កីឡាអន្តរជាតិ
អន្តរជាតិ
Man City លើកមុខក្រុមអង់គ្លេស ដែលធ្វើឲ្យ Real ចាញ់ដំណាលគ្នាជាមួយ Juventus
× Manchester City បានវាយបកយកឈ្នះម្ចាស់ជើងឯកច្រើនជាងគេ Real Madrid ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។ Lyon ដែលធ្វើម្ចាស់ផ្ទះសម្រាប់ជើងទី១នេះ បានយកឈ្នះ Juventus ១-០។ ការប្រកួតកន្លងមក ក្រុមអង់គ្លេស៣ផ្សេងទៀត រួមមាន Chelsea, Tottenham និង Liverpool សុទ្ធតែបរាជ័យនាជំនួបជើងទីមួយ។
ក្រោមក្រសែភ្នែកអ្នកទស្សនា ៧៥០០០នាក់ នាការប្រកួតក្នុងកីឡដ្ឋាន Santiago Bernabeu នៅរាត្រីថ្ងៃទី២៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Real និង Man City បញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន១៥នាទី ខ្សែបម្រើ Isco បានស៊ុតគ្រាប់នាំមុខឲ្យក្រុមស្តេចសមុន មុនពេលខ្សែប្រយុទ្ធ Gabriel Jesus រកគ្រាប់តាមស្មើឲ្យក្រុមរហស្សនាមមេឃខៀវវិញនៅនាទី៧៨។
ឱកាសមាសបានកើតឡើងសម្រាប់ក្រុមរបស់លោក Pep Guardiola បន្ទាប់ពីខ្សែការពារ Daniel Carvajal ឈូសជើងខ្សែបម្រើ Raheem Sterling នៅតំបន់គ្រោះថ្នាក់ ហើយអាជ្ញាកណ្តាលសម្រេចផ្តល់បាល់១១ម៉ែត្រទៅឲ្យ Man City។ តារាឆ្នើម Kevin De Bruyne ជាអ្នករ៉ាប់រងការស៊ុតបាល់ពិន័យនេះ ដោយធ្វើបានសម្រេចនៅនាទី៨៣។ ចប់ការប្រកួតក្រុមភ្ញៀវ Man City ឈ្នះ Real Madrid ២-១។
ជ័យជម្នះក្រៅដីនេះ បានធ្វើឲ្យក្រុមអង់គ្លេសមានប្រៀប ដ្បិតជើងទី២ត្រូវធ្វើនៅទឹកដី Etihad វិញ។ ដោយឡែកខ្សែការពារ Sergio Ramos ក៏ត្រូវអវត្តមាននៅប្រកួតក្រោយដែរ បន្ទាប់ពីទទួលបានកាតក្រហមនៅជំនួបទី១នេះ។
នាជំនួបមួយគូទៀត Lyon បានយកឈ្នះក្រុមភ្ញៀវ Juventus ក្នុងលទ្ធផល ១-០។ ក្រុមរហស្សនាមសេះបង្កង់ បើទោះគ្រប់គ្រងបាល់បានច្រើនរហូតដល់៦០ភាគរយ ប៉ុន្តែពួកគេស៊ុតចំគោលដៅមួយលើកប៉ុណ្ណោះក្នុងការប្រកួតពេញ៩០នាទី ខណៈម្ចាស់ផ្ទះ Lyon ស៊ុតចំគោលដៅ៣លើក និងសម្រេចទីបាន១គ្រាប់។
ជំនួបជើងទី២ នឹងធ្វើនៅទឹកដី Allianz របស់ Juventus ក្នុងប្រទេសអ៊ីតាលីវិញម្តង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០៕
Tag:
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com