ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ខ្វះ​វីតាមីន A មិន​ខាន បើ​អាកា​រៈទាំង​នេះ​លេចឡើង​
25, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វីតាមីន​ទាំងអស់ គឺ​សុទ្ធតែ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ល្អប្រសើរ ក៏ដូចជា​ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​។ ក្រៅពី​សំខាន់​ចំពោះ​សុខភាព​ភ្នែក​ហើយ​នោះ​វីតាមីន A ក៏​ចាំបាច់​សម្រាប់​ប្រព័ន្ធ​បន្ត​ពូជ​និង​សុខភាព​ស្បែក​ផងដែរ​។ ថា​តើក​ង្វះ​វីតាមីន A ក្នុង​រាងកាយ​នឹង​បង្ហាញ​អាកា​រៈ​អ្វីខ្លះ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​ខ្វះ​វីតាមីន A ៖
 
១. ស្បែក​ស្ងួត​

​វីតាមីន A គឺជា​វីតាមីន​ដ៏​សំខាន់បំផុត​មួយ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ជួសជុល​ជាលិកា​ស្បែក​ល្អប្រសើរ​ឡើងវិញ​និង​រក្សា​សំណើម​។ រោគសញ្ញា​ទូទៅ​បំផុត​មួយ​នៃ​កង្វះ​វីតាមីន A គឺ​ជំងឺ​សើ​ស្បែក eczema ឬ​ជំងឺ​ស្បែក​តាអក​ដែល​កើតឡើង​នៅពេល​ស្បែក​ប្រែជា​ស្ងួត​ខ្លាំង​។ ស្បែក​ប្រែជា​រោល​ក្រហម​និង​រមាស់​ទ្រាំ​មិនបាន​ផងដែរ​។​

២. ពិបាក​មើល​ខ្លាំង​នៅពេល​យប់​
 
​មួយ​ក្នុងចំណោម​អាកា​រៈ​ផ្សេងទៀត​ដែល​ងាយ​នឹង​លេចឡើង​នៅពេល​រាងកាយ​ខ្វះ​វីតាមីន A គឺ​បញ្ហា​ភ្នែក​ដែល​ពិបាក​មើលឃើញ​ខ្លាំង​ពេលយប់ ឬ​ក្នុង​ទី​ងងឹត​។​

៣. រោគ​មុន​
 
​នេះ​ក៏​ព្រោះតែ​កង្វះ​វីតាមីន A បណ្ដាលឱ្យ​ស្បែក​ស្ងួត ហើយ​មិន​ត្រឹមតែ​រោគ​មុន​មិន​ត្រឹមតែ​កើតឡើង​តែ​លើ​ស្បែក​ខ្លាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្បែក​មុខស្ងួត​ខ្លាំង​ក៏​ងាយ​នឹង​កើតមុន​ដូចគ្នា​។​
 
៤. បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ត​ពូជ​

​ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ត​ពូជ​នោះ​កង្វះ​វីតាមីន A អាចជា​មូលហេតុ​ចម្បង​មួយ​ហើយ​។ ប្រព័ន្ធ​បន្ត​ពូជ​ទាំង​បុរស​និង​ស្ត្រី​ប្រាកដជា​ដំណើរការបាន​យ៉ាង​ល្អ​ប្រសិនបើ​ទទួលបាន​វីតាមីន A គ្រប់គ្រាន់​។ ការទទួល​ទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A អាចជួយ​បង្កើន​ភាព​មានកូន​បាន​គួរឱ្យកត់សម្គាល់​។ ស្ត្រី​មាន​ផ្ទៃពោះ​ក៏​គួរ​រួមបញ្ចូល​អាហារ​សម្បូរ​វីតាមីន A ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ ខណៈដែល​ហានិភ័យ​នៃ​បញ្ហា​រលូត​កូន​ផ្សារភ្ជាប់​នឹង​កង្វះ​វីតាមីន A​។​
 
៥. របួស​យូរ​ជាសះស្បើយ​
 
​របួស​ឆាប់​ជាសះស្បើយ​ក្នុង​រយៈពេល​ខ្លី គឺ​ផ្សារភ្ជាប់​នឹង​បរិ​មាណនៃ​កូ​ឡា​ជែ​ន​។ ហើយ​វីតាមីន A គឺ​ចាំបាច់​ណាស់​ក្នុងការ​ផលិត​កូ​ឡា​ជែ​ន​។ ដូច្នេះ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា​ស្នាមរបួស​លើ​ស្បែក​មិន​ងាយ​នឹង​ជា អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន A បន្ថែម​។​
 
៦. ការលូតលាស់​យឺត​
 
​មួយ​ក្នុងចំណោម​រោគសញ្ញា​ផ្សេងទៀត​ដែល​អ្នក​គួរ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​កង្វះ​វីតាមីន A ចំពោះ​ទារក​និង​កុមារ គឺ​ការលូតលាស់​របស់​ពួកគេ​មាន​សភាព​យឺត​ខុសធម្មតា​។ វា​ជាការ​ចាំបាច់​ក្នុងការ​ទទួលទាន​វីតាមីន A ចាប់ពី​ខែ​ទី ៣ នៃ​ការ​មាន​ផ្ទៃពោះ​និង​ផ្ដល់ឱ្យ​កុមារ​ក្នុង​កំឡុង​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​។ វីតាមីន A សំខាន់​ណាស់​ចំពោះ​សុខភាព​ភ្នែក​និង​ប្រព័ន្ធ​ភាពស៊ាំ ក៏ដូចជា​ការលូតលាស់​រាងកាយ​កុមារ​។​
 
៧. ស្ងួត​ភ្នែក​

​មួយ​ក្នុងចំណោម​រោគសញ្ញា​ដ៏​សំខាន់បំផុត​នៃ​កង្វះ​វីតាមីន A គឺ​អសមត្ថភាព​ក្នុង​ការផលិត​ទឹកភ្នែក​និង​ការរក្សា​សំណើម​គ្រាប់ភ្នែក​។ ប្រសិនបើ​អាកា​រៈ​នេះ​បន្ត​នៅតែ​កើតមាន​មិន​បាត់​សោះ​វា​អាច​បណ្ដាលឱ្យ​បញ្ហា​ខ្សោយ​ភ្នែក​និង​បាត់បង់​ការមើលឃើញ​លេចឡើង​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com