ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ប្រាប់​មន្ត្រី ឲ្យ​ចូលរួម​លុបបំបាត់​សកម្មភាព​រត់ការ​សុំ​ឡើង​ឋានៈ​និង​ប្រាក់ខែ​
25, Feb 2020 , 7:39 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ)
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ (រូបពីក្រសួងអប់រំ)
ដោយ: ថ្មីៗ
​ក្រសួង​អប់រំ យុវជន និង កីឡា អះអាងថា ថ្មីៗ​នេះ មាន​ព័ត៌មាន​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការរត់​ការ ដើម្បី​ឲ្យ​មានការ​ដំឡើង​តួនាទី ឋានន្តរស័ក្តិ និង កាំ​ប្រាក់ ជាដើម​។ ក្រសួង​អប់រំ ចាត់ទុក​អំពើ​នេះ ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​បុគ្គលិក​អប់រំ ព្រមទាំង​កិត្តិយស​ស្ថាប័ន​យ៉ាងធ្ងន់ធ្ងរ​។


​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ដែល​ចេញ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួង​អប់រំ បាន​អំពាវនាវ​ឲ្យ​បុគ្គលិក​អប់រំ​គ្រប់​លំដាប់ថ្នាក់ ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ចូលរួម​លុបបំបាត់​ភាពមិនប្រក្រតី​ទាំងនោះ​។ លើសពីនេះ ក្រសួង​អប់រំ បាន​ជំរុញ​អង្គភាព​នានា ឲ្យ​បំពេញការងារ​ក្នុងទិសដៅ​កំណែទម្រង់​ការគ្រប់គ្រង​បុគ្គលិក និង ពង្រឹងគុណភាព​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​ក្រសួង​អប់រំ រម្លឹកថា ការដំឡើងឋានៈ​តួនាទី សម្រាប់​មន្ត្រី​គ្រប់គ្រង​គ្រប់លំដាប់​ថ្នាក់ គឺ​អនុវត្តតាម​លិខិតបទដ្ឋាន​ដែល​នៅមាន​ជា​ធរមាន តាមរយៈ​គណៈកម្មការ​វាយតម្លៃ​ការងារ​បុគ្គលិក ដោយ​ផ្អែកលើ​មុខ​តំ​ណេង​តាម​ប្រភេទ​ក្របខ័ណ្ឌ និង​លក្ខណៈវិនិច្ឆ័យ ដែល​បានកំណត់​ក្នុង​ច្បាប់​។ ក្រសួង​អប់រំ បន្តថា ការផ្លាស់ប្តូរ​ក្របខ័ណ្ឌ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល អាច​ធ្វើទៅ​បានតែ​តាមរយៈ​ការប្រឡង​ជ្រើសរើស​របស់​ក្រសួង​-​ស្ថាប័ន​នីមួយៗ ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​។ 
 
​ក្រសួង​អប់រំ បន្ថែមថា ការផ្លាស់ប្តូរ​ស័ក្តិ​និង​ថ្នាក់​របស់​មន្ត្រីរាជការ​ស៊ីវិល ត្រូវធ្វើឡើង​តាម​វេន​ជ្រើសរើស​និង​អតីតភាព​។ រយៈពេល​កំណត់​អប្បបរមា សម្រាប់​ការដំឡើង​ថ្នាក់ គឺ​២​ឆ្នាំ និង​ត្រូវមាន​ការស្នើសុំ​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ឋានានុក្រម​ដែល​សាមីជន​នៅក្រោម​បង្គាប់​។ 
 
​ក្រសួង​អប់រំ បញ្ជាក់ថា​៖«​ការផ្តល់សេវា​លើ​ការងារ​ទាំ​នេះ មិនមាន​កំណត់​ការបង់ថ្លៃ​សេវា សម្រាប់​ដំណើរ​ការជូន​សាមីជន​ទេ​»៕
 

Tag:
 អប់រំ​
  លុបបំបាត់​ការរត់​ការ​
© រក្សាសិទ្ធិដោយ thmeythmey.com