អន្តរជាតិ
មហាក្សត្រម៉ាឡេស៊ី ហៅសមាជិកសភាទាំងអស់ទៅសួរពីលទ្ធភាពបង្កើតរដ្ឋាភិបាលថ្មី
× មួយថ្ងៃក្រោយការលាលែងពីតំណែងរបស់លោក មហាធៀ មហាម៉ាត់ ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក៏ចាប់ផ្ដើមដែរ។ មហាក្សត្រម៉ាឡេស៊ី Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah នៅថ្ងៃទី២៥ ខែកុម្ភៈ បានកោះហៅសមាជិកសភាទាំងអស់ទៅកាន់រាជវាំងដើម្បីសាកសួរពីលទ្ធភាពបង្កើតរដ្ឋាភិបាលថ្មី។ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈនេះដែរ ម៉ាឡេស៊ីគ្មានរដ្ឋាភិបាលដឹកនាំប្រទេសឡើយ ក្រៅពីលោក មហាធៀ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីចាំផ្ទះ។
សមាជិកសភាម៉ាឡេស៊ីទាំង២២២រូប នឹងត្រូវសម្ភាសដោយផ្ទាល់ពីសំណាក់មហាក្សត្រ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ដើម្បីស្វែងរកឥស្សរជនណាម្នាក់ដែលទទួលបានការគាំទ្រគ្រប់គ្រាន់ឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ តាមច្បាប់រដ្ឋធម្មនុញ្ញម៉ាឡេស៊ី សមាជិកសភារូបណាដែលអាចប្រមូលសំឡេងបានលើសពាក់កណ្ដាលនៃសមាជិកសភាទាំងអស់ (50+1) អាចបង្កើតរដ្ឋាភិបាលបានហើយ។
យ៉ាងណាមិញ ការកោះហៅសមាជិកសភាមកសួរនាំម្ដងម្នាក់ៗបែបនេះ ជារឿងមិនធ្លាប់ឡើយក្នុងប្រវត្តិសាស្ត្រម៉ាឡេស៊ី។ នេះអាចជាសញ្ញាបង្ហាញថា មិនមានមេដឹកនាំបក្សណាមួយសូម្បីតែលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៃសម្ពន្ធភាព Pakatan Harapan មានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលឡើយ។ មន្ត្រីជាន់ខ្ពស់រាជវាំងម៉ាឡេស៊ី លោក Ahmad Fadil Shamsuddin និយាយថា ការអញ្ជើញសមាជិកសភាមកសួរនាំបែបនេះ គឺបង្ហាញពីតម្លាភាពដើម្បីប្រយោជន៍ជាតិ។
ស្ថានការណ៍នយោបាយនៅម៉ាឡេស៊ី ប្រែទៅជាក្រឡាប់ចាក់ក្នុងមួយថ្ងៃក្រោយការលាលែងពីតំណែងងនាយករដ្ឋមន្ត្រីរបស់លោក មហាធៀ មហាម៉ាត់ ដែលឈានទៅដល់ការដួលរលំសម្ពន្ធភាព Pakatan Harapan ។ ប៉ុន្តែ លោក មហាធៀ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នសិន ទម្រាំមានជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី។ នៅថ្ងៃទី២៥ ខែកុម្ភៈ លោកបានទៅអង្គុយធ្វើការជាធម្មតានៅឯការិយាល័យនាយករដ្ឋមន្ត្រី ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងឡើយ។
ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក មហាធៀ អាចបង្កើតរដ្ឋាភិបាលមួយដើម្បីដឹកនាំការងារប្រចាំថ្ងៃ ដ្បិតសមាសភាពគណៈរដ្ឋមន្ត្រីចាស់ ត្រូវបានរំលាយចោលអស់ហើយ បន្ទាប់ពីមហាក្សត្រទទួលពាក្យលាលែង។
ទាក់ទងឥស្សរជនដែលអាចធ្វើនាយករដ្ឋមន្ត្រីវិញ បក្សជនជាតិដើម PPBM ដែលលោក មហាធៀ បង្កើតឡើង និងបក្សសកម្មភាពប្រជាធិបតេយ្យ (DAP) នៅតែគាំទ្រលោក មហាធៀ ឲ្យបន្តធ្វើនាយករដ្ឋមន្ត្រីដដែល។ សមាជិកសភាខ្លះមកពីបក្សយុត្តិធម៌សង្គម (PKR) របស់លោក អាន់វ៉ា ក៏នៅខាងលោក មហាធៀ ដែរ។ ចំណែកសម្ពន្ធភាព Barisan Nasional ដែលជាក្រុមប្រឆាំង ក៏បានប្រមូលសំឡេងដើម្បីបង្កើតរដ្ឋាភិបាលមួយដែរ។
មានបន្ទូលទៅកាន់អ្នកសារព័ត៌មានខាងក្រៅរាជវាំងទីក្រុងគួឡាឡាំពួ មហាក្សត្រ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah បានប្រាប់ឲ្យប្រជាជនម៉ាឡេស៊ីរក្សាការអត់ធ្មត់ ទោះជាកំពុងព្រួយបារម្ភក្ដី។ បើតាមសារព័ត៌មានម៉ាឡេស៊ី Malaysia Mail ប្រមុខរដ្ឋម៉ាឡេស៊ី មានបន្ទូលទៀតថា ទុកឲ្យទ្រង់បំពេញរាជកិច្ច (ការជ្រើសរើសនាយករដ្ឋមន្ត្រី) ជាមុនសិន ហើយទ្រង់សង្ឃឹមថា អាចរកច្រកចេញបាន៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com