ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ប្រាប់​ថ្នាក់ក្រោម​៖ ប្រជាជន ជា​គោលដៅ​ដែល​ត្រូវ​បម្រើ មិនមែន​បង្ក្រាប​ទេ​
25, Feb 2020 , 9:39 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០
ដោយ: ថ្មីៗ
​ថ្លែង​ចេញពី​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ជាថ្មី​ទៅ​មន្ត្រី​គ្រប់​ទីកន្លែង ឲ្យ​ប្រព្រឹត្ត​ល្អ​ចំពោះ​ប្រជាពលរដ្ឋ និង​ចៀស​ឲ្យ​ផុតពី​ទង្វើ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្អប់​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី ដាស់តឿន​មន្ត្រី​ថា​៖«...​ត្រូវ​យល់​ឲ្យ​ច្បាស់​ថា ប្រជាពលរដ្ឋ​នោះឯង គឺជា​គោលដៅ​ដែល​យើង​ត្រូវ​បម្រើ មិនមែនជា​គោលដៅ​ដែល​យើង​ត្រូវ​បង្ក្រាប ប្រមាថ ឬ​មិន​យកចិត្តទុកដាក់​នោះទេ​»​។

សម្តេច លើក​ពី​ករណី​ខ្លួនឯងផ្ទាល់​មកធ្វើជាទឡ្ហីករណ៍ថា​៖«​ការឈរជើងជាប់នៅក្នុងហ្វូងអ្នកនយោបាយ រយៈពេលជាង៤១ឆ្នាំ មិនមែនបានសេចក្តីថា ខ្ញុំ ប្រើអាវុធ ដើម្បីបង្ក្រាបនោះទេ។ អាវុធ ត្រូវប្រើហើយ នៅពេលដែលចាំបាច់ មិនដែលគេ មិនប្រើទេ កុំឆ្ងល់...។ គេ បង្កើតគុកឡើង ដើម្បីដាក់អ្នកទោស បើអ្នកទោស តដៃ អាហ្នឹងច្បាស់ជាបញ្ហាហើយ»។ 
 
​ទន្ទឹមនេះ សម្តេចនាយក​ដ្ឋ​មន្ត្រី បាន​ប្រាប់​មន្ត្រី​កុំ​ឲ្យ​ពើងទ្រូង​ដាក់​ប្រជាពលរដ្ឋ​។ សម្តេច ស​ង្កត់​ធ្ងន់​ថា​៖«​ភាព​ពើងទ្រូង តែង​នាំទៅ​រកក្តី​វិនាស​នៃ​មន្ត្រី​ទាំងនោះ​...​។ ភាព​ពើងទ្រូង ដែល​ខ្វះ​សីលធម៌ ចំពោះ​ប្រជាជន គឺ​ប្រជាជន​ស្អប់ខ្ពើម​»​។​
 
​សម្តេច ហ៊ុន សែន មើលឃើញ​ទៀតថា ជួនកាល ដោយសារតែ​ទង្វើ​របស់​អភិបាលស្រុក​ឬ​អភិបាលខេត្ត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ខឹង​ដល់​សម្តេច​ជា​នាយករដ្ឋមន្ត្រី​។ សម្តេច ព្រមាន​ម្តង​ទៀតថា ការដក​អភិបាលខេត្ត គឺ​ប្រើពេល​ត្រឹម​៣​ម៉ោង ហើយ​បើ​អភិបាលរងខេត្ត​ឬ​អភិបាលស្រុក​វិញ គឺ​ត្រូវការ​តែ​១៥​នាទី​ប៉ុណ្ណោះ​។ 
 
​សម្តេច បញ្ជាក់ថា​៖«​មិនអាច​ទុក​ឲ្យ​នៅ​បន្ត​មន្ត្រី​ដែលមាន​ការ​ឆ្មើងឆ្មៃ​ឬ​ការប្រមាថ​ចំពោះ​ប្រជាពលរដ្ឋ​ទេ ជាពិសេស​មិន​ស្មោះត្រង់​ចំពោះ​ប្រជាពលរដ្ឋ និង​ធ្វើជា​ចៅហ្វាយ​ប្រជាពលរដ្ឋ​»​។ 

ប្រមុខ​រដ្ឋា​ភ​បាល បាន​រម្លឹក​មន្ត្រី ឲ្យ​ចងចាំ​ជានិច្ច​ថា ខ្លួន ជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ មិនមែនជា​ចៅហ្វាយ​ឡើយ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏បាន​រម្លឹក​ឡើងវិញ​ដែរ​ថា កុំ​ធ្វើជា​មន្ត្រី​ជើង​ដប់​ឬ​មន្ត្រី​គ្រាប់​ល្ពៅ​។​
 
​មេដឹកនាំ​កម្ពុជា បាន​លើក​ពាក្យស្លោក​ខ្មែរ​មួយ​ឃ្លាថា «​ឱនដាក់គ្រាប់ ងើយ​ស្កក​» ដើម្បី​ឲ្យ​មន្ត្រី​យកទៅ​ពិចារណា​។ មេដឹកនាំ​នេះ ជូន​សារ​ទៅ​មន្ត្រី​ថា​៖«​ពេល​នៅ​ឲ្យ​ប្រជាជន​ស្រឡាញ់ ពេលចេញ​ឲ្យ​ប្រជាជន​នឹក​»៕ 

Tag:
 ហ៊ុន សែន​
  មន្ត្រី​
  ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com