កីឡាអន្តរជាតិ
អន្តរជាតិ
Sharapova ជើងឯក Grand Slam ៥​សម័យ ប្រកាស​ចូលនិវត្តន៍​ពី​កីឡា​វាយ​កូន​បាល់​
27, Feb 2020 , 8:19 pm        
រូបភាព
Maria Sharapova ម្ចាស់​ពានរង្វាន់ Grand Slam ៥ សម័យកាល​ដែលជា​កីឡាការិនី​វាយ​កូន​បាល់​មាន​គេ​ស្គាល់​ច្រើនជាងគេ​បំផុត​លើ​លោក បានប្រកាស​ចូលនិវត្តន៍​ហើយ នៅ​ថ្ងៃទី​២៦ កុម្ភៈ ក្នុង​អាយុ​៣២​ឆ្នាំ​។​


 
«​កីឡា​វាយ​កូន​បាល់ ខ្ញុំ​លា​អ្នក​ហើយ​»​។ Sharapova និយាយ​បែបនេះ​ក្នុង​អត្ថបទ​ទស្សនា​វ​ដ្តី Vogue និង Vanity Fair​។ កីឡាការិនី​សញ្ជាតិ​រុស្ស៊ី​រូបនេះ​បន្ថែមថា រយៈពេល​២៨​ឆ្នាំ និង​ពានរង្វាន់ Grand Slam ចំនួន​៥ នាង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ចាកចេញ​។​
 
Sharapova ជា​កីឡាការិនី​វាយ​កូន​បាល់​ម្នាក់​ក្នុងចំណោម​ការិនី​តែ​១០​នាក់​ប៉ុ​ណ្នោះ ដែល​បានឈ្នះ​ពានរង្វាន់ Grand Slam ៤ ប្រភេទ​ផ្សេងគ្នា និង​ជា​អតីត​ការិនី​លំដាប់ថ្នាក់​លេខ ១​ពិភពលោក​ទៀតផង​កាលពី​ឆ្នាំ ២០០៥​។ កាលណោះ នាង​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​វិស័យ​កីឡា​វាយ​កូន​បាល់​នេះ​ទៅកាន់​ពិភពលោក​តាមរយៈ​សម​ត្ថ​ភាព​ប្រកួត​ដ៏​អស្ចារ្យ​របស់​នាង ដែលមាន​អាយុ​ត្រឹម​១៧​ឆ្នាំ​។​
 
​ប៉ុន្តែ​ក្រោយមក សមិទ្ធផល​ទាំងនេះ​ត្រូវបាន​ធ្លាក់​មួយកម្រិត​វិញ បន្ទាប់ពី​ធ្វើតេស្ត​រកឃើញថា​នាង​បាន​ប្រើ​សារធាតុ​ជំនួយ​កម្លាំង​ខុសច្បាប់​កីឡា ហើយ​ត្រូវ​ជាប់​ពិន័យ​ចំនួន​១៥​ខែ​។ ក្រោយ​ចប់​ការពិន័យ Sharapova បាន​វិលត្រឡប់​ទៅកាន់​ទីលាន​វិញ ប៉ុន្តែ​នាង​មិនបាន​បង្ហាញ​ភាពខ្លាំង​ដូច​មុន​ទៀតឡើយ​។ 
 
​អតីតកាល​នាង​បានឈ្នះ​ជាច្រើន​ប្រកួត តែ​បច្ចុប្បន្ន​នាង​បាន​ប្រកួត​ចាញ់​ជាច្រើនលើក​វិញ ហើយ​តែងតែ​ធ្លាក់​នៅ​ជុំ​ទី​១​នៅ Wimbledon, US Open និង​ថ្មីៗ​នេះ​នៅ Australian Open ក្នុង​ក្រុង Melbourne ប្រទេស​អូស្ត្រាលី​ជាដើម​។​
 
Sharapova ដែល​បច្ចុប្បន្ន​ឈរ​លេខ​រៀង​ទី ៣៧៣​ពិភពលោក មាន​បញ្ហា​របួស​ស្មា​រ៉ាំរ៉ៃ​រយៈពេល​យូរ​មកហើយ​។ ហើយ​បញ្ហា​របួស​នេះ ក៏​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចូលនិវត្តន៍​ពី​អាជីព​កីឡា​វាយ​កូន​បាល់​នៅត្រឹម​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​អាយុ​៣២​ឆ្នាំ​៕

Tag:
 វាយ​កូន​បាល់​
  Maria Sharapova
© រក្សាសិទ្ធិដោយ thmeythmey.com