COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
យុវជន​ក្រូ​អាស៊ី​ម្នាក់​ឆ្លង COVID-19 ក្រោយ​ទៅ​មើល Champions League នៅ​អ៊ីតាលី​
26, Feb 2020 , 5:25 pm        
រូបភាព
COVID-19 បាន​ឆ្លង​លើ​បុរស​ជនជាតិ​ក្រូ​អាស៊ី​ម្នាក់ ក្រោយ​រូបគេ​ទៅ​មើល​ការប្រកួត UEFA Champions League ក្នុង​ទីក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​សប្តាហ៍​មុន​។


 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្រូ​អាស៊ី Večernji យុវជន​រូបនោះ បានកត់សម្គាល់​រោគសញ្ញា​របស់ខ្លួន និង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ក្រោយ​រូបគេ​ត្រឡប់​ពី​មើល​ការប្រកួត​ក្របខណ្ឌ​អឺរ៉ុប​មួយគូ ដែល​គេ​ជឿជាក់ថា​ជា​ជំនួប​រវាង Atlanta ជាមួយ Valencia ជើង​ទី​១ វគ្គ​១៦​ក្រុម នៅ​ថ្ងៃទី​២០ កុម្ភៈ​នោះ​។​
 
​បច្ចុប្បន្ន រូបគេ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ជំងឺឆ្លង​មួយកន្លែង​ក្នុង​ក្រុង Zagreb ប្រទេស​ក្រូ​អាស៊ី ក្រោយ​រកឃើញថា​មាន​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នេះ​។ តាមពិតទៅ​ក្មេងប្រុស​រូបនេះ ជា​ប្អូនប្រុស​របស់​បុរស​ម្នាក់​ដែល​រកឃើញថា​ឆ្លង​ជំងឺ​កូ​រ៉ូ​ណាវី​រុស​នេះ​មុនគេ​ក្នុង​ទឹកដី​ក្រូ​អាស៊ី​។ 
 
​បងប្រុស​របស់​ក្មេងប្រុស​ខាងលើ ក៏បាន​ទៅ​មើល​ការប្រកួត Champions League នេះដែរ ហើយ​ថែមទាំង​យក​មិត្តស្រី​របស់ខ្លួន​ទៅជា​មួយ​ផង​។ បច្ចុប្បន្ន ពួកគេ​ទាំងបី​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ជំងឺឆ្លង​ក្នុង​ក្រុង Zagreb និង​ទទួល​ការធ្វើ​តេស្ត​រក​មេរោគ​ជា​ថ្មី​ទៀត ដ្បិត​នារី​ដែលជា​មិត្តស្រី​នោះ រក​មិន​ឃើញថា​ឆ្លង COVID-19 ឡើយ​។ 
 
​ប្រទេស​នៅ​អឺរ៉ុប​ដែលមាន​ករណី​ឆ្លង COVID-19 មានដូចជា អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ ក្រូ​អាស៊ី និង​បែលហ្ស៊ិក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕

Tag:
 COVID-19
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com