អន្តរជាតិ
លោក Trump ៖ យើង​ជិត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ហើយ​
26, Feb 2020 , 7:59 pm        
រូបភាព
ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងជាមួយនឹងមេដឹកនាំផ្នែកជំនួញក្នុងពិធីតុមូលមួយនៅវិមាន Roosevelt House នៅក្រុង New Dehli ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងជាមួយនឹងមេដឹកនាំផ្នែកជំនួញក្នុងពិធីតុមូលមួយនៅវិមាន Roosevelt House នៅក្រុង New Dehli ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។
ដោយ: VOA
​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និយាយថា រដ្ឋបាល​លោក​ជិត​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ក្រុម​តា​លី​បង់​អា​ហ្វ​ហ្គា​នី​ស្ថាន ហើយដោយ​លោក​ថ្លែងថា មានការ​គោរព​តាម​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស​ចំនួន​មួយ​សប្តាហ៍​ដើម្បី «​កាត់បន្ថយ​អំពើហិង្សា​» ជាមួយ​ពួក​បះបោរ​ហើយ «​រហូតមកដល់​ពេលនេះ មាន​ស្ថាន​ភាពល្អ​»​។​

 
​លោក Trump បាន​និយាយ​ទៅកាន់​ក្រុមអ្នកកាសែត​នៅក្នុង​ប្រទេស​ឥណ្ឌា​នៅ​ទីបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់លោក​កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​បាន​ថ្លែងថា​ការផ្តើមគំនិត​រក​សន្តិ​ភាព​របស់លោក​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មានការ​គាំទ្រ​ទូលំទូលាយ​ហើយ «​មនុស្ស​គ្រប់គ្នា​សប្បាយចិត្ត​អំពី​ការណ៍​នេះ​» ដោយ​រួមបញ្ចូល​ទាំង​រដ្ឋាភិបាល​ក្រុង New Delhi ផងដែរ​។​
 
​លោក Trump បាន​និយាយ​អំពី​កិច្ច​ឈប់​បាញ់​គ្នា​បណ្តោះអាសន្ន​និង​លទ្ធភាព​នៃ​ការ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ជាមួយ​រដ្ឋាភិបាល​ក្រុង​តេ​រ៉ង់ ថា «​យើង​ជិត​មាន​កិច្ចព្រមព្រៀង​ហើយ​។ យើង​នឹង​ឃើញ​អ្វីដែល​កំពុង​កើតមាន​។​នៅពេលនេះ​មាន​រយៈពេល​ពីរ​ថ្ងៃ​ហើយ​ដែល​គ្មាន​អំពើហិង្សា​ឬ​មាន​អំពើហិង្សា​តិច​បំផុត ហើយ​យើង​នឹង​ឃើញ​អ្វីដែល​កើតមាន​»​។​
 
​កិច្ចព្រមព្រៀង​កាត់បន្ថយ​ការប្រយុទ្ធ​គ្នា​៧​ថ្ងៃ ដែល​បាន​យល់ព្រម​ទៅវិញទៅមក​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​សៅរ៍​ដោយ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​ពួក​បះបោរ​បាន​សន្យាថា មិន​ធ្វើ​កិច្ចប្រតិបត្តិការ​វាយលុក​ទេ​។​
 
​កិច្ច​ព្រៀង​ឈប់​បាញ់​គ្នា​នេះ​នឹង​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ​ជាមួយ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​សហរដ្ឋអាមេរិក និង​ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​កាតា​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក​។​
 
​កិច្ចព្រមព្រៀង​នេះ​នឹង​បញ្ចប់សង្គ្រាម​យូរ​បំផុត​របស់​ប្រទេស​អាមេរិក​ដែល​នៅពេលនេះ​ចូលក្នុង​ឆ្នាំ​ទី​១៩​ហើយ​។ កិច្ចព្រមព្រៀង​នេះ​ក៏​នាំឱ្យមាន​ការដកថយ​ជា​លំដាប់ៗ​នូវ​ក្រុម​ទាហាន​អាមេរិកាំង​ប្រមាណ​១​ម៉ឺន​៣​ពាន់​នាក់​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ផងដែរ​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com