យា​ពេល​រៀបការ​ទៅ​សង្គ្រោះ​អ្នកជំងឺ ស្លាប់​ដោយសារ COVID-19
25, Feb 2020 , 9:29 am        
រូបភាព
ដោយ: ធីតា
​គ្រូពេទ្យ​ម្នា​ក់នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី បានសម្រេច​ពន្យា​ពេល​អាពាហ៍ពិពាហ៍​ផ្លូវការ​របស់ខ្លួន​ដើម្បី​ទៅ​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស (COVID-19) ប៉ុន្តែ​ជា​អ​កុស​ល្យ លោក​បាន​ស្លាប់​ខ្លួន​ដោយសារតែ​ជំងឺ​ដែល​កំពុង​រាលដាល​មួយ​នេះ​។​



​លោក Peng Yinhua អាយុ​២៩​ឆ្នាំ ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក Jiangxia ក្រុង​វូ​ហាន បានទទួល​មរណភាព​ដោយសារ​បញ្ហា​ផ្លូវដង្ហើម កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ បើ​យោងតាម China Daily លោក និង​ភរិយា​ដែល​កំពុង​ពរ​ពោះ មាន​គម្រោង​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​ផ្លូវការ​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បន្ទាប់ពី​ពួកគេ​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​អស់​រយៈពេល​២​ឆ្នាំ​កន្លងមកហើយ​។​

​ទឹក​ចិត្តជា​គ្រូពេទ្យ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ លោក Peng សុខចិត្ត​លុបចោល​គម្រោង​អាពាហ៍ពិពាហ៍​ដើម្បី​ទៅ​ជួយសង្គ្រោះ​អ្នកជំងឺ COVID-19 ដែល​ចាប់ផ្តើម​រាលដាល​ចេញពី​ក្រុង​វូ​ហាន តាំងពី​ខែធ្នូ មក​។​

​តាមពិតទៅ មិត្ត​រួម​អាជីព​របស់លោក បាននាំគ្នា​ជំរុញ​ឲ្យ​លោក​សម្រាក​នៅផ្ទះ និង​ចំណាយ​ពេលវេលា​ឲ្យ​បាន​ច្រើន​ជាមួយ​ភរិយា ប៉ុន្តែ​លោក Peng បាន​បដិសេធ ដោយ​និយាយថា ខ្លួន​គាត់​នៅ​ក្មេង ដូច្នេះ គាត់​ត្រូវ​ធ្វើការ​ឲ្យ​ច្រើនជាង​អ្នកដទៃ​។​

​សារព័ត៌មាន Huanqui.com បាន​បញ្ជាក់ថា លោក Peng បានរួម​ចំណែក​ព្យាបាល​អ្នកជំងឺ​យ៉ាងហោចណាស់​១៥០​នាក់​ក្នុង​១​ថ្ងៃ​។ ក្រោយមក លោក​មាន​អាការ​មិន​ស្រួលខ្លួន ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។ រហូតដល់​ថ្ងៃទី​៣០ ខែមករា លទ្ធផល​តេស្ត​បង្ហាញថា លោក​មាន​ជំងឺ​រលាក​សួត COVID-19 ហើយ​ស្ថានភាព​ជំងឺ​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ហើយ​បានទទួល​មរណភាព​នៅ​១០​ថ្ងៃ​បន្ទាប់​។​

​អ្នកស្រី Zhong Xin ដែលជា​ភរិយា​របស់លោក Peng បាន​ប្រាប់ថា The-Paper.cn ថា ស្វាមី​របស់ខ្លួន​ជា​គ្រូពេទ្យ​ដ៏​អស្ចារ្យ និង​ជា​វីរបុរស​ម្នាក់​។ អ្នកស្រី​លើកឡើងថា​៖ «​ឪពុកម្តាយ​របស់គាត់ ពិតជា​សោកសៅ​ខ្លាំងណាស់ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ថែរក្សា ចិញ្ចឹម​បីបាច់​កូន ដើម្បី​ឲ្យ​គេ​មាន​សុខភាព​ល្អ​»​។​

​អ្នកស្រី Ling Yun គ្រូពេទ្យ​បម្រើការ​នៅ​មន្ទីរពេទ្យ Wuhan Jinyintan និង​ជា​អ្នក​មើលថែ​លោក Peng ផ្ទាល់ បាន​អះអាងថា លោក Peng បានដឹង​ពី​ស្ថានភាព​ជំងឺ​របស់ខ្លួន​ដែលមាន​សភាព​យ៉ាប់យ៉ឺន ប៉ុន្តែ​លោក​មានជំនឿថា អាចជា​សះស្បើយ ដោយសារតែ​លោក​ទើបតែ​មាន​អាយុ​២៩​ឆ្នាំ​។ អ្វីៗ​ត្រូវបាន​រលាយ ដោយ​លោក​បាន​បាត់បង់​ជីវិត ដោយ​មិនទាន់​បានឃើញ​កូន​របស់ខ្លួន​៕



© រក្សាសិទ្ធិដោយ thmeythmey.com