កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ត្រូវការ​១២​ពិន្ទុ​ទៀត​ដើម្បី​លើក​ពាន EPL ក្រោយ​ឈ្នះ West Ham
25, Feb 2020 , 10:49 am        
រូបភាព
Liverpool នៅតែ​រក្សា​ភាពខ្លាំង​របស់ខ្លួន​បាន​ដដែល បន្ទាប់ពី​វាយបក​យកឈ្នះ West Ham United ដោយ​លទ្ធផល ៣-២ ក្នុងការ​ប្រកួត Premier League សប្តាហ៍​ទី​២៧ នៅ​រាត្រី​ថ្ងៃទី​២៥ កុម្ភៈ​។ តាមរយៈ​៣​ពិន្ទុ​បន្ថែម​នេះ មានន័យថា​ហង្ស​ក្រហម​ត្រូវការ​ឈ្នះ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ពួកគេ​អាច​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​។​


​នា​កីឡដ្ឋាន Anfield ដែលមាន​អ្នកគាំទ្រ​ផ្ទាល់​ចំនួន​ជាង​៥​ម៉ឺន​នាក់ ខ្សែបម្រើ Georginio Wijnaldum តែ​ត​មួយ​ក្បាល​សម្រេច​ទី​ឲ្យ Liverpool នាំមុខ​១​គ្រាប់​មុន​នៅ​៩​នាទី​ដំបូង​វគ្គ​ទី​១ មុនពេល​ខ្សែការពារ Issa Diop តែ​ត​បញ្ចូល​ទី​តាម​ស្មើ​ឲ្យ West Ham វិញ​នៅ​៣​នាទី​បន្ទាប់​។​
 
​ឈានចូល​ដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​៩​នាទី​ជាថ្មី ខ្សែបម្រើ Pablo Fornals បាន​ស៊ុត​គ្រាប់​នាំមុខ​ជូន​ក្រុម​ញញួរ​វិញ តាមរយៈ​ការបញ្ជូន​បាល់ (assist) ពី​មិត្ត​រួម​ក្រុម Declan Rice ពី​ស្លាប​ខាងស្តាំ​។​
 
​លទ្ធផល ២-១ រក្សាបាន​ត្រឹម​រយៈពេល​១៤​នាទី​ប៉ុណ្ណោះ​។ នៅ​នាទី​៦៨ ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ មុនពេល Sadio Mane បន្ថែម​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​របស់លោក Jurgen Klopp នៅ​នាទី​៨១​។ ចប់​ការប្រកួត  Liverpool ឈ្នះ West Ham ៣-២​។​
 
​ជ័យជម្នះ​នេះ មិន​ត្រឹម​ជួយ​ក្រុម​លោក Klopp រក្សា​ភាពមិន​ចាញ់​សោះរដូវ​កាល​នេះ​នោះទេ ថែមទាំង​នាំ​ក្រុម​មាន​ពិន្ទុ​នាំមុខ​ដាច់​គេ​រហូតដល់​ទៅ​២២​ពិន្ទុ​ឯណោះ ក្រោយ​ឆ្លងកាត់​ការប្រកួត​២៧​លើក ឈ្នះ​២៦​លើក និង​ស្មើ​១​លើក មាន​៧៩​ពិន្ទុ​។​
 
​តាមរយៈ​ពិន្ទុ​ដ៏​ច្រើន​នេះ ហើយ​ការប្រកួត​នៅសល់​១១​លើក​ទៀត ប៉ុន្តែ Liverpool ត្រូវការ​១២​ពិន្ទុ ឬ​ឈ្នះ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​ជើងឯក​លី​គ​កំពូល​អង់គ្លេស​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។ ៤​ប្រកួត​បន្ទាប់​ដែល Liverpool ត្រូវ​ជួប​មាន Watford, Bournemouth, Everton និង Crystal Palace៕



Tag:
 Liverpool
  West Ham United
© រក្សាសិទ្ធិដោយ thmeythmey.com