ONE Championship
កីឡាជាតិ
ជាតិ
Janet Todd ដាក់​គោលដៅ​ដណ្ដើម​ខ្សែក្រវាត់​ពី Stamp Fairtex ក្នុងជំនួប​សងសឹក​
26, Feb 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាការិនី Janet Todd ឬ «JT» បាន​ប្រកួត​ចាញ់​ពិន្ទុ​ម្ចាស់​ខ្សែក្រវាត់​ពីរ​របស់ ONE Championship កីឡាការិនី  Stamp Fairtex កាល​ឆ្នាំមុន ប៉ុន្តែ​លទ្ធផល​អាច​នឹង​ខុសគ្នា​ក្នុងជំនួប​សងសឹក​នាពេល​ខាងមុខ​។ នៅ​ថ្ងៃ​សុក្រ​ទី​២៨ កុម្ភៈ កីឡាការិនី​អាមេរិក​នឹង​ត្រឡប់​ទៅ​សិង្ហ​បុរី​ដើម្បី​ឡើង​សង្វៀន Indoor Stadium ដោយ​ត្រូវ​សងសឹក​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title នៅក្នុង​កម្មវិធី ONE: KING OF THE JUNGLE​។​


 
 កីឡាការិនី​វ័យ ៣៤ ឆ្នាំ​មកពី​កាលីហ្វ័រ​ញ៉ា ទទួលស្គាល់ថា​រូបគេ​លំបាក​បន្តិច​ដើម្បី​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់ atomweight ក្នុងការ​ប្រកួត​គូ​ឯក ប៉ុន្តែ​ពេលនេះ JT រៀបចំខ្លួន​ឲ្យ​ល្អ​ដើម្បី​ទទួល​ជ័យជម្នះ​។ 
 
 
​កាល​ខែកុម្ភៈ ឆ្នាំ ២០១៩ Todd បានបង្ហាញ​ខ្លួន​លើកដំបូង​នៅ ONE Championship ដែលជា​សង្វៀន​កម្រិត​អន្តរជាតិ​។ រូបគេ​បានធ្វើ​ដំណើរ​ពី​អាមេរិក​ទៅ​សិង្ហ​បុរី​ដើម្បី​តតាំង​នឹង Stamp ដែល​គ្រានោះ​កីឡាការិនី​ថៃ​មានតែ​ខ្សែក្រវាត់ kickboxing តែមួយគត់ មុនពេល​គ្រង​ខ្សែក្រវាត់​ទី​២ ONE Atomweight Muay Thai World Title ដែល​គេ​សម្ពោធ​ដាក់​ឲ្យ​ប្រកួត​លើកដំបូង​នៅក្នុង​កម្មវិធី  ONE: CALL TO GREATNESS​។ កាលនោះ Fairtex ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាការិនី​អាមេរិក និង ឈ្នះ​ខ្សែក្រវាត់​ទី​២​របស់ខ្លួន​។ 
 
​បែបណា​ក្ដី Todd បង្ហាញ​ភាព​វិជ្ជមាន​ក្រោយ​ជួបគ្នា​លើកដំបូង​ទោះ​រង​បរាជ័យ​ក៏ដោយ​។ «​ខ្ញុំ​ទទួលស្គាល់ថា​គ្រានោះ​ក្នុង​ពីរ​បី​ទឹក​ដំបូង​។ ខ្ញុំ​មិនមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​សោះ​ហើយ​មាន​អារម្មណ៍​ថា​ស្ទាក់​ស្ទើរនឹង​ការចេញ​កណ្ដាប់ដៃ​។ នៅ​ទឹក​ទី​៥ ខ្ញុំ​គិតថា​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​។ ហើយ​ខ្ញុំ​ចង់​ប្រើ​វិធី​នេះ​ទៀត តែ​ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ​តាំងពី​ទឹក​ដំបូង​»​។ 

 
 
​ក្រោយ​បរាជ័យ Todd កាន់​តែមាន​ទំនុកចិត្ត និង ឈ្នះ​៣​លើក​ជាប់​គ្នា​មុន​ឡើង​ដណ្ដើម​ខ្សែក្រវាត់​ទល់នឹង Stamp ជាថ្មី​។ JT បាន​ផ្ដួល​កីឡាការិនី​ចិន Wang Chin Long កាល​ខែឧសភា ឆ្នាំ ២០១៩ ឲ្យ​សន្លប់​នៅ​ទឹក​ទី​២​ក្នុងការ​ប្រកួត kickboxing រយៈពេល​៣​ទឹក​។  
 
​បន្ទាប់មក​នា​ខែ កក្កដា Todd បាន​យកឈ្នះ​អតីត​ម្ចាស់​ខ្សែ ក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនី “Killer Bee” Chuang Kai Ting ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ហើយ​ខែតុលា​គេ​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់ Belarusian Muay Thai កីឡាការិនី Ekaterina “Barbie” Vandaryeva ដោយសារ​ប្រើ​ជើង​ទាត់​ក្បាល​។ 
 
“JT” រស់នៅក្នុង​ផ្នត់គំនិត​រៀនសូត្រ​អំពី​ជ័យជម្នះ ឬ​បរាជ័យ​ពី​ការប្រកួត​នីមួយៗ ហើយ​បន្ត​ពង្រឹងគុណភាព​របស់ខ្លួន​បន្តទៀត​។ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ទទួលបាន​ការប្រកួត​ច្រើន​។ ខ្ញុំ​កំពុងតែ​សកម្ម​បំផុត​ក្នុងការ​ហ្វឹកហាត់​។ ពេលណា​ខ្ញុំ​ទទួល​ទំនុកចិត្ត​កាន់តែខ្លាំង គឺ មាន​ជំនាញ​កាន់តែ​ល្អ​។ ខ្ញុំ​បាន​ទាញ​ផលប្រយោជន៍​ច្រើន​ពី​ការប្រកួត​កន្លងមក​។ ពីរ​បី​ប្រកួត​ចុងក្រោយ រឹតតែ​រឹងមាំ​សម្រាប់​ខ្ញុំ​»​។ JT បាន​រៀបរាប់​បែបនេះ​។ 


 
​ជ័យជម្នះ​៣​លើកចុងក្រោយ​ធ្វើ​ឲ្យ Todd ត្រលប់មក​ដណ្ដើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក​វិញ​ដែល​ត្រូវ​ប៉ះ Stamp ហើយ​នេះ​គឺ​ការប្រកួត kickboxing មិនមែន​មួយ​ថៃ​នោះទេ​។  “JT” ជា​កីឡាការិនី​មាន​ប្រវត្តិ​ប្រកួត​មួយ​ថៃ ប៉ុន្តែ​កីឡាការិនី​ជើងចាស់​រូបនេះ​នៅតែ​រំភើប​ចំពោះ​ការប្រកួត kickboxing​។ 
 
​ការប្រកួត​យ៉ាង​ល្អ​នាពេល​ថ្មីៗ​ចុងក្រោយ​ជាពិសេស​ពេល​ប៉ះ Wang and Chuang កាន់តែ​ធ្វើ​ឲ្យ Kickboxing មាន​ជំនាញ​ល្អ ទាំង​ការ​បម្លាស់​ទី និង ស្វែងរក​ចន្លោះប្រហោង​ម៉ាត់ និង វ៉ៃ​ជាដើម​។ 
 
«​ការប្រើ​ក្បាច់​ម៉ា​ត់ដៃ និង មិន​ចូលចាប់ គឺ ខុសប្លែក​ពី​ការប្រកួត​មួយ​ថៃ​ដែល​សុំា​នាពេល​កន្លងទៅ​។ វា​ជាការ​ផ្លាស់ប្ដូរ​មួយ​ព្រោះ​មិនអាច​ចាប់​អុក​ជង្គង់​នោះទេ​។ យើង​ត្រូវបង្កើត​ចន្លោះ ចលនា និង ប្រើការ​ម៉ាត់​ដៃ​-​ទាត់​ជើង​»​។ Todd ពន្យល់​បែបនេះ​
 
JT គូសបញ្ជាក់ថា​៖«​ខ្ញុំ​ធ្វើ​ការងារ​ខ្លាំង​ទៅលើ​ក្បាច់​ទាត់ ។ Stamp ក៏​ជំនាញ​ខាង​ទាត់​ដែរ​ប៉ុន្តែ​ខ្ញុំ​បានរៀបចំ​ហើយ​ថា​អាច​ទាត់​ជើង​ទាំង​ពីរបាន​។ ខ្ញុំ​គិត​វា​ជា​គន្លឹះ​ឆ្ពោះទៅរក​ជោគជ័យ​ក្នុងការ​ប្រកួត​នេះ​។ 
 
​ខ្ញុំ​មាន​ភាព​រីកចម្រើន​ជាង​កាល​មួយឆ្នាំ​មុន និង ការប្រកួត​កាន់តែ​ល្អ​ឡើង​។ ខ្ញុំ​សង្ឃឹមថា អ្នកគាំទ្រ​នឹង​ឃើញថា​ខ្ញុំ​មាន​ជំនាញ​ហើយ​ឆ្លាត​ក្នុងការ​ប្រកួត​ច្រើនជាង​មុន​»​។ 
​កីឡាការិនី​ឡើង​ដណ្ដើម​ខ្សែក្រវាត់​សង្កត់ធ្ងន់​៖«​ខ្ញុំ​ចង់​ប្រើ​ជើង​ឲ្យ​ល្អ និង​ប្រើ​ភាព​វៃឆ្លាត​របស់ខ្ញុំ​ហើយ​អាច​ពិន្ទុ​ច្រើន​ពី​ចៅក្រម​។ ខ្ញុំ​រំពឹងថា​អ្នក​ទាំងអស់​នឹង​ឃើញ​ការ​វ៉ៃ​ដ៏​ឆ្លាត​វៃ​ម្នាក់​របស់ខ្ញុំ​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com