COVID-19
អន្តរជាតិ
លោក ត្រាំ ចាត់តាំងអនុប្រធានាធិបតីឲ្យដឹកនាំការប្រយុទ្ធប្រឆាំង COVID-19
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៦ ខែកុម្ភៈ និយាយថា លោកកំពុងពិចារណាដាក់ការរឹតត្បិតការធ្វើដំណើរលើអ៊ីតាលី និងកូរ៉េខាងត្បូងជាទីដែលកូរ៉ូណាវីរុសកំពុងវាយលុកខ្លាំង។ លោក ត្រាំ បានហៅស្ថានការណ៍វីរុសនៅទឹកដីអាមេរិក ស្ថិតនៅកម្រិតទាបដែលមិនទាន់ក្លាយជាការគំរាមកំហែងធ្ងន់ធ្ងរឡើយ។ លោក ត្រាំ ក៏បានចាត់តាំងឲ្យអនុប្រធានាធិបតី ម៉ៃ ផេន ដឹកនាំការងារប្រយុទ្ធប្រឆាំងនឹងវីរុសប្រភេទថ្មីនេះ។
នាសន្និសីទសារព័ត៌មាននៅសេតវិមានស្ដីពីជំងឺផ្លូវដង្ហើមថ្មី (COVID-19) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា ហានិភ័យរបស់ជំងឺមួយនេះលើប្រជាជនអាមេរិក ស្ថិតនៅកម្រិតទាបនៅឡើយ ស្របពេលដែលអាជ្ញាធរក៏បានត្រៀមខ្លួនជាស្រេចដើម្បីដោះស្រាយបញ្ហាផងដែរ។ បើតាមលោក ត្រាំ វីរុសប្រភេទថ្មី នៅតែអាចរាលដាលទ្រង់ទ្រាយធំនៅលើទឹកដីអាមេរិក ដែលបច្ចុប្បន្ននេះមានករណីឆ្លងជាង៥០នាក់ហើយដែរ។
ជាវិធានការទប់ស្កាត់ការឆ្លងពីខាងក្រៅ លោក ត្រាំ ក៏បានពិចារណារឹតត្បិតការធ្វើដំណើរពីប្រទេសដែលកំពុងរាតត្បាតដោយ COVID-19 មានអ៊ីតាលី និងកូរ៉េខាងត្បូង។ បច្ចុប្បន្ន អ៊ីតាលី មានករណីឆ្លង៤០០នាក់ និងស្លាប់១២នាក់ ឯកូរ៉េខាងត្បូងមានជាង១៥០០ករណី និងស្លាប់១៣នាក់។ អ៊ីតាលី ត្រូវបានចាត់ទុកជាប្រភពចម្លងធំមួយនៅអឺរ៉ុប ដោយករណីឆ្លងនៅប្រទេសនានា សុទ្ធតែធ្លាប់មានប្រវត្តិធ្វើដំណើរទៅអ៊ីតាលី។
«នៅពេលវេលាសក្តិសម យើងប្រហែលធ្វើវា តែឥឡូវនេះ មិនមែនជាពេលវេលាត្រឹមត្រូវឡើយ។» លោក ត្រាំ ឆ្លើយបែបនេះទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធវិធានការបិទការធ្វើដំណើរមកពីអ៊ីតាលី និងកូរ៉េខាងត្បូង។ សព្វថ្ងៃ អាមេរិក បានអនុវត្តវិធានការបែបនេះលើអ្នកដំណើរទាំងអស់ទៅពីទឹកដីចិន។ សម្រាប់ករណីកូរ៉េខាងត្បូង ក្រសួងការបរទេសអាមេរិក បានស្នើឲ្យប្រជាជនអាមេរិកបញ្ចៀសការធ្វើដំណើរមិនចាំបាច់។
ពីកម្មវិធីនៅសេតវិមាន លោក ត្រាំ ក៏ប្រកាសការចាត់តាំងឲ្យអនុប្រធានាធិបតី ម៉ៃ ផេន ដឹកនាំការងារសម្របសម្រួលស្ថាប័នពាក់ព័ន្ធនានាលើកិច្ចការគ្រប់គ្រង និងទប់ស្កាត់ COVID-19 នេះដែរ។ មុននេះ រដ្ឋមន្ត្រីសុខាភិបាល Alex Azar ជាអ្នកទទួលបន្ទុកមើលការខុសត្រូវ។ ការចាត់តាំងមន្ត្រីថ្នាក់ខ្ពស់ក្នុងប្រទេសឲ្យដឹកនាំការងារនេះ ជាសញ្ញាបង្ហាញការពីការប្រុងប្រយ័ត្នខ្ពស់របស់អាមេរិក ប្រឈមមុខនឹងហានិភ័យរបស់វីរុសដែលសម្លាប់មនុស្សជាង២៨០០នាក់ហើយ។
អំឡុងសន្និសីទសារព័ត៌មានដដែល មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) ក៏បានប្រកាសពីករណីក្នុងសហគមន៍លើកដំបូងលើពលរដ្ឋអាមេរិកម្នាក់ផងដែរ។ មានន័យថា អ្នកជំងឺចុងក្រោយនេះ មិនធ្លាប់ធ្វើដំណើរទៅកាន់ប្រទេស ឬតំបន់ដែលងាយឆ្លង COVID-19 ឡើយ តែឆ្លងពីអ្នកជំងឺម្នាក់ទៀត។ ការឆ្លងបែបនេះ គឺជាក្ដីបារម្ភដ៏ធំមួយសម្រាប់ប្រទេសជាច្រើន ព្រោះវាអាចបង្កឲ្យមានករណីឆ្លងកាន់តែច្រើនថែមទៀត៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
អ៊ីតាលី
កូរ៉េខាងត្បូង
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com