COVID-19
អន្តរជាតិ
COVID-19 ថយ​បន្តិច​នៅ​ចិន ឯ​ប្រទេស​ដទៃ​កើន ខណៈ​អ្នក​ស្លាប់មាន​ជាង​២៨០០​នាក់​
27, Feb 2020 , 11:01 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ស្ថានការណ៍​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) នៅ​ចិន បានចេញ​សញ្ញា​ថមថយ​បន្តិច ដោយ​ចំនួន​អ្នកស្លាប់​ដោយសារ​មេរោគ​បាន​ធ្លាក់ចុះ​បី​ថ្ងៃ​ជាប់​គ្នា ខណៈ​ចំនួន​ករណី​ឆ្លង​ក៏មាន​មិន​ច្រើន​ដូចពេលមុន​ដែរ​។ យ៉ាងណាមិញ COVID-19 នៅក្រៅ​ទឹកដី​ចិន បែរជា​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​នៅ​តំបន់​អឺរ៉ុប​ដែលមាន​ការរាយការណ៍​ពី​ករណី​ឆ្លង​ថ្មីៗ​បន្ថែមទៀត ស្របពេល​កូរ៉េខាងត្បូង​នៅតែ​ជា​ឈរ​បន្ទាប់ពី​ចិន​លើ​ករណី​ឆ្លង​សរុប​ដដែល​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ស្លាប់មាន​២៨០៤​នាក់​។​

 
​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ចិន​បាន​រាយការណ៍​ពី​ករណី​ស្លាប់​ចំនួន​២៩​នាក់​ថែមទៀត​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ថ្មី ដែល​នេះ​ជា​តួលេខ​ប្រចាំថ្ងៃ​ទាប​ជាងគេ​បំផុត​គិត​ចាប់តាំងពី​ថ្ងៃទី​២៩ ខែមករា និង​ជាការ​ធ្លាក់ចុះ​អ្នកស្លាប់​បី​ថ្ងៃ​ជាប់​គ្នា​។ ប៉ុន្តែ​ករណី​ឆ្លង​ជំងឺ​បាន​ងើបឡើង​បន្តិច​វិញ បន្ទាប់ពី​ធ្លាក់ចុះ​នាពេល​កន្លងមក​។ បើតាម​ទិន្នន័យ​របស់​គណៈកម្មកា​រ​សុខាភិបាល​ចិន ចំនួន​អ្នកស្លាប់​សរុប​នៅ​ទឹកដី​ចិនដីគោក​មាន​២៧៤៧​នាក់​។ 
 
​នៅ​ថ្ងៃ​ដដែល គណៈកម្មការ​សុខាភិបាល​ចិន បានបញ្ជាក់​ពី​ករណី​ឆ្លង​ចំនួន​៤៣៣ នៅ​ទូទាំងប្រទេស​។ ជា​សរុប ចំនួន​ករណី​ឆ្លង​នៅ​ចិន​មាន​ចំនួន​៧៨៥០០​នាក់​ហើយ​។ នៅ​ខេត្ត​ខណ្ឌ​ក្រៅ​ខេត្ត​ហ៊ូ​ប៉ី ករណី​ឆ្លង COVID-19 បាន​ធ្លា​ក់នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ខេត្ត​ជាច្រើន ក៏បាន​ទម្លាក់​កម្រិត​ឆ្លើយតប​អាសន្ន​របស់ខ្លួន ខណៈដែល​ខេត្ត​ហ៊ូ​ប៉ី​បន្ត​បិទ​ដដែល​។ ជាមួយគ្នា កម្មករ​ជា​បន្តបន្ទាប់ ក៏​ត្រឡប់​ទៅធ្វើ​ការ​វិញ​រៀងៗ​ខ្លួន​ផងដែរ​។​
 
​បើទោះជា​ស្ថានការណ៍​នៅ​ចិន​ហាក់​ធូរស្រាល​បន្តិច​ក្ដី ករណី​ឆ្លង COVID-19 នៅ​ជុំវិញ​ពិភពលោក បែរជា​បន្ត​កើនឡើង​ទៅវិញ​។ កូរ៉េខាងត្បូង នៅតែ​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បន្ទាប់ពី​ចិន​ដដែល ដោយបាន​រកឃើញ​ការឆ្លង​ថ្មីៗ​ចំនួន​៣៤៤​ទៀត ដែល​នាំ​ឲ្យ​ករណី​សរុប​កើន​ដល់​១៥៩៥​។ ករណី​ស្លាប់​នៅ​កូរ៉េខាងត្បូង មាន​ចំនួន​១៣​នាក់​។ ទីក្រុង Daegu នៅតែ​ជា​ប្រភព​ចម្លង​ដ៏​ធំ​នៅ​កូរ៉េខាងត្បូង​ដដែល​។  
 
​ឯ​ទ្វីបអឺរ៉ុប​វិញ ករណី​ឆ្លង COVID-19 នៅ​អ៊ីតាលី​កើន​ដល់​៤៧០ និង​អ្នក​ស្លាប់មាន​ចំនួន​១២​នាក់​។ រដ្ឋ​តំបន់​អឺរ៉ុប​ថ្មីៗ​ដែល​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 មាន រូ​ម៉ា​នី ន័​រវេ​ស ហ្ស​ក​ហ្ស៊ី ម៉ា​សេ​ដ្វា​ន​ខាងជើង និង​ក្រិ​ក​។ ដោយឡែក ប៉ា​គី​ស្ថាន និង​ប្រេ​ស៊ី​ល ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​ដំបូង​របស់ខ្លួន​ផងដែរ​។ នៅ​អ៊ីរ៉ង់​ឯណោះ ចំនួន​អ្នក​ស្លាប់មាន​១៩​នាក់ ហើយ​ករណី​ឆ្លង​មាន​១៣៩​នាក់ រាប់ទាំង​អនុរដ្ឋមន្ត្រី​សុខាភិបាល​ម្នាក់​ផងដែរ​។​
 
​ស្របពេល​ជាមួយគ្នា អ្នកជំងឺ​ជិត​៣៣០០០​នាក់​ក្នុងចំណោម​ជាង​៨២០០០​នាក់ បានជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​
 
​បើតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក (WHO) គិត​ត្រឹម​ថ្ងៃទី​២៦ ខែកុម្ភៈ ចំនួន​អ្នកស្លាប់​ដោយសារ COVID-19 នៅ​ទូទាំង​ពិភពលោក​មាន​២៧៦១​នាក់ ជាមួយនឹង​ករណី​ឆ្លង​សរុប​ជាង​៨១០០០​នាក់​ឯណោះ​។ លោក Bruce Aylward ប្រធាន​បេសកកម្ម​ចិន​-WHO ដើម្បី​ស្រាវជ្រាវ​ជំងឺ​មួយ​នេះ ព្រមាន​ថា ពិភពលោក មិនទាន់​ត្រៀមខ្លួន​ដើម្បី​ទប់​ទល់នឹង​វីរុស​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ទេ ហើយ​វិធានការ​គ្រប់គ្រង​ត្រូវតែ​ដាក់ចេញ​ឲ្យ​បាន​លឿន​បំផុត​៕

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com