អន្តរជាតិ
លោក មហា​ធៀ បន្ត​ដឹកនាំ​ម៉ាឡេស៊ី ឬ​ដល់​វេន​លោក អាន់​វ៉ា​?
27, Feb 2020 , 3:34 pm        
រូបភាព
រូបភាព Bowling Green Daily News
រូបភាព Bowling Green Daily News
​វិបត្តិ​នយោបាយ​នៅ​ម៉ាឡេស៊ី នៅតែ​រក​ច្រកចេញ​មិនទាន់​ឃើញ ខណៈ​អ្នកនយោបាយ​ធំៗ​ពីរ គឺ​លោក មហា​ធៀ មហាម៉ាត់ ដែល​លាលែង និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម សុទ្ធតែ​បង្ហាញ​ចេតនា​ចង់​ដឹកនាំ​ប្រទេស​។ ការ​ប្រទាញប្រទង់​រវាង​អ្នកនយោបាយ​ទាំងពីរ កាន់តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​តានតឹង​មួយកម្រិត​ទៀត​។ ស្របគ្នា​នេះ មហាក្សត្រ​ម៉ាឡេស៊ី បានបញ្ចប់​ជំនួប​ជាមួយ​សមាជិកសភា​ទាំងអស់​ដើម្បី​សួរ​ពី​ជំហរ​លើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី ក៏ដូចជា​ជម្រើស​ចុងក្រោយ គឺ​ការបោះឆ្នោត​ទូទៅ​។​

 
​នរណា​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី​? នេះ​ជា​សំណួរ​នៅ​ចំ​កណ្ដាល​ភាពមិនច្បាស់លាស់​នៃ​ស្ថានការណ៍​ន​យោ​បារ​បស់​នៅ​ម៉ាឡេស៊ី ក្រោយ​ការលាលែង​ពី​តំណែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក មហា​ធៀ មហាម៉ាត់ នៅ​ដើម​សប្ដាហ៍​នេះ​។ ដើម្បី​រក​នាយករដ្ឋមន្ត្រី​ថ្មី មហាក្សត្រ​ម៉ាឡេស៊ី បានធ្វើ​រឿង​មិន​ធ្លាប់​កើតឡើង​ទាល់តែសោះ​ក្នុង​ឆាកនយោបាយ​ប្រទេស គឺ​សម្ភាស​សមាជិក​ទាំងអស់​ម្ដងម្នាក់ៗ​ដើម្បី​សួរ​ពួកគេ​ពី​ជម្រើស​មេដឹកនាំ​ប្រទេស​ថ្មី​។​
 
​បច្ចុប្បន្ន អ្នកនយោបាយ​ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នេះ​មាន​ពីររូប​សំខាន់ គឺ​លោក មហា​ធៀ ដែល​លាលែង និង​កំពុង​កាន់តំណែង​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្ន និង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​សម្ពន្ធភាព Pakatan Harapan ។ ទាំង​លោក មហា​ធៀ ទាំង​លោក អាន់​វ៉ា សុទ្ធតែ​បង្ហាញ​បំណង​ដឹកនាំ​ម៉ាឡេស៊ី​ដូចគ្នា​។​
 
​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ លោក មហា​ធៀ ដែលមាន​វ័យ​៩៤​ឆ្នាំ​ទៅហើយ ប្រកាសថា លោក​នឹង​បន្ត​ដឹកនាំ​ប្រទេស ប្រសិនបើ​មានការ​គាំទ្រ​គ្រប់គ្រាន់​។ ជាមួយនឹង​ការសុំ​ទោស​ទៅកាន់​ប្រជាជន​ចំពោះ​បញ្ហានយោបាយ​បែបនេះ លោក មហា​ធៀ ក៏​បង្ហាញ​ចេតនា​រៀបចំ​រដ្ឋាភិបាល​រួបរួម​ថ្មី​មួយ​ដែលមាន​សមាសភាព​មក​ពី​បក្សនយោបាយ​ទាំងអស់​។ ក្នុងករណី មិនមាន​ការគាំទ្រ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា លោក​នឹង​ឈរ​ខាង​បេក្ខភាព​ដែល​សមាជិកសភា​ជ្រើសរើស​វិញ​។ 
 
​ដោយឡែក​លោក អាន់​វ៉ា វិញ ក៏​ត្រូវបាន​សម្ពន្ធភាព Pakatan Harapan គាំទ្រ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ សម្ពន្ធភាព​នេះ​បច្ចុប្បន្ន​មាន​សមាជិក​បី​បក្ស​ប៉ុណ្ណោះ ហើយ​បាន​បាត់បង់​សំឡេង​ភាគច្រើន​ក្នុង​សភា​ទៅហើយ ក្រោយ​ការចាកចេញ​របស់​សមា​ជិ​ក​សភា​ចំនួន​៣៧​នាក់​ដែល​គាំទ្រ​លោក មហា​ធៀ ។ 
 
​វិបត្តិ​នយោបាយ​ម៉ាឡេស៊ី បាន​ប្រែប្រួល​ភា្ល​មៗ ក្រោយ​ការលាលែង​របស់លោក មហា​ធៀ ពី​តំណែង​នាយករដ្ឋមន្ត្រី​។ ដើមហេតុ​នៃ​ការលាលែង​នេះ គឺ​បណ្ដាលមកពី​លោក មហា​ធៀ មិន​ពេញ​ចិត្តនឹង​សមាជិក​នៃ​សម្ពន្ធភាព Pakatan Harapan ខ្លះ​ដែល​នាំគ្នារ​ត់ទៅ​បង្កើត​សម្ពន្ធភាព​ថ្មី សំដៅ​រដ្ឋាភិបាល​ថ្មី​មួយ​ដែល​បញ្ចូល​បក្សប្រឆាំង UMNO របស់​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ផង​។ គោលដៅ​របស់​ពួកគេ គឺ​បិទ​ផ្លូវលោក អាន់​វ៉ា មិន​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី និង​ឲ្យ​លោក មហា​ធៀ កាន់តំណែង​ដល់​ចប់​អាណត្តិ​។​
 
​យ៉ាងណាមិញ លោក មហា​ធៀ បាន​ប្រឆាំង ហើយក៏​សម្រេចចិត្ត​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​តែម្ដង ព្រម​គ្នា​តំណែង​ប្រធាន​បក្ស Bersatu របស់លោក​ទៅទៀត ប៉ុន្តែ​ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ​ថា លោក​នឹង​ត្រឡប់​ទៅ​ដឹកនាំ​បក្ស​ចាស់​ឡើងវិញ​។ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ មហាក្សត្រ​ម៉ាឡេស៊ី ក៏​កោះហៅ​លោក មហា​ធៀ ចូលគាល់​នា​រាជវាំង​ក្រុង​គួ​ឡា​ឡាំ​ពួ​។ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ណាមួយ​ត្រូវបាន​បញ្ចេញ​ពី​ជំនួប​នេះឡើយ​។​
 
​ស្របគ្នា​នេះ បក្សប្រឆាំង UMNO និង​បក្ស PAS ក៏​ស្នើ​ឲ្យ​មានការ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដើម្បី​ជ្រើសរើស​សមាជិកសភា​ទាំង​២២២​នាក់ និង​ទម្លាយ​ការ​ទាល់ច្រក​ផ្នែក​នយោបាយ​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com