COVID-19
អន្តរជាតិ
ក្រិកជាប្រទេសទី៤០ដែលរកឃើញករណី COVID-19
× ស្ត្រីវ័យ៣៨ឆ្នាំម្នាក់នៅក្រុង Thessaloniki មានលទ្ធផលតេស្តវិជ្ជមានកូរ៉ូណាវីរុស (COVID-19) ក្រោយធ្វើដំណើរពីភាគខាងជើងអ៊ីតាលី។ នេះបើយោងតាមតំណាងក្រសួងសុខាភិបាលក្រិកដែលដកស្រង់ដោយ CNN។
សមាជិកគ្រួសារដែលមានទំនាក់ទំនងជាមួយស្ត្រីរូប ក៏បានសម្រេចអនុវត្តវិធានចត្តាឡីស័កផងដែរ។ ករណីនេះ នាំឲ្យក្រិកក្លាយជាប្រទេសទី៤០ ដែលមានករណីឆ្លង COVID-19 និងជាប្រទេសទាំង១៤នៅតំបន់អឺរ៉ុប។
គិតមកត្រឹមពេលនេះ អ្នកស្លាប់ដោយសារ COVID-19 មានចំនួន២៧៧១នាក់ហើយ ក្នុងចំណោមអ្នកឆ្លងជាង៨១០០០នាក់។ អ្នកស្លាប់ដ៏ច្រើនលើសលុបបំផុតគឺស្ថិតក្នុងប្រទេសចិន ជាពិសេសខេត្តហ៊ូប៉ី។ ក្រៅពីនេះ អ៊ីរ៉ង់មាន១៩នាក់ កូរ៉េខាងត្បូង១២នាក់ អ៊ីតាលី១២នាក់ ជប៉ុន ៦នាក់ (ក្នុងនោះករណីនាវា Diamond Princess ៤) បារាំង២នាក់ និងហ្វីលីពីន ១នាក់។
ប្រទេសទាំង៣៩ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (+ករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា និងស្រីលង្កា។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី និងស្វីស។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី និងប្រេស៊ីល៕
© រក្សាសិទ្ធិដោយ thmeythmey.com