អន្តរជាតិ
COVID-19៖ ក្រៅពីចិន អ្នកស្លាប់ឡើងជាង៥០នាក់ ដោយអ៊ីរ៉ង់ កូរ៉េខាងត្បូង និងអ៊ីតាលី រងគ្រោះខ្លាំង បុគ្គលិកសុខាភិបាលកូរ៉េខាងត្បូង លើកអ្នកជំងឺឆ្លង COVID-19 នៅមន្ទីរពេទ្យមួយ ក្នុងក្រុង Chuncheon កាលពីថ្ងៃ២២ ខែកុម្ភៈឆ្នាំ២០២០ (AFP)
× គិតត្រឹមរសៀលថ្ងៃទី២៧ ខែកុម្ភៈនេះ អ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19) បានឡើងដល់២៨០៤នាក់ ដែលក្នុងនោះ២៧៥០នាក់ស្ថិតក្នុងប្រទេសចិន (រួមបញ្ចូលហុងកុង២ករណី និងតៃវ៉ាន់១ករណី)។ ៥៤ករណីទៀតស្ថិតនៅបណ្តាប្រទេសផ្សេងៗ ដោយអ៊ីរ៉ង់ កូរ៉េខាងត្បូង និងអ៊ីតាលី រងគ្រោះខ្លាំងជាងគេ។
ប្រសិនបើដកប្រទេសចិនចេញពីបញ្ជីអ្នកស្លាប់ព្រោះ COVID-19 ប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅតំបន់មជ្ឈិមបូព៌ា ឈរនៅកំពូលតារាង ដោយមានអ្នកស្លាប់ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ចំនួន១៩នាក់ហើយ។ ចូលដល់តំបន់អាស៊ីបូព៌ា កូរ៉េខាងត្បូង មានករណីស្លាប់ព្រោះជំងឺ COVID-19 ចំនួន ១៣នាក់ ខណៈនៅប៉ែកអឺរ៉ុបវិញ ប្រទេសអ៊ីតាលី នៅប្រកៀកនឹងកូរ៉េខាងត្បូងដែរ ជាមួយអ្នកស្លាប់ ១២នាក់។
ជប៉ុន មានអ្នកស្លាប់៣ នាក់ ហើយអ្នកស្លាប់លើនាវាទេសចរណ៍ Diamond Princess ដែលចតនៅតំបន់ យូកូហាម៉ា ប្រទេសជប៉ុន មាន៤នាក់។ ទីក្រុងហុងកុង ដែលជាតំបន់ស្វ័យតរបស់រដ្ឋាភិបាលចិន មានអ្នកស្លាប់២នាក់ ខណៈកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរង់ចាំបង្រួបបង្រួមនោះ មានអ្នកស្លាប់១នាក់។ ចំណែកបារាំង មានអ្នកស្លាប់ ២ នាក់ ឯហ្វីលីពីន មាន១នាក់។
មកដល់ពេលនេះ ករណីឆ្លងមានជាង៨២០០០នាក់ ដែលក្នុងនោះ ចិន មានប្រមាណ៨ម៉ឺននាក់។ កូរ៉េខាងត្បូងស្ថិតនៅលេខ២ ដោយមានជិត១៦០០នាក់ ជប៉ុនមានជិត៩០០នាក់ (ក្នុងនោះជាង៧០០នាក់នៅនាវា Diamond Princess) អ៊ីតាលីមាន៤៧០នាក់ អ៊ីរ៉ង់មាន១៣៩នាក់។ ប្រទេសជាបន្តបន្ទាប់រួមមានសិង្ហបុរី អាមេរិក ថៃ បារ៉ែន អាល្លឺម៉ង់ កូវ៉ែត អូស្ត្រាលី និងម៉ាឡេស៊ី ជាច្រើន។
ប្រទេសដែលមានជាង១០ករណី រួមមាន បារាំង វៀតណាម អេស្ប៉ាញ អង់គ្លេស អេមីរ៉ាតអារ៉ាប់រួម និងកាណាដា។
ប្រទេស៤៥៧ដែលមានករណីឆ្លង COVID-19 រួមមាន ចិន (បញ្ចូលទាំងតំបន់រដ្ឋបាលពិសេសហុងកុង តៃវ៉ាន់ និងម៉ាកាវ) កូរ៉េខាងត្បូង ជប៉ុន (បូកករណីនាវា Diamond Princess) អ៊ីរ៉ង់ សិង្ហបុរី ថៃ អេមីរ៉ាតអារា់ប់រួម ម៉ាឡេស៊ី វៀតណាម អូម៉ង់ ហ្វីលីពីន លីបង់ អ៊ីរ៉ាក់ កូវ៉ែត ប៉ារែន អាហ្វហ្គានីស្ថាន ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន។
បណ្តាប្រទេសនៅអឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អ៊ីស្រាអែល អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស ក្រូអាស៊ី ស្វីស ក្រិក រូម៉ានី ន័រវេស ម៉ាសេដ្វានខាងជើង ហ្សកហ្ស៊ី អេស្តូនី និងដាណឺម៉ាក។
ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប អាល់ហ្សេរី និងប្រេស៊ីល៕
Tag:
ចិន
កូរ៉េខាងត្បូង
អ៊ីរ៉ង់
កូរ៉េខាងត្បូង
អ៊ីតាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com