កីឡាអន្តរជាតិ
អន្តរជាតិ
UK ហាម​ក្មេង​ក្រោម​១៦​ឆ្នាំ ប្រើ​ក្បាល​ពេល​ហ្វឹកហាត់ ដើម្បី​បង្ការ​ជំងឺ​ខួរក្បាល​
25, Feb 2020 , 9:19 pm        
រូបភាព
​ប្រធាន​កីឡាបាល់ទាត់​នៅ​អង់គ្លេស ស្កុ​តឡែ​ន និង​អៀរ​ឡង់​ខាងជើង នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បានប្រកាស​ហាម​ក្មេងៗ​ប្រើប្រាស់​ក្បាល​នៅពេល​ហ្វឹកហាត់​បាល់ទាត់​។ ការហាម​ប្រាម​លើ​ក្មេង​នៅ​កម្រិត​បឋមសិក្សា គឺ​ដើម្បី​ការពារ និង​កាត់បន្ថយ​អត្រា​ការស្លាប់​ដោយសារ​ជំងឺ​វង្វេង ឬ​បញ្ហា​ខួរក្បាល​នៅពេល​ពួកគេ​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​។​


 
​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំងបី​នេះ បានចេញ​សេចក្តីប្រកាស​មួយ​ដែល​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​ការណែនាំរ​បស់​ពួកគេ​ខាងលើ​ដោយ​អនុវត្តតាម​ការសិក្សា​មួយ​ដែល​បានបង្ហាញ​នៅក្នុង​ខែតុលា ឆ្នាំមុន ថា​ពី​ផលប៉ះពាល់​រវាង​កីឡាករ​ដែល​លេង​ក្នុង​កម្រិត​អាជីព គឺ​ប្រឈម​នឹង​ការស្លាប់​ដោយសារ​ជំងឺ​វង្វេង​។​
 
​ការសិក្សា​ខាងលើនេះ​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Glasgow និង​ដឹកនាំ​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អាជីព (PFA)​។ ពួកគេ​បាន​រកឃើញ​ទៀតថា អតីត​កីឡាករ​អាជីព​អាច​ស្លាប់​ដោយ​ជំងឺ​ខួរក្បាល​ច្រើនជាង​៣​ដង​កន្លះ បើ​ធៀប​នឹង​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ស្របាល​គ្នា​។​
 
​តាមរយៈ​ការសិក្សា​នេះ FA និង​ស្ថាប័ន​២​ទៀត បានសម្រេច​គ្នា​កំណត់​លើ​ការហ្វឹកហាត់​បាល់ទាត់​ដោយ​ការប្រើប្រាស់​ក្បាល​លើ​កុមារ​ដែលមាន​អាយុ​ក្រោម​១៦​ឆ្នាំ​។ «​យើង​សម្រេចចិត្ត​ធ្វើ​បច្ចុប្បន្នភាព​គោលការណ៍​ណែនាំ​នេះ​ឡើង​ដើម្បី កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតមាន​លើ​កីឡាករ​អាជីព​នាពេល​អនាគត ដែល​ស្លាប់​ដោយសារ​បញ្ហា​ខួរក្បាល​»​។​
 
​នាយក​ប្រតិបត្តិ FA លោក Mark Bullingham អះអាង​បន្ថែមថា​៖«​ការណែនាំ​ថ្មី​នេះ​ជា​ការវិវត្ត​នៃ​គោលការណ៍​ណែនាំ​បច្ចុប្បន្ន​របស់​យើង ហើយនឹង​ជួយ​សម្រួល​ដល់​គ្រូបង្វឹក​ដើម្បី​កាត់បន្ថយ​ការ​តែ​ត​ក្បាល​ច្រំ​ដែលៗ​សម្រាប់​កីឡាករ​បាល់ទាត់​យុវជន​»​។​
 
​កាលពី​ខែធ្នូ ពោលគឺ​ពីរ​ខែ​បន្ទាប់ពី​ការចេញផ្សាយ​លទ្ធផល​នៃ​ការស្រាវជ្រាវ ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​របស់ FA លោក Charlotte Cowie អះអាងថា ការស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ FA បាន​ជំរុញ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នៃ​ការផ្លាស់ប្តូរ​ដែល​អាច​កើតមាន​ចំពោះ​ការ​បង្វឹក និង​ការបណ្តុះបណ្តាល​នៅ​គ្រប់​កម្រិត​ទាំងអស់​ដើម្បី​កាត់បន្ថយ​ការប៉ះទង្គិច​ក្បាល​ដោយ​គ្មាន​បច្ចេកទេស​។​
 
​បម្រាម​ថ្មី​របស់ FA នេះ ត្រូវអនុវត្ត​តែ​នៅក្នុង​ការហ្វឹកហាត់​ប៉ុណ្ណោះ មិនមែន​នៅក្នុង​ការប្រកួត​ផ្លូវការ​ឡើយ​៕

Tag:
 FA
  ជំងឺ​វង្វេង
© រក្សាសិទ្ធិដោយ thmeythmey.com