ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ប្រើ​ថវិកា​១៧១​លាន​ដុល្លារ បើក​ឱ្យធ្វើ​ដំណើរ​ជា​ផ្លូវការ​
26, Feb 2020 , 3:23 pm        
រូបភាព
រូបពីហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
រូបពីហ្វេសប៊ុក្រសួងសាធារណការ និងដឹកជញ្ជូន
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៥៨ ដែលជា​ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា និង​ថៃ ប្រវែង​ជាង ១៧៤​គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ ផ្លូវ​នេះ បាន​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ចំណាយ​ថវិកា​ជាង​១៧១​លាន​ដុល្លារ​។

 
​ពី​ពិធី​សម្ពោធ​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ​៥៨​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវជាតិ​មួយ​ខ្សែ​នេះ បាន​សាងសង់​តាម​ស្តង់ដារ​នៃ​ផ្លូវថ្នល់​កម្រិត​៣ តាមរយៈ​បទដ្ឋាន​បច្ចេកទេស​រប​ស់​ចិន ដោយ​ក្នុងនោះ ទទឹង​តួ​ផ្លូវ​មាន​ប្រវែង​សរុប ១២​ម៉ែត្រ និង​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) នៃ​ទទឹង ១០​ម៉ែត្រ ។​
 
​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិកា​សរុប​ជាង​១២២​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន និង​ថវិកាបដិភាគ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ជាង​៥១​លាន​ដុល្លារ (​ប៉ុន្តែ​ប្រើប្រាស់​មិន​អស់​នោះទេ​) សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ រួមទាំង​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ជាដើម​។ 
 
«​ផ្លូវជាតិ​លេខ​៥៨ គឺជា​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការពារជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ទេសចរណ៍ ស្ថិតនៅ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ត​ភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន រវាង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជាមួយ​រាជធានី​-​ខេត្ត​ផ្សេងៗ​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល ។​


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន 
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ការកសាង​ផ្លូវថ្នល់​ដែលមាន​គុណភាព​រឹងមាំ គឺជា​ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ ឱ្យ​ដូចជា​សរសៃឈាម​ប្រទាក់ក្រឡា​គ្នា​ប្រកបដោយ​សក្តានុពល និង​ប្រែក្លាយ​តំបន់​ដាច់ស្រយាល និង​តំបន់​ព្រំដែន ឱ្យទៅជា​តំបន់​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ខិតជិត​តំបន់​ទីក្រុង​។​
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល ផ្លូវជាតិ​លេខ​៥៨​នេះ គឺជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការការពារ​អធិបតេយ្យភាព​ជាតិ ជាពិសេស​ជួយ​ទ្រទ្រង់​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ទៀតផង​។​
 
​ផ្លូវជាតិ​លេខ​៥៨ មាន​ប្រវែង​សរុប ១៧៤.១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង ១៦៥.១៨​គីឡូម៉ែត្រ​។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ប្រវែង ៩២​គីឡូម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រវែង ៧៣.១៨​គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន ៤​ខ្សែ មាន​ប្រវែង​សរុប ៨.៩៨​គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ អូរ​បី​ជាន់ បឹង​ត្រកួន ជប់​គរ​គី និង​ថ្ម​ដូន​។​


រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន 
 
​រដ្ឋមន្ត្រី​សាធារណការ បាន​និយាយ​ដូច្នេះ​ថា​៖«​តាមរយៈ​ខ្សែ​ផ្លូវ​នេះ នឹង​ធ្វើឱ្យ​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ផលិតផល ដំណាំ​កសិផល និង​ក​សិ​-​ឧ​ស្សហកម្ម​របស់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ធុរកិច្ច ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ តាមរយៈ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ នៅ​ប៉ោយប៉ែត អូរ​ស្មាច់ អូរ​បី​ជាន់ បឹង​ត្រកួន ជប់​គរ​គី និង​ថ្ម​ដូន កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយពេល​តិច​»​។ 
 
​សម្រាប់​លោក ស៊ុន ចាន់ថុល ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ គឺជា​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ប្រព័ន្ធ​ភស្តុភារ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​សំដៅ​ទាញយក​អត្ថប្រយោជន៍​ឱ្យបាន​ច្រើន​លើសលប់ ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន តំបន់ និង​ពិភពលោក​។ 
 
​គួរ​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៥៨​នេះ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី (Shanghai Construction Group Co., Ltd.) និង​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយ​ប្រើ​រយៈពេល​សាងសង់​ជិត​៤​ឆ្នាំ បើ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៥ ដល់​ខែមករា ឆ្នាំ​២០១៩​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល​៕
 
រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន





Tag:
 ហ៊ុន សែន​
  ព្រំដែន​កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com