ជាតិ
ក្រសួងកិច្ចការនារី៖ លក់អនឡាញដោយប្រើប្រាស់រូបភាពអាសអាភាស គឺផ្ទុយនឹងច្បាប់
× ភ្នំពេញ៖ អ្នកលក់ផលិតផលតាមអនឡាញ ដែលប្រកួតប្រជែងផលិតផលរបស់ខ្លួនដោយផ្សព្វផ្សាយរូបភាពអាក្រាត និងរូបភាពអាសអាភាស ជាសកម្មភាពធ្វើឲ្យបាត់បង់សេចក្ដីថ្លៃថ្នូររបស់មនុស្ស ពិសេសស្ត្រី។ នេះជាការបកស្រាយរបស់ក្រសួងកិច្ចការនារី ទៅកាន់អង្គការសង្គមស៊ីវិល ដែលបានបញ្ចេញមតិយោបល់ ពាក់ព័ន្ធនឹងការគោរពសិទ្ធិស្ត្រី និងការចាត់វិធានការរបស់អាជ្ញាធរលើករណីនេះផងដែរ។
តាមសេចក្ដីថ្លែងការណ៍ ដែលចេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងកិច្ចការនារីថា ការចែកចាយរូបភាពអាសអាភាសតាមបណ្ដាញសង្គម ក្នុងពេលបច្ចុប្បន្ន នឹងត្រូវអាជ្ញាធរ នាំទៅអប់រំ ឬក៏អាចព្រមាន មុនឈានដល់ការចាត់វិធានការជាក់លាក់ណាមួយ ដល់អ្នកលក់ផលិតផលអនឡាញ។
ក្រសួងកិច្ចការនារី បន្តថាការទប់ស្កាត់សកម្មភាពផ្សព្វផ្សាយរូបភាពអាសអាភាសទាំងអស់នោះ ក៏ជាការបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជារក្សាការពារ និងលើកកម្ពស់ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជាតិ។ បើតាមក្រសួងកិច្ចការនារី សកម្មភាពផ្សព្វផ្សាយផលិតផលតាមអនឡាញ ដែលប្រើប្រាស់រូបភាពអាសអាភាស មានតែមួយចំនួនតូចប៉ុណ្ណោះ ហើយការទប់ស្កាត់នេះ មិនបានសំដៅរឹតបន្តឹងសិទ្ធិសេរីរបស់ស្ត្រីខ្មែរនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com