COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បារាំង​នៅតែ​ឲ្យ​អ្នកគាំទ្រ Juventus ចូល​ដី​ខ្លួន​ពេល​ប៉ះ Lyon ទោះ​បារម្ភ​រឿង COVID-19
26, Feb 2020 , 5:59 pm        
រូបភាព
​ក្រុម​អ្នកគាំទ្រ​របស់ Juventus នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​ដើម្បី​ទស្សនា​ការប្រកួត​ក្របខណ្ឌ UEFA Champions League ទល់នឹង​ក្រុម Lyon បើទោះបី​ជាមាន​ការរីក​រាលដាល​ខ្លាំង​នៃ​វី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅ​អ៊ីតាលី​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប​រហស្សនាម​សេះបង្កង់​។​


 
Lyon នឹង​បើ​ទ្វារ​កីឡដ្ឋាន Groupama ក្នុង​ក្រុង Lyon ប្រទេស​បារាំង ដើម្បី​ទទួល​ស្វាគមន៍ Juventus សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ Champions League នៅ​រាត្រី​ថ្ងៃទី​២៦ ខែកុម្ភៈ វេលា​ម៉ោង​៣:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​ក្រោយ​មាន​តួលេខ​អ្នក​ឆ្លង COVID-19 នៅក្នុង​ប្រទេស​អ៊ីតាលី​មាន​ចំនួន​ច្រើនជាងគេ​ក្នុងចំណោម​ប្រទេស​នៅ​អឺរ៉ុប បានធ្វើ​ឲ្យ​ការប្រកួត​កីឡាបាល់ទាត់​មួយចំនួន ដូចជា Serie A និង Europa League ត្រូវ​ពន្យារពេល​ប្រកួត និង​ខ្លះ​ត្រូវ​លេង​ដោយ​បិទទ្វារ គ្មាន​អ្នកគាំទ្រ​ផង​។​
 
​តែ​យ៉ាងណាក៏ដោយ តំបន់​ខ្លះទៀត​នៅ​អ៊ីតាលី​នៅតែ​អាច​ដំណើរការ​ប្រកួត​ធម្មតា​។ ជំនួប​រវាង Napoli ទល់នឹង Barcelona ក្នុង​ក្របខណ្ឌ​អឺរ៉ុប ក្នុង​ក្រុង Naples នៅ​ថ្ងៃ​អង្គារ​បាន​បន្ត​ទៅមុខ​និង​មាន​អ្នកគាំទ្រ​ពេញ​ក្នុង​កីឡដ្ឋាន San Paolo​។​
 
​សម្រាប់ Juventus វិញ ពួកគេ​ក៏ត្រូវ​បាន​ភាគី​បារាំង​អនុ​ញ្ញា​ឲ្យ​ក្រុម​អ្នកគាំទ្រ​ខ្លួន​ពី​អ៊ីតាលី​ទៅ​ទស្សនា​ផងដែរ​ពេល​តទល់​គ្នា​នៅ​ទឹកដី​របស់ Lyon​។​
 
«​មិន​មានការ​រឹតបន្តឹង​ពិសេស​ណាមួយ ត្រូវអនុវត្ត​សម្រាប់​អ្នកគាំទ្រ​របស់ Juventus ទេ​។ អ្នកគាំទ្រ Juventus ទាំងអស់​អាច​ស្សនា​ការប្រកួត Champions League នៅ​កីឡដ្ឋាន Groupama ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្លិប Juventus​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៦ កុម្ភៈ បារាំង មាន​អ្នក​ឆ្លង COVID-19 ចំនួន​១៧​ករណី ក្នុងនោះ​ស្លាប់​២​ករណី និង​ជាសះស្បើយ ១១​ករណី​។​
 
​ដោយឡែក​អ៊ីតាលី ជា​ប្រទេស​តំបន់​អឺរ៉ុប​រងគ្រោះ​ធ្ងន់​ជាងគេ​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​ផ្ទុះ​ដំបូង​នៅ​ទឹកដី​ចិន​ក្នុង​តំបន់​អាស៊ី​។ ករណី​ឆ្លង​ជំងឺ​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​អ៊ីតាលី​មាន​ចំនួន​៣២២​នាក់ និង​ករណី​ស្លាប់​ចំនួន​១១​នាក់ ខណៈ​បច្ចុប្បន្ន​បាន​រាលដាល​ទៅដល់​ភាគខាងត្បូង​ប្រទេស​ហើយ​៕
 

Tag:
 UEFA Champions League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com