រដ្ឋមន្ត្រី​សុខាភិបាល ស្នើ​អភិបាល​រាជធានី​-​ខេត្ត ណែនាំ​ពលរដ្ឋ​ពី​ការការពារ COVID-19 និង H1N1
COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​សុខាភិបាល ស្នើ​អភិបាល​រាជធានី​-​ខេត្ត ណែនាំ​ពលរដ្ឋ​ពី​ការការពារ COVID-19 និង H1N1
27, Feb 2020 , 8:39 pm        
រូបភាព
រដ្ឋមន្រ្តីសុខាភិបាល ពេលចុះទៅពិនិត្យម៉ាស៊ីនស្កែនកម្តៅ នៅអាកាសយានដ្ឋានសៀមរា កន្លងមក
រដ្ឋមន្រ្តីសុខាភិបាល ពេលចុះទៅពិនិត្យម៉ាស៊ីនស្កែនកម្តៅ នៅអាកាសយានដ្ឋានសៀមរា កន្លងមក
ដោយ: ថ្មីៗ
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញសេចក្តីជម្រាបជូន៣តៗគ្នា ​​ទៅកាន់គ្រប់​អភិបាល​រាជធានី​-​ខេត្ត ឲ្យ​ជួយ​ចូលរួម​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ ពី​វិធាន​ការការពារ​ជំ​ងឺ COVID-19 ដែលមាន​ប្រភពដើម​នៅ​ចិន និងជំងឺផ្តាសាយបក្សី H1N1 ដែល​មានប្រភពដើម​នៅ​វៀតណាម​។


 
​តាមរយៈ​សេចក្តី​ជម្រាបជូន ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង ស្នើ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​និង​វិធានការ​ការពារ​ជំងឺ COVID-19 ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ​-​សង្កាត់ ក្រុង​-​ស្រុក​-​ខណ្ឌ និង រាជធានី​-​ខេត្ត បន្ថែមទៀត​។ 

កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ កន្លងមក លោក ម៉ម ប៊ុនហេង ធ្លាប់​បានចេញ​សេចក្តី​ជម្រាបជូន​ម្តង​រួចមកហើយ ដោយ​ស្នើសុំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ប្រាប់​ទៅគ្រប់​ប្រធាន​មន្ទីរ​សុខាភិបាល ឲ្យផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​មួយរយៈ ទោះ​ស្ថិតក្នុង​ការបំពេញ​ទស្សនកិច្ច សិក្សា​រៀនសូត្រ​ផ្លូវការ ឬ​ក្រៅផ្លូវការ​ក៏ដោយ ហើយ​ឲ្យ​ពួកគាត់ មាន​វត្តមាន​ជាប្រចាំ​នៅតាម​អង្គភាព​រៀងៗ​ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​ចាត់ចែង​បង្ការ​ទប់ស្កាត់​ការចម្លង​ជំងឺ COVID-19​។

រហូតដល់​ថ្ងៃទី​២៦ ខែកុម្ភៈ លោក ម៉ម ប៊ុនហេង ក៏​បានចេញ​សេចក្តី​ជ​ម្រាម​ជូន​មួយទៀត ស្នើសុំ​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត អប់រំ​ប្រជាពលរដ្ឋ ពី​ការបង្ការ​និង​ការទប់ស្កាត់​ការឆ្លង​ជំងឺផ្តាសាយបក្សី H1N1 ជាពិសេស​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​វៀតណាម ដូចជា កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង តាកែវ​។ 

រដ្ឋមន្ត្រីសុខាភិបាល ណែនាំ​ខ្លះៗ​ជាមុន​ថា ប្រជាពលរដ្ឋ មិនត្រូវ​ទទួលទាន​ស​ត្វ​បក្សី​ឈឺ​ឬ​ងាប់​ឡើយ ហើយ​រាល់​ម្ហូបអាហារ ត្រូវ​ច​ម្អិ​ត​ឲ្យ​បាន​ឆ្អិត​ល្អ​។ ប្រជាពលរដ្ឋ ត្រូវ​លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ មុនពេល​បរិភោគ ឬ​បន្ទាប់ពី​ប៉ះពាល់​បក្សី​។

លោករដ្ឋមន្រ្តី អះអាងថា កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ជំងឺផ្តាសាយបក្សី H1N1 បាន​ផ្ទុះឡើង​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម ហើយ​អាជ្ញាធរ​វៀតណាម បាន​កម្ទេច​សត្វ​មាន់​ប្រមាណ​៥,៥​ម៉ឺន​ក្បាល​។ 

យ៉ាងណា មិនទាន់មាន​សេចក្តីរាយការណ៍​ថា ជំងឺផ្តាសាយបក្សី H1N1 រាលដាល​ចូល​មកដល់​កម្ពុជា​នោះទេ​។ ចំណែក ជំងឺ COVID-19 កម្ពុជា បាន​រកឃើញ​១​ករណី​ក្នុង​ខេត្ត​ព្រះសីហនុ លើ​បុរស​ជនជាតិ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់ កាលពី​កន្លងទៅ តែ​គាត់ ត្រូវបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ និង​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ចិន​វិញ​ហើយ​។ មិនទាន់មាន​ការអះអាង​ពី​ការរកឃើញ​ករណី COVID-19 បន្ថែម​នៅ​កម្ពុជា​នោះទេ​។ ​

គិត​មកដល់ពេលនេះ អ្នកស្លាប់​ដោ​សារ​ជំងឺ COVID-19 មាន​ជាង​២,៧​ពាន់​នាក់ ហើយ​អ្នក​ឆ្លង មាន​ជាង​៨,១​ម៉ឺ​នាក់​។ 

បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មាន​អា​ការៈគួរ​ឲ្យ​សង្ស័យ ដូចជា ក្តៅខ្លួន​លើសពី​៣៨.៥ អស្សា​សេ ក្អក ហៀរ​សំបោរ ពិបាក​ដកដង្ហើម និង ធ្លាប់​ប៉ះពាល់​បក្សី ជាដើម ត្រូវ​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១១៥, ០១២ ៤៨៨ ៩៨១, ឬ ០១២ ៨៣៦ ៨៦៨ ដើម្បី​សួរ​ព័ត៌មាន​ពី​ជំងឺ COVID-១៩ ឬ ជំងឺ H1N1៕

Tag:
 ម៉ម ប៊ុនហេង​
  អភិបាល​រាជធានី​-​ខេត្ត​
  COVID-19
  H1N1
© រក្សាសិទ្ធិដោយ thmeythmey.com