អន្តរជាតិ
COVID-19 បង្ខំឲ្យចិនលើកពេលប្រជុំសភាទាំងពីរជាលើកដំបូងក្នុងពេលជាង៣០ឆ្នាំ សមាជិកសភាប្រជាជនចិនតម្រង់ជួរចូលវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។ រូបភាព Xinhua
× សភាទាំងពីររបស់ចិន នឹងលើកពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនដែលគ្រោងធ្វើនៅខែដើមមីនា ព្រោះបារម្ភពីការរាលដាលជំងឺផ្លវដង្ហើមដែលបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19)។ នេះជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ ដែលកិច្ចប្រជុំដ៏ធំទាំងពីរនេះ ត្រូវលើកពេលដែលធ្វើឡើងក្រោមហេតុផលថា ដើម្បីអនុវត្តតាមការសម្រេចចិត្តរបស់បក្សកុម្មុយនីស្តចិនក្នុងការទប់ស្កាត់ និងការគ្រប់គ្រងវីរុសប្រភេទថ្មីដ៏គ្រោះថ្នាក់នេះ។
នាកិច្ចប្រជុំថ្ងៃទី២៤ ខែកុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានអនុម័តសំណើលើកពេលប្រជុំពេញអង្គលើកទីបី សភាប្រជាជននីតិកាលទី១៣ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមីនាខាងមុខ។ ការផ្ទុះឡើងកូរ៉ូណាវីរុស ជាមូលហេតុដែលនាំឲ្យមានការលើកពេលកិច្ចប្រជុំដ៏សំខាន់ក្នុងប្រក្រតីទិននយោបាយរបស់ចិន។ នេះក៏ជាលើកដំបូងគិតតាំងពីឆ្នាំ១៩៧៨ មកដែលសភាប្រជាជនចិន ពន្យារពេលបែបនេះ។
ជាធម្មតា ចិនតែងបើកកិច្ចប្រជុំសភារបស់ខ្លួននៅខែមីនា ហើយអំឡុងពេលពីរទសវត្សរ៍មកនេះ បានកំណត់យកថ្ងៃបើកនៅថ្ងៃទី៥ ខែមីនាជារៀងរាល់ឆ្នាំតែម្ដង។ មេដឹកនាំធំៗរបស់ប្រទេស តែងមានវត្តមានក្នុងកិច្ចប្រជុំនេះ ទោះជាសភាចិនត្រូវបានមើលឃើញថា ជាសភាប្រថាប់ត្រាលើសេចក្ដីសម្រេចរបស់បក្សកុម្មុយនីស្តដ៏មានឥទ្ធិពលក្ដី។ របៀបវារៈនៃកិច្ចប្រជុំសភា គឺការអនុម័តគម្រោងចំណាយរបស់ប្រទេស និងការផ្ដល់សេចក្ដីទុកចិត្តលើការផ្លាស់ប្ដូរមន្ត្រីនានា។
ចំណែកឯកិច្ចប្រជុំសភាពិគ្រោះយោបល់នយោបាយប្រជាជនចិនវិញ ក៏ត្រូវបានណែនាំឲ្យលើកពេលកិច្ចប្រជុំដែលជាធម្មតាចាប់ផ្ដើមនៅថ្ងៃទី៣ ខែមីនា។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ការសម្រេចចិត្តនេះ ធ្វើឡើងអំឡុងពេលកិច្ចប្រជុំថ្នាក់ដឹកនាំរបស់សភានេះ។ ប្រភពព័ត៌មានបន្ត កាលបរិច្ឆេទថ្មី នឹងត្រូវកំណត់នៅពេលក្រោយ។ ការសម្រេចចិត្តលើកពេលកិច្ចប្រជុំនេះ នឹងអនុញ្ញាតឲ្យមន្ត្រីដែលនឹងត្រូវមកប្រជុំ បង្វែរការយកចិត្តទុកដាក់របស់ពួកគេលើការទប់ស្កាត់ COVID-19 ។
សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ដោយសារ COVID-19 ឡើងដល់ប្រមាណ២៧០០នាក់ហើយ ដោយគិតត្រឹមព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ហើយករណីឆ្លងមានជាង៨ម៉ឺននាក់ និងអ្នកសះស្បើយមានជាង២៧០០០នាក់ផងដែរ។ នៅចិន មានករណីស្លាប់ចំនួន២៦៦៦នាក់ ដែលភាគច្រើននៅខេត្តហ៊ូប៉ី ខណៈនៅខេត្តផ្សេងមានការរាយការណ៍ពីការធ្លាក់ចុះករណីឆ្លងគួរឲ្យកត់សម្គាល់។
ក្រៅពីចិន ករណីស្លាប់ចំនួន១២នាក់នៅអ៊ីរ៉ង់ ៨នាក់នៅកូរ៉េខាងត្បូង ៧នាក់នៅអ៊ីតាលី ៤នាក់នៅជប៉ុន (ក្នុងនោះ៣នាក់លើករណីនាវា Diamond Princess) រីឯបារាំង និងហ្វីលីពីន មាន១ករណីរៀងៗខ្លួនៗ។ នៅទូទាំងពិភពលោក ប្រទេសចំនួន៣៤ មានករណីឆ្លង COVID-19 ហើយប្រទេសដែលមានករណីឆ្លងមានអ៊ីរ៉ង់ អូម៉ង់ និងអ៊ីរ៉ាក់ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com