កីឡាជាតិ
ជាតិ
​គ្រូ​ស្វាយរៀង​៖ ក្រោយ​នាំមុខ យើង​មិន​លេង​ទប់​ឡើយ តែ Bali ធ្វើ​ឲ្យ​យើង​មិនសូវមាន​បាល់​លេង​
26, Feb 2020 , 11:24 am        
រូបភាព
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ក្រុម Bali United ក្នុង​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល G នៃ​ពានរង្វាន់ AFC Cup 2020 កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ លោក Conor Nestor គ្រូបង្វឹក​ម្ចាស់​ជើងឯក​កំពូល​កម្ពុជា បាន​អះអាងថា ក្រោយ​ការនាំ​មុខ ក្រុម​របស់លោក​មិនបាន​ប្រើ​យុទ្ធសាស្ត្រ​ទប់​ឡើយ ប៉ុន្តែ​ក្រុម​ភ្ញៀវ​ពី​ឥណ្ឌូណេស៊ី ព្យាយាម​រារាំង​ការគ្រប់គ្រង​បាល់​របស់​កីឡាករ​ស្វាយរៀង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងជំនួប​ដ៏​ជក់ចិត្ត​នេះ អាជ្ញាកណ្តាល​បាន​ចាយ​កាត​លឿង​អស់​៦ បន្ទាប់ពី​ក្រុម​ទាំងពីរ​បាន​បង្កកំហុស​ដាក់គ្នា​ទៅវិញទៅមក​។

 
«​មិនមែនជា​ការរៀបចំ​យុទ្ធសាស្ត្រ​ទប់​នោះឡើយ ក្រោយ​ការនាំ​មុខ យើង​ព្យាយាម​វាយលុក និង​គ្រប់គ្រង​បាល់ ប៉ុន្តែ​ក្រុម Bali United រៀបចំ​បាន​យ៉ាង​ល្អ ដោយ​ពួកគេ​ធ្វើ​ឲ្យ​យើង​មិនសូវមាន​បាល់​លេង​នៅ​តង់​ទី​ពីរ​»​។ នេះ​ជាការ​អះអាង​របស់​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់ នា​សន្និសីទ​សារព័ត៌មាន ក្រោយ​ជ័យជម្នះ ២-១ លើ Bali United​។​
 
 
​ការប្រកួត​តង់​ទី​១​ដំណើរការបាន​១២​នាទី​កីឡាករ ហួយ ផល្លី​ន បានសម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង ក្រោយ​ការបញ្ជូន​យ៉ាង​ល្អ​របស់​ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean Befolo Mbarga​។ ការប្រកួត​ដំណើរ​បាន​៧​នាទី​ខ្សែប្រយុទ្ធ Jean Befolo Mbarga សម្រេចបាន​មួយ​គ្រាប់​បន្ថែម ដើម្បី​បង្កើន​ការនាំ​មុខ ២-០ លើ​ក្រុម Bali United​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​តង់​ទី​១ ទោះ​មានការ​បក​ដាក់គ្នា​ទៅវិញទៅមក​ក៏ដោយ​។ 
 
​ឈានដល់​តង់​ទី​ពីរ ខ្សែប្រយុទ្ធ Ilija Spasojevic បានសម្រេច​គ្រាប់​បាល់​តាម​ពីក្រោយ ១-២ ឲ្យ Bali United នៅ​នាទី​ទី​៥៩ ក្រោយ​បាល់​ផ្លាត​ចេញពី​ដៃ​របស់​អ្នកចាំទី អោម ឧ​ត្ត​ម ក្រោយ​ការ​តែ​តរបស់​កីឡាករ​ឥណ្ឌូណេស៊ី​រូបនេះ​។ ក្រុម Bali United បានដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បាន​ប្តូរ​ប្រព័ន្ធ​លេង​មក​របៀប​ការពារ​វាយបក​។ តែ​យ៉ាងណា ក្រុម​មាន​មូលដ្ឋាន​នៅ​ស្វាយរៀង​មួយ​នេះ បាន​បង្កើត​ឱកាស​ជាច្រើន តែ​ធ្វើ​មិនបាន​សម្រេច​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាយ​នេះ អាជ្ញាកណ្តាល​សញ្ជាតិ​អូ​ម៉​ង់ Mahmood Salim Al Majarafi បាន​ចាយ​កាត​លឿង​អស់​៦ ដោយ​ក្រុម​ទាំងពីរ​ទទួលបាន​ម្នាក់​៣​រៀងៗ​ខ្លួន​។ នៅក្នុង​ការប្រកួត​តង់​ទី​១​កីឡាករ​ក្រុម​ទាំងពីរ​មិនត្រូវ​បាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នោះឡើយ​។ 


 
​ឈានដល់​តង់​ទី​ពីរ ការប្រកួត​ដំណើរការបាន​បី​នាទី អាជ្ញាកណ្តាល​សញ្ជាតិ​អូ​ម៉​ង់​ខាងលើ បាន​ចាយ​អស់​មួយ​ទៅលើ​ខ្សែការពារ Haudi Abdillah ក្រោយ​បង្កកំហុស​ដោយ​ទាត់​ខ្សែប្រយុទ្ធ Jean Befolo Mbarga ពីក្រោយ​។ អាជ្ញាកណ្តាល​បាន​កាត​លឿង​អស់ពីរ​បន្ថែម​ក្នុងពេល​តែមួយ​ក្នុង​រយៈពេល​៤​នាទី​បន្ទាប់​ទៅលើ​កីឡាករ សារ៉េត គ្រី​យ៉ា និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់ Melvin Platje របស់ Bali United ក្រោយ​ពួកគេ​តវ៉ា​ក្នុង​រឿង​បាល់​ប៉ះ​ដៃ​។​
 
​ការប្រកួត​ឈានដល់​នាទី​ទី​៧៨​កីឡាករ សំអឿន ពិដោរ ដែល​ប្តូរ​ចូល​ជំនួស​កីឡាករ ហូ​យ ផល្លី​ន នៅ​នាទី​៦៧ និង​ខ្សែការពារ​សញ្ជាតិ​អ៊ីរ៉ាក់ Brwa Nouri រកបាន​កាត​លឿង​ព្រម​គ្នា ក្រោយ​ពួកគេ​ទាំងពីរ​ប្រទាញប្រទង់​គ្នា​។ បន្ទាប់មក​អាជ្ញាកណ្តាល​កាត​លឿង​ចុងក្រោយ​ទៅ​ឲ្យ​ខ្សែប្រយុទ្ធ សុក សំណាង ក្រោយ​រូបគេ​ចំណាយពេល​យូរ​ក្នុងអំឡុង​រមួល​សាច់ដុំ​(​រមួលក្រពើ​)​។​
 
​លោក Conor ក៏បាន​សរសេរ​អរគុណ​អ្នកគាំទ្រ​ផងដែរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ចាត់ទុក​ក្រុម​អ្នកគាំទ្រ​ជា​ចំណែក​យ៉ាងសំខាន់​នៃ​ជ័យជម្នះ​។​
 
​នា​ការប្រកួត​ពូ​ល G កាលពី​ថ្ងៃ​ពុធ ទី​២៥ កុម្ភៈ នោះដែរ ក្រុម Ceres Negros បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម Than Quang Ninh ក្រោយ​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ សម្រាប់​ការប្រកួត​បន្ទាប់​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​ឈរ​លេខ​៣​មាន​៣​ពិន្ទុ ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​របស់​វៀតណាម Than Quang Ninh នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ខណៈ Ceres Negros ទទួល Bali United៕    

Tag:
 AFC Cup 2020
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Bali United
© រក្សាសិទ្ធិដោយ thmeythmey.com