កីឡាជាតិ
ជាតិ
គំរូ! ក្លិបអង្គរថាយហ្គឺរធ្វើតេស្តទឹកនោមកីឡាកររកសារធាតុញៀន ដើម្បីបង្ហាញភាពស្អាតស្អំ សកម្មភាពកីឡាករអង្គរថាយហ្គឺរទៅធ្វើតេស្តទឹកនោមរកសារធាតុញៀននៅគ្លីនិក, រូបភាពទាំងអស់ពីក្លិបអង្គរថាយហ្គឺរ
× ក្លិបបាល់ទាត់អង្គរថាយហ្គឺរ គឺជាក្លិបដំបូងគេក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ដែលបានធ្វើតេស្តទឹកនោមកីឡាករនិងក្រុមការងាររកសារធាតុញៀន។ នេះជាគំរូមួយដ៏ល្អសម្រាប់ក្លិបដទៃ ក្នុងការយកទៅអនុវត្តតាម ដើម្បីបង្ហាញពីភាពស្អាតស្អំក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
ក្លិបបាល់ទាត់អង្គរថាយហ្គឺរនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ បានធ្វើតេស្តទឹកនោមរកសារធាតុញៀនដល់កីឡាករ គ្រូបង្វឹក និងក្រុមការងារ ដើម្បីបង្ហាញពីស្អាតស្អំ និងភាពជាគំរូដល់ក្លិបដទៃ។ សម្រាប់អង្គរថាយហ្គឺរធ្វើបែបនេះ គឺដើម្បីធានាគុណភាពក្នុងក្រុម ក៏ដូចជាបង្ហាញពីភាពស្មោះត្រង់របស់ពួកគេដល់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់។
«ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានធ្វើតេស្តទឹកនោមនៅមន្ទីព្យាបាល Life Care Clinic ដល់កីឡាករ រួមទាំងក្រុមការងារដើម្បីពិនិត្យមើលសារធាតុញៀនដើម្បីធានាឲ្យបាននូវគុណភាព និងគំរូ ក៏ដូចជាចង្អុលបង្ហាញដល់អ្នកគាំទ្រដែលគាំទ្រពួកយើង និងសហគមន៍បាល់ទាត់កម្ពុជាថា ក្លិបអង្គរថាយហ្គឺរស្អាតស្អំគ្មានសកម្មភាពខុសច្បាប់ណាមួយនោះទេ»។ ក្លិបអង្គរថាយហ្គឺរបានសរសេរដូច្នេះនៅលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០។
ទង្វើនេះ ក៏ជាផ្នែកមួយជួយរួមចំណែកបោសសម្អាតភាពមិនស្អាតស្អំក្នុងវិស័យកីឡានៅកម្ពុជា ពាក់ព័ន្ធបង្ហាញការប្រើប្រាស់សារធាតុលើកកម្លាំងផងដែរ៕
Tag:
បាល់ទាត់
អង្គរថាយហ្គឺរ
Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com