ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ផ្តល់យោបល់ឲ្យប្រើយន្តហោះនិងកប៉ាល់ដឹកសាច់កំណាត់ពីចិនមកខ្មែរជាប្រញាប់
26, Feb 2020 , 9:47 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើទៅលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឲ្យជួយជំរុញភាគីចិន ដើម្បីប្រើយន្តហោះនិងកប៉ាល់ ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ មកកម្ពុជាជាប្រញាប់ ដើម្បីចៀសវាងកុំឲ្យមានការបិទរោងចក្រ។



ធ្វើជាអធិបតីជាមួយលោកឯកអគ្គរដ្ឋទូតចិន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលរៀបចំឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយជ័យ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងថា ទន្ទឹមនឹងនេះ កម្ពុជា ក៏នឹងបញ្ជូនយន្តហោះ ទៅដឹកសាច់កំណាត់ពីចិនដែរ។ សម្តេច អះអាងថា កម្ពុជា នាំចូលសាច់កំណាត់ប្រមាណ៦០ភាគរយ ពីចិន ដើម្បីផ្គត់ផ្គង់វិស័យកាត់ដេរ។

ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ៖«ខ្ញុំ យល់ថា ការផ្តល់មតិនេះ គឺម្ខាង អាចដឹកជញ្ជូនតាមផ្លូវទឹក ម្ខាងទៀតអាចដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីផ្គត់ផ្គង់វត្ថុធាតុដើមនៅកម្ពុជា សម្រាប់រោងចក្រមួយចំនួន ចៀសវាងការបិទរោងចក្រ ដែលកម្មករ-កម្មការិនីកម្ពុជា នឹងបាត់បង់ការធ្វើ ផ្អាកការធ្វើ។ ...ប្រញាប់ប្រញាល់ដោះស្រាយវត្ថុធាតុដើម។...ខ្ញុំ ជឿថា មិត្តចិន នឹងអាចធ្វើទៅបាន ហើយកម្ពុជា ក៏នឹងខិតខំធ្វើទៅបាន»។ 

យ៉ាងណា ប្រមុខរដ្ឋាភិបាល ប្រកាសនាពេលថ្មីៗនេះថា កម្មករ-កម្មការិនី នឹងទទួលបានប្រាក់៦០ភាគរយ ស្មើនឹងប្រមាណ១២០ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ បើពួកគេ ត្រូវផ្អាកការងារ។ 

គេ សន្និដ្ឋានថា​ អាចនឹងមានរោងចក្រមួយចំនួន ត្រូវបិទទ្វារមួយរយៈ ដោយសារតែអស់វត្ថុធាតុដើម ហើយកម្មករ-កម្មការិនីចូលខ្ទង់ម៉ឺននាក់ នឹងត្រូវព្យួរការងារ។ ដើមហេតុ គឺដោយសារតែវីរុស COVID-19 រាលដាលខ្លាំង ធ្វើឲ្យរោងចក្រនិងក្រុមហ៊ុនជាច្រើននៅចិន ត្រូវផ្អាកផ្គត់ផ្គត់ការនាំចូលវត្ថុធាតុដើម ទៅកាន់បណ្តាប្រទេសនានា រួមទាំងកម្ពុជាផងដែរ៕ 

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com