អន្តរជាតិ
មហាក្សត្រ​ម៉ាឡេស៊ី ហៅ​សមាជិកសភា​ទាំងអស់​ទៅ​សួរ​ពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ថ្មី​​
25, Feb 2020 , 7:19 pm        
រូបភាព
​មួយថ្ងៃ​ក្រោយ​ការលាលែង​ពី​តំណែង​របស់លោក មហា​ធៀ មហាម៉ាត់ ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី​ថ្មី ក៏​ចាប់ផ្ដើម​ដែរ​។ មហាក្សត្រ​ម៉ាឡេស៊ី Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​កោះហៅ​សមាជិកសភា​ទាំងអស់​ទៅកាន់​រាជវាំង​ដើម្បី​សាកសួរ​ពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​ថ្មី​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះដែរ ម៉ាឡេស៊ី​គ្មាន​រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ឡើយ ក្រៅពី​លោក មហា​ធៀ ដែល​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​។​


​សមាជិកសភា​ម៉ាឡេស៊ី​ទាំង​២២២​រូប នឹងត្រូវ​សម្ភាស​ដោយផ្ទាល់​ពី​សំណាក់​មហាក្សត្រ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah ដើម្បី​ស្វែងរក​ឥស្សរ​ជនណាម្នាក់​ដែល​ទទួលបាន​ការគាំទ្រ​គ្រប់គ្រាន់​ឈានទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​។ តាមច្បាប់​រដ្ឋធម្មនុញ្ញ​ម៉ាឡេស៊ី សមាជិកសភា​រូប​ណា​ដែល​អាច​ប្រមូល​សំឡេង​បាន​លើស​ពាក់កណ្ដាល​នៃ​សមាជិកសភា​ទាំងអស់ (50+1) អាចបង្កើត​រដ្ឋាភិបាល​បាន​ហើយ​។ 

​យ៉ាងណាមិញ ការកោះហៅ​សមាជិកសភា​មក​សួរនាំ​ម្ដងម្នាក់ៗ​បែបនេះ ជា​រឿង​មិន​ធ្លាប់​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​។ នេះ​អាចជា​សញ្ញា​បង្ហាញថា មិនមាន​មេដឹកនាំ​បក្ស​ណាមួយ​សូម្បីតែ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម នៃ​សម្ពន្ធភាព Pakatan Harapan មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​ឡើយ​។ មន្ត្រីជាន់ខ្ពស់​រាជវាំង​ម៉ាឡេស៊ី លោក Ahmad Fadil Shamsuddin និយាយថា ការអញ្ជើញ​សមាជិកសភា​មក​សួរនាំ​បែបនេះ គឺ​បង្ហាញ​ពី​តម្លាភាព​ដើម្បី​ប្រយោជន៍​ជាតិ​។​

​ស្ថានការណ៍​នយោបាយ​នៅ​ម៉ាឡេស៊ី ប្រែ​ទៅជា​ក្រឡាប់ចាក់​ក្នុង​មួយថ្ងៃ​ក្រោយ​ការលាលែង​ពី​តំណែង​ង​នាយករដ្ឋមន្ត្រី​របស់លោក មហា​ធៀ មហាម៉ាត់ ដែល​ឈានទៅដល់​ការដួលរលំ​សម្ពន្ធភាព Pakatan Harapan ។ ប៉ុន្តែ លោក មហា​ធៀ ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន​សិន ទម្រាំ​មាន​ជ្រើសរើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​។ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ លោក​បាន​ទៅ​អង្គុយ​ធ្វើការ​ជាធម្មតា​នៅឯ​ការិយាល័យ​នាយករដ្ឋមន្ត្រី ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ឡើយ​។​
​ជា​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន លោក មហា​ធៀ អាចបង្កើត​រដ្ឋាភិបាល​មួយ​ដើម្បី​ដឹកនាំ​ការងារ​ប្រចាំថ្ងៃ ដ្បិត​សមាសភាព​គណៈរដ្ឋមន្ត្រី​ចាស់ ត្រូវបាន​រំលាយចោល​អស់ហើយ បន្ទាប់ពី​មហាក្សត្រ​ទទួល​ពាក្យ​លាលែង​។ 

​ទាក់ទង​ឥស្សរជន​ដែល​អាចធ្វើ​នាយករដ្ឋមន្ត្រី​វិញ បក្ស​ជនជាតិដើម PPBM ដែល​លោក មហា​ធៀ បង្កើតឡើង និង​បក្ស​សកម្មភាព​ប្រជាធិបតេយ្យ (DAP) នៅតែ​គាំទ្រ​លោក មហា​ធៀ ឲ្យ​បន្តធ្វើ​នាយករដ្ឋមន្ត្រី​ដដែល​។ សមាជិកសភា​ខ្លះ​មកពី​បក្ស​យុត្តិធម៌​សង្គម (PKR) របស់លោក អាន់​វ៉ា ក៏​នៅ​ខាង​លោក មហា​ធៀ ដែរ​។ ចំណែក​សម្ពន្ធភាព Barisan Nasional ដែលជា​ក្រុមប្រឆាំង ក៏បាន​ប្រមូល​សំឡេង​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែរ​។​

​មានបន្ទូល​ទៅកាន់​អ្នកសារព័ត៌មាន​ខាងក្រៅ​រាជវាំង​ទីក្រុង​គួ​ឡា​ឡាំ​ពួ មហាក្សត្រ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah បាន​ប្រាប់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​រក្សា​ការអត់ធ្មត់ ទោះជា​កំពុង​ព្រួយបារម្ភ​ក្ដី​។ បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី Malaysia Mail ប្រមុខរដ្ឋ​ម៉ាឡេស៊ី មានបន្ទូល​ទៀតថា ទុក​ឲ្យ​ទ្រង់​បំពេញ​រាជកិច្ច (​ការជ្រើសរើស​នាយករ​ដ្ឋ​មន្ត្រី​) ជាមុនសិន ហើយ​ទ្រង់​សង្ឃឹមថា អា​ចរក​ច្រកចេញ​បាន​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com