អន្តរជាតិ
រដ្ឋាភិបាល​ឡាវ ទទូច​ឲ្យ​ពលរដ្ឋ​សន្សំសំចៃ​អគ្គិសនី ខណៈ​ប្រឈម​នឹង​កង្វះ​អគ្គិសនី​ខ្លាំង​អំឡុង​ខែមេសា​-​មិថុនា​
27, Feb 2020 , 10:14 am        
រូបភាព
រូបភាព Laotian Times
រូបភាព Laotian Times
ដោយ:
​រដ្ឋាភិបាល​ឡាវ បានចេញ​ប្រកាស​ជូនដំណឹង​ដល់​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​មានការ​ត្រៀមលក្ខណៈ និង​ចូលរួម​សន្សំសំចៃ​អគ្គិសនី ដោយ​ត្រូវ​ប្រើប្រាស់​អគ្គិសនី​ក្នុង​កម្រិត​អ​ប្បរមា​បំផុត​។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ព្យាករណ៍​ថា​អំឡុងពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ឡាវ នឹងត្រូវ​ប្រឈម​នឹង​កង្វះ​ថាមពល​អគ្គិសនី​។

 
​ក្រសួង​រ៉ែ និង​ថាមពល​ឡាវ បាន​ឲ្យ​ដឹងថា អគ្គិសនី​ឡាវ នឹងត្រូវ​ប្រឈម​នឹង​កង្វះខាត​ថាមពល​ដើម្បី​ផ្គត់ផ្គង់​ទៅគ្រប់​តំបន់​នៅក្នុង​ប្រទេស​ក្នុង​ខែមេសា ដល់​ខែមិថុនា ដែលជា​រដូវ​កាល​ក្តៅ​បំផុត​ប្រចាំឆ្នាំ​។ តាម​ការរំពឹងទុក​រោង​ចក្រ និង​តំបន់​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ នឹងត្រូវ​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​ដោយសារតែ​កង្វះ​ថាមពល​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឡាវ Laotian Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ក្រសួង​រ៉ែ និង​ថាមពល បាន​ព្រមាន​ដល់​សាធារណៈ និង​អាជីវករ ត្រូវ​រក្សា​អគ្គិសនី និង​ប្រើប្រាស់​ក្នុងស្ថានភាព​ចាំបាច់​បំផុត​ក្នុងអំឡុងពេល​អាកាស​ក្តៅ​ខាងមុខនេះ​។ ក្រសួង​សា​ម៉ី បាន​គូសបញ្ជាក់ថា ប្រភព​ដែលជា​កន្លែង​ទាញ​ថាមពល មាន​សមត្ថភាព​ផ្គង់​ផ្គត់​បានត្រឹមតែ​ពាក់កណ្តាល នៃ​ប្រភពដើម​ប៉ុណ្ណោះ​។ 
 
​ភ្ជាប់​ជាមួយនឹង​បញ្ហា​នេះ ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ឡាវ ក៏បាន​ចេញ​សារ​ព្រមាន​មួយ​ស្តីពី​កង្វះ​ទឹក​ប្រើប្រាស់​ស្ទើរតែ​ទូទាំងប្រទេស​នៅ​ខែ​បន្ទាប់​ខាងមុខនេះ ដោយសារតែ​កម្រិត​ទឹកទន្លេ និង​ស្ទឹង បាន​ស្រក​ចុះ​ខុសពី​ធម្មតា​។ ស្រប​នឹង​ស្ថានភាព​ខ្វះខាត​ទឹក​នេះដែរ ឡាវ ក៏ត្រូវ​រំពឹង​ជួប​គ្រោះរាំងស្ងួត​ជាថ្មី​នៅ​អំឡុង​ខែមីនា និង​មេសា​ខាងមុខ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ឡាវ ដែលជា​ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​សូម្បីតែ​បន្តិច​សោះ​នោះ ត្រូវបាន​ចាត់ទុកថា​ជា​អាគុយ​មួយ​ប្រចាំ​តំបន់​អាស៊ី​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ ឡាវ បាន​បង្កើន​ការនាំចេញ​ថាមពល​អគ្គិសនី​ទៅ​ក្រៅប្រទេស ជាពិសេស​ប្រទេសជិតខាង ដែល​ចំណុច​នេះ ក៏​ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​ត្រូវ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ក្នុងប្រទេស​។​
 
​តាម​របាយការណ៍​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល ឡាវ បាន​ពង្រីក​សមត្ថភាព​អគ្គិសនី​ក្នុង​កម្លាំង ៦៤៥៧ មេ​ហ្កា​វ៉ា​ត់ សម្រាប់​ការលក់​ចេញទៅ​ក្នុង​ទីផ្សារ​ក្នុងអំឡុង​ឆ្នាំ​២០១៦ និង​២០២០​។ សក្តានុពល ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ដែល​បានមកពី​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​កន្លែង​ក្នុងប្រទេស​នេះ បាន​រក​ចំណូល​សម្រាប់​រដ្ឋាភិបាល​ប្រមាណ ១៤ លាន​ដុល្លារ​៕

Tag:
 ឡាវ​
  អាស៊ាន​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com