ជាតិ
ឯកអគ្គរដ្ឋទូត​រុស្សី ត្រូវបានតែងតាំង​ជា​«​សមាជិក​កិត្តិយស​នៃ​រាជបណ្ឌិត្យសភា​»​ដំបូង​
26, Feb 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក Dmitry TSVETKOV ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី ជា​ឥស្សរ​ជនបរទេស​ទីមួយ ដែល​រដ្ឋាភិបាល បានតែងតាំង​ជា សមាជិក​កិត្តិយស​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។ នេះ​បើតាម​វេ​ប​សាយ​រាជបណ្ឌិត្យសភា នា​ថ្ងៃទី​២៤ ខែកុម្ភៈ​។


 
​នា​ពិធី​ប្រកាស​គោរមងារ​កិត្តិយស​ជូន​លោក Dmitry TSVETKOV  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សង្ឃឹមថា សមាជិក​កិត្តិយស​ទីមួយ​រូបនេះ នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​វិស័យ​ស្រាវជ្រាវ​នៅក្នុង​រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជា​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម និង​វិទ្យាសាស្ត្រ​ពិត រវាង​ប្រទេស​ទាំងពីរ​។ សម្រាប់​លោក អូន ព័ន្ធមុនីរ័ត្ន ឯកអគ្គរដ្ឋទូត​រុស្សី​រូបនេះ គឺជា​ធនធាន​បញ្ញាជន និង​សាក​សមជា​ឥស្សរជន​ជាន់ខ្ពស់​នៃ​សហព័ន្ធរុស្ស៊ី​។ 
 
​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់ថា  លោក​ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី Dmitry TSVETKOV មាន​ស្នាដៃ​ដឹកនាំ សម្របសម្រួល​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​លើ​កិច្ចការងារ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​ស្ថាប័ន​ស្រាវជ្រាវ​រុស្ស៊ី​។​
 
​លោក Dmitry TSVETKOV ក៏​ធ្លាប់​ទទួលបាន​គ្រឿង​ឥស្សរិយយស​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល​កម្ពុ​ជារួម​មាន​៖ គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​អស្សឫទ្ធិ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦,​គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​ធិបឌិន្ន នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨, គ្រឿង​ឥស្សរិយយស សហ​មេត្រី ថ្នាក់​មហា​សិរី​វឌ្ឍន៍ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ផង​។​
 
​ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី លោក Dmitry TSVETKOV បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ពី​សាកលវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​ក្រុង​មូ​ស្គូ (Moscow State University of International Relations)​។ ក្រៅពី​ភាសា​កំណើត ឯកអគ្គរដ្ឋទូត​រុស្សី លោក Dmitry TSVETKOV  អាច​និយាយ​និង​ប្រើប្រាស់​បាន​បី​ភាសា គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​បារាំង​។ មិនតែប៉ុណ្ណោះ​លោក ក៏​ទទួលបាន​ការកោតសរសើ​រ​និង​ទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស​ជាច្រើន ពី​រដ្ឋាភិបាល​នៃ​សហព័ន្ធរុស្ស៊ី ដូចជា មេដាយ​ឥស្សរិយយស “For Merits to the Fatherland” នៅ​ឆ្នាំ​២០១៣ ,​មេដាយ​ឥស្សរិយយស “The Commemorative Medal” របស់​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី នៅ​ឆ្នាំ​២០១៨ និង​សញ្ញាបត្រ​កិត្តិយស​នៃ​ក្រុមប្រឹក្សា​សហព័ន្ធ​នៃ​សហព័ន្ធ​សភា​របស់​សហព័ន្ធរុស្ស៊ី នា​ឆ្នាំ​២០១៦​។ នេះ​បើតាម​រាជបណ្ឌិត្យសភា​៕

Tag:
 ឯកអគ្គរដ្ឋទូត​រុស្សី​
 ​រាជបណ្ឌិត្យសភា​
© រក្សាសិទ្ធិដោយ thmeythmey.com