កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ក្រោយ​ចាញ់ Bayern ធ្ងន់ធ្ងរ គ្រូ Chelsea ប្រាប់​កូនក្រុម​ឲ្យ​រៀន​មើល​គេ​លេង​
26, Feb 2020 , 10:56 am        
រូបភាព
​លោក Frank Lampard ប្រាប់​ឲ្យ​កូនក្រុម​ស្វែងយល់ និង​មើល​ពី​កម្រិត​លេង​របស់​ក្រុម Bayern Munich បន្ទាប់ពី Chelsea បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អាល្លឺម៉ង់​នេះ​ដោយ​លទ្ធផល ៣-០ នា​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម ពានរង្វាន់ UEFA Champions League​។​


 
​នេះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​របស់​ក្រុម​តោ​ខៀវ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នៅ​ទឹកដី​ខ្លួនឯង ដោយ​របូត​ដល់​ទៅ​៣​គ្រាប់​ក្នុងជំនួប​ជើង​ទី​១​។ ខ្សែប្រយុទ្ធ Serge Gnabry ស៊ុត​បញ្ចូល​ទី​២​គ្រាប់​នាំមុខ​ដំបូង​ម្នាក់ឯង ខណៈ​តារា​ឆ្នើម Robert Lewandowski រកបាន​១​គ្រាប់​ឲ្យ Bayern Munich នៅឯ​កីឡដ្ឋាន Stamford Bridge​។​
 

 
​បរាជ័យ​នេះ​ផងដែរ​ត្រូវបាន​លោក Lampard អ្នកចាត់ការ​ទូទៅ Chelsea ទទួលស្គាល់ថា​ជា​មេរៀន​ដ៏​អាម៉ាស់ ប៉ុន្តែ​លោក​បាន​រៀនសូត្រ​ច្រើន​ពី​ក្រុម​របស់ខ្លួន​ក្នុងការ​ប្រកួត​នេះ​ដើម្បី​យកទៅ​បង្ហាញ​កូនក្រុម​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ថា​៖«​នេះ​ជាការ​លេង​បាល់ទាត់​នៅ​កម្រិត​ខ្ពស់​មួយ​។ កម្រិត​លេង​របស់​ក្រុម Bayern Munich គឺ​អស្ចារ្យ​ណាស់ ពួកគេ​ពិតជា​ក្រុម​ខ្លាំង ខ្ញុំ​បានឃើញ​ច្បាស់​ហើយ​។ ប្រសិនបើ​យើង​មិនមាន​អ្វី​គ្រប់គ្រាន់​ត្រឹមត្រូវ​ទេនោះ យើង​នឹង​ពិបាក​ជាង​នេះ​។ យើង​មិនមាន​បញ្ហា​អ្វី​ទាំងអស់ យើង​មិនមាន​ទំនុកចិត្ត​លើ​ការគ្រប់គ្រង​បាល់ តែ​យើង​ខក​ឱកាស​ធំ​មួយចំនួន​»​។​
 
​យ៉ាងណាក៏ដោយ Lampard បា​នស​ង្ត​ក់​ធ្ងន់​ថា មេរៀន​ដ៏​អាក្រក់​មួយ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ក្រុម​លេង​ក្នុង​កម្រិត​ដែល​លោក​ចង់បាន គឺ​ឈានទៅរក​របៀប​លេង​បាល់ទាត់​ក្នុង​ក្របខណ្ឌ Champions League​។ ត្រង់ចំនុច​នេះ អតីត​គ្រូ Derby County វ័យ​៤១​ឆ្នាំ ចង់​បញ្ជាក់ថា Chelsea ធ្វើបាន​ល្អ​ហើយ ប៉ុន្តែ​មិនទាន់មាន​ភាពចាស់ទុំ​ដូច Bayern Munich ហើយ​ក្រុម​ត្រូវ​រៀនសូត្រ​តាម​ពួកគេ​។​
 
​ជំនួប​ជើង​ទី​២ នឹងត្រូវ​ធ្វើឡើង​នៅ​ទឹកដី Allianz Arena ក្នុង​ក្រុង Munich ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃទី​១៩ ខែមីនា​។ ដោយសារ​របូត​៣​គ្រាប់​ក្នុង​ដី​ខ្លួនឯង នឹងធ្វើ​ឲ្យ Chelsea សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ឆ្លង​ផុត​ទៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​
 
​ដោយឡែក​ជំនួប​មួយគូ​ទៀត ម្ចាស់ផ្ទះ Napoli ទទួលបាន​លទ្ធផល​ស្មើគ្នា​ជាមួយ​ក្រុម​ភ្ញៀវ Barcelona ១-១ សម្រាប់​ការប្រកួត​ជើង​ទី​១​នេះ​៕

Tag:
 Frank Lampard
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com