ជាតិ
សម្ដេច ហ៊ុន សែន៖ មន្ត្រីទាំងអស់ប្រយ័ត្នគ្រោះថ្នាក់ ដោយសារប្រពន្ធ និងកូន
× ភ្នំពេញ៖ មន្ត្រីទាំងអស់មិនត្រូវបណ្ដែតបណ្ដោយឱ្យប្រពន្ធ និងកូន ដើរអុកឡុកគេឡើយ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានព្រមានមន្ត្រីខ្លួន ឱ្យប្រុងប្រយ័ត្នចំពោះការបាត់បង់តួនាទី ដោយសារតែប្រពន្ធ និងកូន។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៥ កុម្ភៈនេះ សម្ដេច ហ៊ុន សែន បាននិយាយថា មន្ត្រីខ្លះបំពេញការងារល្អណាស់ ប៉ុន្តែបែជារងគ្រោះដោយសារតែប្រពន្ធលូកដៃចូលកិច្ចការងារខ្លួនទៅវិញ។ ក្នុងន័យនេះសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ដូច្នេះថា៖ «ប្តីល្អណាស់ធ្វើការ ក៏ប៉ុន្តែប្រពន្ធរកស៊ី(អចលនទ្រព្យ) ប្រពន្ធលូកលាន់(ការងារប្តី) ងាកមកកូនដើរគំរាមកំហែងគេ ប្រើឥទ្ធិពលឪពុក។ រឿងចំណុចនេះ គឺជាចំណុចដែលសុំផ្ដាំផ្ញើទុក ហើយប្រសិនបើមន្ត្រីរបស់យើងនៅទូទាំងប្រទេសបានស្ដាប់ឮ ក៏សុំតែប្រយ័ត្ន…។ ខ្មែរយើងស្អប់បំផុតប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ហ្នឹងគឺស្អប់ណាស់ ប្រយ័ត្នអាចំណុចហ្នឹង។ជួនកាលប្តីអត់រកស៊ីទេ តែបើកឱកាសឱ្យប្រពន្ធរកស៊ី (ប្តី)ទៅកន្លែងណាក៏មានដីរបស់ប្រពន្ធមន្ត្រីហ្នឹង ប្តីទៅកន្លែងណាក៏មានដីប្រពន្ធមន្ត្រីហ្នឹង»។
សូមស្ដាប់សំឡេង៖
សម្ដេច ហ៊ុន សែន ក៏ធ្លាប់ឮប្រជាពលរដ្ឋរអ៊ូរទាំចំពោះប្រពន្ធ និងកូនមន្ត្រី ដែលយកអំណាចរបស់ប្តី ឬឪពុកទៅប្រើប្រាស់ហួសដែនកំណត់ដែរ។ «មានកន្លែងខ្លះចាស់ៗយើងនិយាយថា ប្តីវាមិនអីទេ ណាស់តែមីប្រពន្ធហ្នឹងហ្មង គាត់និយាយអ៊ឹចឹងហ្មង... មានកន្លែងខ្លះទៀតចាស់ៗនិយាយថា ប្តីប្រពន្ធគាត់ទាំងពីរមិនអីទេ តែណាស់អាកូនហ្នឹងហ្មង វាបង្ហោះម៉ូតូ វាប្រណាំងឡាន រួចហើយប៉ះវាមិនបានទៀត។ ពេលខ្លះខ្ញុំអន្តរាគមន៍»។នេះបើតាមប្រមុខរដ្ឋាភិបាល។
ដោយសារតែធ្លាប់ឭបែបនេះហើយ ទើបសម្ដេច ហ៊ុន សែន បានរំឮកមន្ត្រីទាំងអស់ថា បើនៅតែបណ្ដែតបណ្ដោយឱ្យប្រពន្ធ និងកូន លូកដៃចូលការងារ និងដើរអុកឡុកគេនោះ ពួកគេនឹងប្រឈមមុខបាត់បង់តំណែងជាមិនខាន។បន្ថែមពីនេះនាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យប្រពន្ធ និងកូនមន្ត្រី កុំយកអំណាចប្តី និងឪពុកមកអួតអាង ហើយប្រើប្រាស់ផ្ដេសផ្ដាស ដែលនាំឱ្យបាត់បង់តំណែងមេគ្រួសារ។
សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ឪពុកខ្លះបាត់បង់តំណែង និងបញ្ឈប់ពីតំណែងមានប្រជាជនសោកស្ដាយ តែអ្នកខ្លះត្រូវបានដកពីតំណែង ប៉ុន្តែប្រជាជនត្រេកអរទៅវិញ…។ខ្ញុំក៏ធុញទ្រាន់នឹងមន្ត្រីយើងខ្លះ ដែលបណ្ដែតបណ្ដោយឱ្យប្រពន្ធ និងកូន ធ្វើមិនគប្បី ដើរអុកឡុកគេ ហើយទៅដល់កន្លែងណា មានបញ្ហាដីធ្លីកន្លែងហ្នឹង…»។
សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា បញ្ហាប្តីស័ក្ត៣ ប្រពន្ធស័ក្ត៤ និងកូនស័ក្ត៥ គឺជារឿងដែលគួរឱ្យបារម្ភ និងគ្រោះថ្នាក់សម្រាប់កម្ពុជា។ «បើយើងអប់រំប្រពន្ធយើងមិនបាន បើយើងអប់រំកូនយើងមិនបានផង យើងមិនអាចអប់រំអ្នកដទៃបានទេ គ្មានអ្នកណាស្ដាប់ទេ ទឹកមាត់សាបដូចទឹកទន្លេ»។ នេះជាការបន្ថែមរបស់សម្ដេច ហ៊ុន សែន។
Tag:
ហ៊ុន សែន
មន្ត្រីរាជការ
រដ្ឋបាលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com