អន្តរជាតិ
COVID-19 មាន​ជាង​៣០០​ករណី​ថ្មី​នៅ​កូរ៉េខាងត្បូង ដោយ​អ្នកស្លាប់​ឡើងដល់​១៣​នាក់​
27, Feb 2020 , 9:39 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានបញ្ជាក់​ពី​ការរកឃើញ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស ៣៣៤​ករណី​ថ្មី​បន្ថែម ដែល​បង្កើន​ករណី​ឆ្លង​សរុប​ដល់ ១៥៩៥​នាក់​ហើយ​។ តួលេខ​ថ្មី​នេះ គឺជា​ករណី​ឆ្លង​ដែល​បាន​រកឃើញ​ច្រើន​បំផុត​ក្នុងប្រទេស​នេះ ចាប់​តាំង​ករណី​ឆ្លង​ដំបូង​បាន​រកឃើញ​កាលពី​ថ្ងៃ​២០ ខែមករា មក​។

 
​ក្នុងចំណោម​តួលេខ​ថ្មី​នេះ ៣០៧ នាក់ គឺ​ស្ថិតក្នុង​ទីក្រុង Daegu ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូរ៉េខាងត្បូង​។ ទីក្រុង​នេះហើយ​គឺជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​ចេញពី​វិហារ​សាសនា​គ្រឹ​ស្ត​មួយ​។  មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង​និង​បង្កា​ជំងឺ​របស់​កូរ៉េខាងត្បូង (KCDC) បានបញ្ជាក់​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ ខែកុម្ភៈ ក្នុង​សេចក្តីថ្លែងការណ៍​។​
 
​អ្នក​ឆ្លង​ក្នុង​ក្រុង Daegu ដែលមាន​ចម្ងាយ ៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី សេ​អ៊ូ​ល បាន​ឡើងដល់ ១០១៧​នាក់​ហើយ ខណៈ​ខេត្ត North Gyeongsang ដែល​នៅក្បែរ​ទីក្រុង​នេះ បាន​ឡើងដល់​៣២១​ករណី​។ បើតាម​អាជ្ញាធរ KCDC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង សេ​អ៊ូ​ល បាន​រកឃើញ COVID-19 ចំនួន ៦​ករណី​ថ្មី​បន្ថែម ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល អាជ្ញាធរ​សុខាភិបាល​នេះ បានបញ្ជាក់​ទៀតថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គ្មាន​ការស្លាប់​ដោយសារ COVID-19 កើតឡើង​ថ្មី​ទៀតឡើយ​ក្នុងប្រទេស​កូរ៉េខាងត្បូង ខណៈ​តួលេខ​ស្លាប់​សរុប នៅតែ ១២ នាក់​ដដែល​។ យ៉ាងណាមិញ តាម​របាយការណ៍​ចុងក្រោយ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ហើយ​ស្រង់​សម្តី​របស់​អភិបាលក្រុង Daegu អ្នកស្លាប់​នៅ​កូរ៉េខាងត្បូង បាន​ឡើងដល់ ១៣ នាក់​ហើយ​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com