អន្តរជាតិ
អូស្ត្រាលី ចូលទៅកៀកព្រុយណេ ខណៈព្រុយណេ ត្រូវធ្វើប្រធានអាស៊ានឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Marise Payne ចូលគាល់មហាក្សត្រព្រុយណេនាពេលកន្លងមក។ រូបភាព Infofoto
× ប្រមុខការទូតអូស្ត្រាលី នៅថ្ងៃទី១៩ កុម្ភៈកន្លងទៅ បានបំពេញទស្សនកិច្ចការងារលើកដំបូងរយៈពេល២ថ្ងៃទៅកាន់ព្រុយណេ ក្នុងគោលដៅពង្រឹង និងពង្រីកចំណងមិត្តភាពទ្វេភាគី ក៏ដូចជាទំនាក់ទំនងតាមរយៈក្របខណ្ឌអាស៊ានផងដែរ ។ វត្តមានមន្ត្រីជាន់ខ្ពស់អូស្ត្រាលីរូបនេះនៅព្រុយណេ ជាផ្នែកមួយដើម្បីស្វែងយល់លទ្ធភាពនៃការពង្រីកកិច្ចសហប្រតិបត្តិការ ស្របពេលដែលព្រុយណេ ត្រូវធ្វើជាម្ចាស់ផ្ទះអាស៊ាននៅឆ្នាំក្រោយ។
លោកស្រីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី តាមរយៈគណនី Twitter របស់ខ្លួន កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានគូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចការងារផ្លូវការជាលើកដំបូងទៅកាន់ព្រុយណេ លោកស្រី បានពិភាក្សាលើប្រធានបទជាច្រើន ដែលជាផលប្រយោជន៍រួមក្នុងតំបន់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Scoop។
តាមប្រភពព័ត៌មានដដែល លោកស្រីរដ្ឋមន្ត្រី បានអះអាងថា ភាគីទាំងពីរ បានផ្តោតសំខាន់ខ្លាំងលើការពង្រីកចំណងទ្វេភាគី ពោលគឺការពិភាក្សារកច្រកចេញសម្រាប់អូស្ត្រាលី និងព្រុយណេ ដើម្បីធ្វើការរួមគ្នាលើបញ្ហាក្នុងតំបន់ ខណៈព្រុយណេ នឹងត្រូវចូលកាន់ចង្កូចអាស៊ាននៅឆ្នាំ២០២១ខាងមុខ។ លោកស្រី ប្តេជ្ញា ធ្វើការចូលរួមកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឲ្យរុងរឿង ស្ថិរភាព និងសន្តិសុខ តាមរយៈកិច្ចសហប្រិតបត្តិការជាមួយនឹងអាស៊ាន ក្នុងនោះរាប់បញ្ចូលទាំងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
គួរជម្រាបបន្តិចថា ព្រុយណេ និងអូស្ត្រាលី មានទំនាក់ទំនងជាមួយគ្នាលើវិស័យដូចជាអប់រំ ការពារ និងពាណិជ្ជកម្ម។ ទំហំពាណិជ្ជកម្មភាគីទាំងពីរ សម្រេចបានទំហំ ១ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ក្រៅពីជាដៃគូក្នុងទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរ ក៏ជាដៃគូក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនផងដែរ ក្នុងនោះរាប់បញ្ចូលទាំង កិច្ចព្រមព្រៀងពាណិជ្ជកកម្មសេរីអាស៊ាន-អូស្ត្រាលី ណូវែលហ្សេឡង់, ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍន៍សម្រាប់តំបន់អន្តរប៉ាស៊ីហ្វិក (CPTPP)៕
Tag:
អូស្ត្រាលី
ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com