កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19 អុកឡុក​អ៊ីតាលី​ខ្លាំង ធ្វើ​ឲ្យ​ជំនួប Inter-Ludogorets នៅ UEL ត្រូវ​លេង​បិទទ្វារ​
25, Feb 2020 , 4:15 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់ UEFA Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ​រវាង Inter Milan និង Ludogorets Razgrad ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ ព្រោះ​ភ័យខ្លាច​មានការ​រីក​រាល​ដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ។ នៅ​អ៊ីតាលី ជំងឺ​នេះ​បង្ក​ឲ្យ​មាន​អ្នកស្លាប់ និង​ករណី​ឆ្លង​កើនឡើង​ច្រើន​។​


 
​ការសម្រេច​ធ្វើបែបនេះ កើតឡើង​ក្នុង​កិច្ចពិភាក្សា​មួយ​ដែល​ធ្វើឡើង​រវាង​ក្លិប​កីឡាបាល់ទាត់ មន្ត្រី​រដ្ឋាភិបាល​អ៊ីតាលី និង​មន្ត្រី​របស់​សហព័ន្ធ​កីឡា​បាល់​បាល់ទាត់​អ៊ឺរ៉ុប (UEFA)​។ Inter នឹង​ប្រើប្រាស់​កីឡដ្ឋាន San Siro ដោយ​បិទទ្វារ ដើម្បី​ស្វាគមន៍​ក្រុម​ពី​ប៊ុលហ្គារី Ludogorets សម្រាប់​ជំនួប​ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី​២៧ ខែកុម្ភៈ​។ កាលពី​ជើង​ទី​១ នៅ​ទឹកដី Giuseppe Meazza ក្រុម​ដែលមាន​លោក Antonio Conte ជា​អ្នកចាត់ការ​នោះ បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០ រួចមកហើយ​។​
 
​ចំនួន​អ្នក​ឆ្លង​២៣១​នាក់ បានធ្វើ​ឲ្យ​អ៊ីតាលី​ក្លាយជា​ប្រទេស​ដែល​រាលដាល​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​លើ​ករណី​ជំងឺ COVID-19 នេះ ខណៈ​អ្នក​ស្លាប់មាន​ចំនួន​៧​នាក់​។ សាលារៀន និង​មហាវិទ្យាល័យ​ជាច្រើន​ក្នុង​ក្រុង Milan ត្រូវ​ប្រកាស​ឲ្យ​បិទទ្វារ​នៅ​ថ្ងៃទី​២៤ កុម្ភៈ បើទោះជា​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងស្រុក​នៅ​ដំណើរការ​ធម្មតា​ក៏ដោយ​។​
 
​ស្របពេល​គ្នា​នេះ មានការ​ផ្សាយ​ថា ក្រុម​អ្នកគាំទ្រ Ludogorets ជាង ៦០០​នាក់ បានធ្វើ​ដំណើរ​ពី​ប៊ុលហ្គារី ទៅកាន់​ក្រុង Milan ដើម្បី​ទស្សនា​ការប្រកួត​ជើង​ទី​២ វគ្គ​៣២​ក្រុម​ចុងក្រោយ នៃ​ក្របខណ្ឌ​ទី​២​អឺរ៉ុប​នេះ​។ បើ​ទោះ​យ៉ាងនេះ​ក្តី ជំនួប​នេះ​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ឡើយ ដោយ​ត្រូវ​បិទទ្វារ​ប្រកួត​តែម្តង ដើម្បី​ទប់ស្កាត់​ការឆ្លង COVID-19 ដែលជា​ជំងឺ​ដ៏​កាច​សាហាវ​នាពេល​បច្ចុប្បន្ននេះ​។​
 
Inter Milan ក៏បាន​ពន្យារពេល​ការប្រកួត​១​លើក​រួចមកហើយ​ក្នុង​ក្របខណ្ឌ Serie A ក្នុងចំណោម​ការផ្អាក​ទាំ​ង​៤​គូ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​៕

Tag:
 UEFA Europa League
  COVID-19
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com