អន្តរជាតិ
COVID-19៖ វៀតណាម​ព្យាបាល​ជាសះស្បើយ​ទាំង​១៦​ករណី​
25, Feb 2020 , 9:59 pm        
រូបភាព
ប្រភពរូប៖ Vietnam News
ប្រភពរូប៖ Vietnam News
ដោយ:
​អ្នកជំងឺ​ទាំងអស់​ចំនួន​១៦​នាក់​ក្នុងប្រទេស​វៀតណាម ដែល​បាន​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) បាន​ព្យាបាល​ជាសះស្បើយ​ហើយ​។ ក្រសួងសុខាភិបាល​វៀត​ណា​ម បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ ដោយ​បន្ថែមទៀតថា គ្មាន​ករណី​ផ្សេងទៀត ត្រូវបាន​រកឃើញ​ឡើយ គិត​ចាប់ពី​ថ្ងៃទី​១៣ ខែកុម្ភៈ​មក​។​

 
​អ្នកជំងឺ​នៅ​វៀតណាម​ទាំង​១៦​នាក់​នោះ គឺ​រួមមាន ជនជាតិ​ចិន ២ នាក់​, ជនជាតិ​វៀតណាម​មកពី​ក្រុង​វូ​ហាន ៦ នាក់​, ជនជាតិ​វៀតណាម​ដែល​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ COVID-19 ចំនួន ៦​នាក់​. ជនជាតិ​អាមេរិក​ម្នាក់​ដែល​ប្ដូរ​ជើងហោះហើរ​នៅ​វូ​ហាន មុនពេល​មកដល់​វៀត​ណា​ម និង​ទារិកា​អាយុ ៣ ខែ​ម្នាក់​ដែល​ឆ្លង​ពី​ជីដូន​។ 
 
​អ្នកជំងឺ COVID-19 ចុងក្រោយ​ក្នុងប្រទេស​វៀតណាម គឺជា​បុរស​ជនជាតិ​វៀតណាម​វ័យ​៥០​ឆ្នាំ​ម្នាក់​។ លោក​បាន​ឆ្លង​ជំងឺ​នេះ​ពី​កូនស្រី​របស់លោក ដែល​ធ្លាប់មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រុង វូ​ហាន ប្រទេស​ចិន​។  ក្រសួងសុខាភិបាល​វៀត​ណា​ម បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា រូបលោក បានជា​សះស្បើយ និង​មាន​សុខ​ភាពល្អ​ធម្មតា​វិញ​។ 
 
​ទោះបីជា​អះអាងថា​ជាសះស្បើយ ក្រសួងសុខាភិបាល​វៀត​ណា​ម បញ្ជាក់ថា បុរស​ជា​អ្នកជំងឺ​ចុងក្រោយ​នេះ នឹង​បន្ត​សម្រាក​នៅ​មន្ទីរពេទ្យ​សិន​។ យ៉ាងណាមិញ ក្រសួង​សង្កត់ធ្ងន់ថា អ្នកជំងឺ​១៥​នាក់​ផ្សេងទៀត រួមមាន ទារិកា ៣​ខែ​ផង​នោះ មាន​សុខភាព​ល្អប្រសើរ ហើយ​បានអនុញ្ញាត​ចាក​ចេញពី​មន្ទីរពេទ្យ​។​
 
​សូមបញ្ជាក់ថា វៀតណាម បាន​រកឃើញ​ករណី​ឆ្លង COVID-19 ជា​លើកដំបូង​កាលពី​ថ្ងៃ​២៣ ខែមករា ដោយ​លើ​ជនជាតិ​ចិន ២​នាក់​។ ហើយ​ក្នុង​រយៈពេល​ជាង​១០​ថ្ងៃ​ចុង​ក្រោយនេះ វៀតណាម ពុំបាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ផ្សេង​ទៀតឡើយ​។ វៀតណាម ប្រកាស​ពី​ការផ្ទុះ​រីក​រាលដាល​នៃ​កូ​រ៉ូ​ណាវី​រុស​ជា​ជំងឺឆ្លង តាំងពី​ថ្ងៃ​១ មករា​មកម្ល៉េះ​៕

Tag:
 វៀតណាម​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com