ភ្នំពេញ៖ ខែមករា ដើមឆ្នាំ២០២០នេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣៥៨លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២០៦នាក់ និងរបួសចំនួន៥៥៨នាក់។ តួលេខគ្រោះថ្នាក់នេះ បានកើនឡើង២៧លើក ស្មើនឹង៨ភាគរយ បើធៀបនឹងឆ្នាំរយៈពេលដូចគ្នានៅឆ្នាំ២០១៩ ។ ចំណែកចំនួនអ្នកស្លាប់កើនឡើង៥៨នាក់ និងរបួសក៏កើនឡើង៤១នាក់ដែរ។ នេះបើតាមរបាយការណ៍ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០២០ ។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលខាធិការនៃគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤១ភាគរយ, មិនគោរពសិទ្ធិ ២២ភាគរយ ,មិនប្រកាន់ស្តាំ ១០ភាគរយ ,វ៉ាជែង ១១ភាគរយ ,បត់ ៧ភាគរយ ,ស្រវឹង ៦ភាគរយ និងកត្តាយានយន្ត ៣ភាគរយ។
ភូមិសាស្ត្រមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅខែមករានេះច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ មានចំនួន៣៤នាក់, ខេត្តព្រះសីហនុ ចំនួន១៩នាក់, ខេត្តកំពង់ស្ពឺ ចំនួន១៥នាក់ និងតាមបណ្ដាខេត្តផ្សេងៗទៀត ។ នេះបើតាមលោកស្រី មាណវី ដែលបានអានរបាយការណ៍ការងារចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ កុម្ភៈ។
រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
កន្លងមករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានឈានដល់ចំណុចប្រកាសអាសន្នហើយ ដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ។ សម្ដេច ស ខេង ដែលបារម្ភពីភាពអវិជ្ជមាននៃគ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជាឱ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ចាត់វិធានការទប់ស្កាត់ និងបង្ការកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង កាន់តែធ្ងន់ធ្ងរថែមទៀត។
ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឱ្យមានប្រសិទ្ធភាពប្រមុខក្រសួងមហាផ្ទៃ បានបញ្ជាឱ្យមន្ត្រីទាំងអស់ ពង្រឹងយន្តការច្បាប់ឱ្យបានតឹងរឹង ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ «ខ្ញុំសូមប្រកាសថា ឆ្នាំ២០២០នេះ គឺជាឆ្នាំរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ជាសំខាន់ ហើយការអប់រំយើងនៅតែយកចិត្តទុកដាក់អប់រំ។ ក៏ប៉ុន្ដែយកការអនុវត្តច្បាប់ជាសំខាន់»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង កាលពីខែមករា ឆ្នាំ២០២០ ។
នៅឆ្នាំ២០១៩កន្លងមក គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤,១២១លើកកើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ចំណែកចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ មាន ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។អត្រាអ្នកស្លាប់នៅឆ្នាំ២០១៩នេះ កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ បើធៀបឆ្នាំ២០១៨៕
រូបពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក