ជាតិ
ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​២​រូប​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំឆ្នាំ ១,២០០​ដុល្លារ​ពី​នាយករដ្ឋមន្ត្រី​
25, Feb 2020 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង កោសល្យ​វោហា គង់ ណៃ និង​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ណេ​ត ប៉េ បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន ព្រមទាំង​សម្ដេច ប៊ុន រ៉ានី ហ៊ុនសែន ១,២០០​ដុល្លារ​អាមេរិក ជាប្រចាំ​ឆ្នាំ​។ ប្រាក់ឧបត្ថម្ភ​នេះ​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​បច្ចុប្បន្ន​។​


 
​ដោយសារតែ​សុខភាព​កាន់តែ​ធ្លាក់ចុះ​ទ្រុឌទ្រោម បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ កោសល្យ​វោហា គង់ ណៃ ដែលមាន​ជន្មាយុ​៧៤​ឆ្នាំ មិនអាច​ទៅ​សម្ដែង​ចាប៉ី ដើម្បី​រកប្រាក់​មក​ទ្រទ្រង់​ជីវភាព​បានឡើយ​។ នាពេល​ថ្មីៗ​នេះ ក្រុមការងារ​មនុស្សធម៌ បាន​នាំយក​អំណោយ​រួមមាន​គ្រឿងឧបភោគ​-​បរិភោគ និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​បាយ​មួយឈុត​ធំ និង​ថវិកា ១,២០០​ដុល្លារ​អាមេរិក​ជូន​ដល់ព្រឹទ្ធាចារ្យ​។ បច្ចុប្បន្ន​ព្រឹទ្ធាចារ្យ គង់ ណៃ រស់នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។


ព្រឹទ្ធាចារ្យ​ គង់ ណៃ ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុម​ការងារ​មនុស្ស​ធម៌របស់​សម្ដេច​ ហ៊ុន សែន(រូប​ពី Mana Hun)
 
​ដូចគ្នា​ដែរ ព្រឹទ្ធាចារ្យ ណេ​ត ប៉េ ដែល​សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​ក្រាំ​ស្វាយ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង  ក៏​មិនអាច​ចេញទៅ​សម្ដែង​ចាប៉ី​ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​បានដែរ ព្រោះតែ​កត្តា​សុខភាព​។ ព្រឹទ្ធាចារ្យ​ទទួលបាន​អំណោយ​គ្រឿងឧបភោគ​-​បរិភោគ និង​ថវិកា​ចំនួន​១,២០០​ដុល្លារ​អាមេរិក​។


ព្រឹទ្ធាចារ្យ ណេត ប៉េ ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុម​ការងារ​មនុស្ស​ធម៌របស់​សម្ដេច​ ហ៊ុន សែន( រូប​ពី Mana Hun)
 
​សូមបញ្ជាក់ថា ថវិកា​ចំនួន​១,២០០​ដុល្លារ​អាមេរិក​នេះ ត្រូវបាន​ផ្ដល់ឱ្យ​ព្រឹទ្ធាចារ្យ​ទាំងពី​ខាងលើ តាំងពី​ឆ្នាំ ២០០៧ រហូតមកដល់​ពេលបច្ចុប្បន្ន ដែល​នេះ​ជា​ប្រាក់ឧបត្ថម្ភ​ប្រចាំឆ្នាំ​៕
 

Tag:
 សម្ដេច​
  អំណោយ​
  ប្រាក់​
 ​ឧបត្ថម្ភ​
 ​នាយករដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com