COVID-19
អន្តរជាតិ
ប៉ូលិស​ចិន​ប្រមាណ​៥០​នាក់​ស្លាប់​ដោយសារ COVID-19 ក្រោយ​ប្រឹង​សង្គ្រោះ​អ្នកដទៃ
26, Feb 2020 , 10:19 pm        
រូបភាព
ដោយ: ធីតា
​លោក Du Hangwei អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​សុវត្ថិភាព​សាធារណៈ​ចិន បាន​អះអាង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា យ៉ាងហោចណាស់​មន្ត្រីប៉ូលិស​៤៩​នាក់​នៅ​ទូទាំងប្រទេស​បាន​ស្លាប់​ដោយសារតែ​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស (COVID-19) ដោយសារតែ​ពួកគេ​ជា​កម្លាំង​នាំមុខគេ​ក្នុង​យុទ្ធនា​ការសង្គ្រោះ​ពលរដ្ឋ​ដែល​ញាំញី​ដោយសារ​ជំងឺ​មួយ​នេះ​។​

 
​យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Du Hangwei បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុងការ​ជួយសង្គ្រោះ​មនុស្ស ក៏ដូចជា​ការប្រឹងប្រែង​ទប់ស្កាត់​ភាព​អសកម្ម​ផ្សេងៗ ខណៈដែល​ប្រទេស​ទាំងមូល​កំពុង​ញាំញី​ដោយ COVID-19​។​
 
​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​សុវត្ថិភាព​សាធារណៈ​រូបនេះ បានលើកឡើង​ពីបទ​ល្មើស​ប្រមាណ​២២០០០​ករណី​ជុំវិញ COVID-19 ដែល​ក្នុងនោះ​មាន​ជនសង្ស័យ​ជាង​៤០០០​នាក់​ត្រូវបាន​ឃុំខ្លួន​។ ករណី​ល្មើស​ទាំងនោះ មានដូចជា ការ​តម្លើងថ្លៃ​ម៉ាស់ និង​ទឹក​សម្អាត ការលក់​ផលិតផល​ក្លែងក្លាយ និង​ការ​បំប៉ោង​ព័ត៌មាន​ផ្សេងៗ​។​
 
​ជាមួយគ្នានេះ លោក​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​មន្ត្រី​ប៉ូលិស​៤៩​នាក់​នៅ​ទូទាំងប្រទេស​ចិន បើ​គិត​ចាប់តាំងពី​ការ​រាលដាល COVID-19 ពី​ខែធ្នូ ឆ្នាំ​២០១៩ មក​។ អ្នក​ទាំងនោះ បាន​ស្លាប់​ដោយសារ COVID-19 ៕

© រក្សាសិទ្ធិដោយ thmeythmey.com