ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ផ្ទៃពោះ​ហួស​ថ្ងៃខែ​ត្រូវ​កើត​ហើយ គេ​ឲ្យ​ញ៉ាំ​ម្នាស់​ដើម្បី​ឆាប់​ឈឺពោះ​កើត ត្រូវ​អត់​?
26, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​រួចមកហើយ​ថា មានការ​ណែនាំ​ទាក់ទង​នឹង​ការ​ទទួលទាន​ផ្លែ​ម្នាស់​ក្នុងពេល​មាន​ផ្ទៃពោះ​ដោយសារតែ​សារធាតុ​ក្នុង​ផ្លែ​ម្នាស់​នឹងធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ និង​បើក​មាត់ស្បូន ដែលជា​ហេតុ​នាំ​ឲ្យ​ប្រឈម​នឹង​ការ​ឆាប់​សម្រាលកូន ជាពិសេស​នៅពេលដែល​ពរ​ពោះ​ចាស់ខែ​ពេក ឬ​ហួស​ថ្ងៃ​កើត​ហើយ​នៅតែ​មិន​ព្រម​ឈឺពោះ​សម្រាល​ទៀត​។


 
​តើ​វា​ពិត​ដែរ​ទេ​?
 
​ផ្លែ​ម្នាក់​ត្រូវបាន​គេ​ដឹងថា មាន​ពណ៌​ដ៏​ស្រស់ស្អាត រសជាតិ​ឆ្ងាញ់ និង​អាច​ធ្វើជា​ទឹក​ញ៉ាំ​បាន​ថែម​ទៀតផង​។ វា​ផ្ទុក​ទៅដោយ​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ​ឈ្មោះថា Bromelain ដែល​ស្ត្រី​មួយចំនួន​ជឿថា អាចធ្វើ​ឲ្យ​មាត់ស្បូន​ទុំ និង​កន្ត្រាក់​បាន​។ បើសិនជា​អ្នក​ញ៉ាំ​ផ្លែ​ម្នាស់​ច្រើន​ក្នុងពេល​តែមួយ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​ក្រហាយ ឈឺ​ឈៀបៗ ឬ​អាច​ឈឺ​ក្នុង​មាត់​ផង​។ នេះ​ដោយសារតែ Bromelain នេះឯង​។ 
 
​នៅតាម​បណ្តាញ​សង្គម​មួយចំនួន​តែងតែ​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​ពរ​ពោះ​ចាស់ខែ​ព្យាយាម​ញ៉ាំ​ផ្លែ​ម្នាស់​ស្រស់​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ឆាប់​ឈឺពោះ​សម្រាល​។ ខ្លះទៀត​បាន​ព្យាយាម​ញ៉ាំ​ម្នាស់​ច្រើនៗ​ក្នុងពេល​តែម្តង រហូតដល់​មាន​ផល​រំខាន​របស់ Bromelain ទៅវិញ​ដូចជា ចង្អោ ឈឺក្រពះ និង​រាករូស​។ 
 
​ជំនឿ​មិន​ត្រឹមត្រូវ​តែង​លើកទឹកចិត្ត​ឲ្យ​ញ៉ាំ​ផ្លែ​ម្នាស់​ច្រើនៗ​ដើម្បី​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន ប៉ុន្តែ​វា​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​ដែន​កំណត់​មួយចំនួន​ទាក់ទង​នឹង​ការស្រាវជ្រាវ​ទៅលើ​រឿងនេះ ប៉ុន្តែ​នៅតែ​មិនទាន់​ចេញ​ជា​សេចក្តីសន្និដ្ឋាន​នៅឡើយ​ទេ​។ តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា សារធាតុ​ចម្រាញ់​ចេញពី​ផ្លែ​ម្នាស់​នឹងធ្វើ​ឲ្យ​ជាលិកា​ស្បូន​កន្ត្រាក់​នោះ បានកើត​ឡើងលើ​កណ្តុរ​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី​មាន​ផ្ទៃពោះ​។ ចូរ​ចាំ​ថា សារធាតុ​ដែល​ចម្រាញ់​ចេញ​នេះ​អាច​ប្រើ​ដោយផ្ទាល់​លើ​ស្បូន​ជាង​ការ​ញ៉ាំ​តាម​មាត់​ទើប​មាន​ប្រសិទ្ធភាព​បែបនេះ​។ ប៉ុន្តែ​ការសិក្សា​ដែល​និយាយ​អំពី​ការ​ញ៉ាំ​ម្នាស់​តាម​មាត់​ហើយ​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់​នោះ​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​។ 
 
​ការ​សម្រាលកូន​គឺជា​ដំណើរ​ការណ៍​មួយ​ដែល​អាស្រ័យ​ទៅតាម​កត្តា​ជាច្រើន​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​តែមួយ​មុខ​មិន​អាចធ្វើ​ឲ្យ​រឿងនេះ​កើតឡើង​បានទេ​។ ការសិក្សា​ដែល​បញ្ជាក់​ពី​ខាងលើ ការស្រាវជ្រាវ​គ្រាន់តែ​ណែនាំ​ថា មានការ​កន្ត្រាក់​ស្បូន តែ​មិន​អាចធ្វើ​ឲ្យ​មាត់ស្បូន​បើក​ឡើយ​។ ឥឡូវនេះ ការ​រងចាំ​ដើម្បី​សម្រាល​បែប​ធម្មជាតិ​នៅតែ​ជា​រឿង​ដ៏​សំខាន់ ឬ​អ្នក​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​បើសិនជា​អ្នក​ជឿថា មាន​ហេតុផល​ណា​ផ្សេង​ដែល​ត្រូវ​ជំរុញ​ឲ្យ​ស្បូន​កន្ត្រាក់​ជាង​ការ​ញ៉ាំ​ផ្លែ​ម្នាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com