COVID-19
អន្តរជាតិ
ទូត​ចិន​នៅ​កូរ៉េខាងត្បូង សុំ​ការយោគយល់​ប្រជាជន​កូរ៉េ​សម្រាប់​ចំណាត់ការ​ច​ត្តា​ឡី​ស័ក​
26, Feb 2020 , 9:39 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូង លោក Xing Haiming (Yonhap)
អគ្គរដ្ឋទូតចិនប្រចាំកូរ៉េខាងត្បូង លោក Xing Haiming (Yonhap)
ដោយ:
​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កូរ៉េខាងត្បូង លោក Xing Haiming បានលើកឡើង​នៅ​ថ្ងៃ​ពុធ ២៦ ខែកុម្ភៈ​ថា វិធានការ​ច​ត្តា​ឡី​ស័ក​ដោយ​បង្ខំ​ដែល​ដាក់​ចេញពី​សំណាក់​អាជ្ញាធរខេត្ត​ចិន​មួយចំនួន មិន​មែនមាន​ចេតនា​តែ​សម្រាប់​ប្រជាជន​កូរ៉េខាងត្បូង​ឡើយ​។ លោក សង្កត់ធ្ងន់ថា លោក​សុំ​សេចក្តី​អនុគ្រោះ​ពី​ប្រជាជន​កូរ៉េ​។​

 
«​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ខេត្ត​របស់​ចិន ពុំ​មែនមាន​ចេតនា​តែ​លើ​ប្រជាជន​កូរ៉េ​ឡើយ​។ វា​ក៏មាន​ជន​ជាតិចិន​ជាច្រើន​ផងដែរ (​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ច​ត្តា​ឡី​ស័ក​)»​។ លោក Xing Haiming ប្រាប់​អ្នកសារព័ត៌មាន​បែបនេះ មុន​ជួប​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង Kim Gunn នៅ​ក្រសួងការបរទេស​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក​អះអាងថា​៖«​ខ្ញុំ​សុំ​ការយោគយល់​របស់​ប្រជាជន​កូរ៉េ​»​។ 
 
​ចំណាត់ការ​នេះ បង្ក​ជា​កំហឹង​ដល់​ប្រជាជន​កូរ៉េខាងត្បូង​ខណៈ​អាជ្ញាធរ​ចិន​បានដាក់​ចេញ ទោះបី​កន្លងទៅ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​បដិសេធ​សំណើ​សាធារណៈ​ឲ្យ​ហាម​អ្នកទេសចរ​ចិន​ទាំងស្រុង​ចូល​ប្រទេស​។ ខណៈ​ការហាម​ប្រាម​ឆ្លង​ចូល​ប្រទេស​របស់​អាជ្ញាធរ​កូរ៉េខាងត្បូង​ដាក់​តែ​ទៅលើ​ខេត្ត ហូ​ប៉ី ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល COVID-19 អាជ្ញាធរ​ក្រុង Weihai នៃ​ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន និង​តំបន់​ផ្សេងទៀត បាន​អនុវត្ត​ចំណាត់ការ​ដោយ​គ្មាន​ការប្រកាស​ជាមុន​លើ​ភ្ញៀវទេសចរ​មកពី​ប្រទេស​កូរ៉េខាងត្បូង​។ 
 
​សាកសួរ​ថា​តើ​អាជ្ញាធរខេត្ត​ទាំងនោះ​អាចដកហូត​ចំណាត់ការ​ច​ត្ដា​ឡី​ស័ក​នេះ​វិញ លោក​អគ្គរដ្ឋទូត​ចិន Xing អះអាងថា រដ្ឋាភិបាល​លោក នឹង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើ​វិធីសាស្ត្រ​សមរម្យ​មួយ​។ 
 
​សូមបញ្ជាក់ថា កាលពី​អង្គារ ទី​២៥ ខែកុម្ភៈ អាជ្ញាធរ​ក្រុង Weihai បានដាក់​អ្នកដំណើរ ១៦៣ នាក់ ដែលមាន​ជនជាតិ​កូរ៉េខាងត្បូង ១៩ នាក់​មកពី​ជើងហោះហើរ​មួយ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ  Incheon ឲ្យ​នៅ​ដាច់ដោយឡែក​។ នេះ​ជា​គឺជា​ចំណាត់ការ​ដំបូងបង្អស់​ដែល​ចិន​ដាក់ចេញ​ប្រឆាំងនឹង​ភ្ញៀវទេសចរ​មកពី​កូរ៉េ​។ 
 
​ចំណែក​អាជ្ញាធរ​ក្រុង Nanjing នៃ​ខេត្ត Jiangsu ក៏បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​អ្នកដំណើរ​៧០​នាក់​ក្នុងចំណោម​អ្នកដំណើរ​១៦៩ លើ​ជើងហោះហើរ​មួយ​មកពី​ក្រុង Incheon ក្រោយពី​អ្នកដំណើរ​ចិន ៣​នាក់​មាន​រោគសញ្ញា​ក្តៅខ្លួន​។ ក្នុងចំណោម​នោះ​គឺមាន​ជនជាតិ​កូរ៉េខាងត្បូង ៤០​នាក់​៕

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com