ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​៥​ដែល​អ្នកគាំទ្រ​ត្រូវតែ​ទស្សនា ONE: KING OF THE JUNGLE
27, Feb 2020 , 10:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កាន់តែ​ខិតជិត​ដល់​ហើយ នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែកុម្ភៈ ONE Championship បាន​ត្រឡប់​ទីក្រុង​តោ​សាជាថ្មី​ដែលមាន​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​និង​គូ​ខ្លាំងៗ​ជាច្រើន​។ កម្មវិធី​ONE: KING OF THE JUNGLE ត្រូវ​រៀបចំ​នៅ​សង្វៀន Singapore Indoor Stadium ដែល​នឹង​ផ្ដល់​ភាព​ជក់ចិត្ត​ដល់​អ្នកគាំទ្រ ដ្បិត​មាន​គូប្រកួត​ខ្លាំងៗ​រហូតដល់​១១​គូ​។


 
​ខាងក្រោម​នេះ​ជា​ហេតុផល​ចំនួន​៥​មិនត្រូវ​ខកខាន​ទស្សនា​កម្មវិធី ONE: KING OF THE JUNGLE នោះឡើយ​។ 
 
#1 គូ​ដណ្ដើម​ខ្សែក្រវាត់ World Title និង​ជាការ​សងសឹក​

 
 
​ម្ចាស់​ខ្សែក្រវាត់​ពីរ​ប្រភេទ​កីឡា​ផ្សេងគ្នា Stamp Fairtex និង កីឡាការិនី Janet Todd ឬ មានឈ្មោះ​ក្រៅ “JT” នឹង​ជួបគ្នា​ជាថ្មី​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​ពេលនេះ គឺ ត្រូវ​ដណ្ដើម​ខ្សែ​ដណ្ដើម​ខ្សែក្រវាត់​kickboxing វិញ​ម្ដង​។ ក្នុងជំនួប​ឆ្នាំមុន Stamp យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាការិនី​អាមេរិក​ក្រោយ​បញ្ចប់​ការប្រកួត​៥​ទឹក​។ Stamp ក៏​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ពេល​គេ​ដាក់​ឲ្យ​សម្ពោធ​ជា​លើកដំបូង​ក្រោយ​ឈ្នះ JT​។ បន្ទាប់ពី​ការប្រកួត​នោះ កីឡាការិនី​ទាំងពីរ​មិនដែល​ចាញ់​ការប្រកួត​សោះឡើយ​។  កីឡាការិនី​មកពី Fairtex ក៏បាន​ការពារ​ខ្សែក្រវាត់​បានសម្រេច​លើ Alma Juniku និង​ឈ្នះ​ការប្រកួត​គុន​ចម្រុះ​៣​លើក​ជាប់​គ្នា​។ 
 
“JT” ក៏​ឈ្នះ​៣​លើក​ជាប់​គ្នា​រួមបញ្ចូល​ទាំង​ផ្ដួល Wang Chin Long ឲ្យ​សន្លប់​នៅក្នុង​ការប្រកួត kickboxing, ឈ្នះ​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Atomweight Kickboxing World Champion កីឡាការិនី “Killer Bee” Chuang Kai Ting និង​ផ្ដួល​កីឡាការិនី Ekaterina “Barbie” Vandaryeva ឲ្យ​សន្លប់​ដោយ​ប្រើ​ក្បាច់​ទាត់​ចំក្បាល​។ នេះ​ជាការ​ប្រកួត​គូ​ឯក​ឡើង​ការពារ​ខ្សែក្រវាត់ kickboxing របស់ Stamp​។  ការប្រកួត​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​មិន​ខាន​។ 
 
#2 ខ្សែក្រវាត់​ថ្មី ONE Strawweight Muay Thai World Title ដាក់​ឲ្យ​ដណ្ដើម​លើកដំបូង​

 

​នេះ​ជា​ខ្សែក្រវាត់​ថ្មី​នៅ Singapore Indoor Stadium ពេល Sam-A Gaiyanghadao ត្រូវ​តតាំង​នឹង Rocky Ogden​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title ដែលជា​ការប្រកួត​គូ​ឯក​រង​។ Sam-A ជា​អតីត​កីឡាករ​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion មិន​ធ្លាប់មាន​នៅពេល​រូបគេ​ឈ្នះ​កាល​ខែឧសភា ឆ្នាំ ២០១៨​។ មួយឆ្នាំ​ក្រោយមក​រូបគេ​ក៏​របូត​ទៅវិញ​ហើយ​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូបនេះ​រំកិល​មក​ប្រកួត​ក្នុង​ទម្ងន់ Strawweight វិញ​និង​ឈ្នះ​ខ្សែក្រវាត់ ONE Strawweight Kickboxing World Title កាល​ខែធ្នូ ពេល​គេ​ដាក់​ឲ្យ​ដណ្ដើម​លើកដំបូង​។ 
 
​បែបណា​ក្ដី Ogden ដែលមាន​វ័យ​ទើប​២០​ឆ្នាំ​ជា​ម្ចាស់​ខ្សែក្រវាត់ WPMF Muay Thai World Champion ហើយ​រូបគេ​ហ្វឹកហាត់​ក្រោម​ការ​បង្វឹក​របស់ John Wayne Parr ។ គេ​ជា​កីឡាករ​ល្បី​ម្នាក់​ដែល​ប្រកួត​ទល់នឹង​កីឡាករ​ល្បីៗ​លំដាប់​ពិភពលោក​នៅ​ប្រទេស​ថៃ​។  កីឡាករ​អូស្ត្រាលី​រូបនេះ​ជឿថា​វ័យ​របស់ខ្លួន និង ល្បឿន​ផង​អាច​បំបាក់​វីរបុរស​របស់​ថៃ​បាន​។ ប៉ុន្តែ​កីឡាករ​មកពី​បុរី​រាំ Sam-A ក៏​ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ទី​២​ដែរ​។ រីឯ​យុវជន​មកពី​អូស្ត្រាលី​ក៏​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​។ ដូច្នេះ​ប្រិយមិត្ត​ត្រូវតែ​តាមដាន ONE Strawweight Muay Thai World Title​។ 
 
#3 Akiyama រឹតតែ​ល្អមើល​នៅលើ​រេញ​


 
​កីឡាករ​គុន​ចម្រុះ​កូនកាត់​ជប៉ុន​-​កូរ៉េ  Yoshihiro Akiyama  ឬ “Sexy Yama” ក៏​ត្រលប់​មកវិញ​ដែរ​នៅ​ថ្ងៃ​សុក្រ​នេះ​។ ម្ចាស់​ខ្សែក្រវាត់ K-1 HERO’s Light Heavyweight Grand Prix Tournament Champion នៅតែមាន​ភាព​ទាក់ទាញ​ពេល​ជួប​កីឡាករ​អេ​ហ្សី​ប  Sherif “The Shark” Mohamed​។ 
 
Mohamed ជា​កីឡាករ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ EFC Light Heavyweight Title នៅ​ស្រុកកំណើត​របស់ខ្លួន ប៉ុន្តែ​ឥឡូវ​ត្រូវ​ប្រកួត​ទម្ងន់ welterweight វិញ​។ 
 
​កីឡាករ​មកពី Cairo មាន​ជំនាញ​ចំបាប់ និង kickboxing ហើយ មាន​ទំនុកចិត្ត​ដើម្បី​បញ្ចប់​វីរបុរស​ជប៉ុន​ត្រឹម​២​ទឹក​ប៉ុណ្ណោះ​។  បុរស​ទាំងពីរ​ក៏មាន​ជំនាញ​ចូលចាប់​ដូចគ្នា​ផងដែរ​។ អ្នក​ទាំងពីរ​ចង់​ទទួល​ជ័យជម្នះ​ដំបូង​ដូច​គ្ន​នៅ The Home Of Martial Arts​។ បើសិន​ធ្វើ​បានល្អ ឬ​ជ័យជម្នះ នោះ អ្នកឈ្នះ​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Welterweight World Title នៅ​ថ្ងៃ​អនាគត​។​
 
#4 កីឡាការិនី​ខ្លាំង​លំដាប់​ខ្សែក្រវាត់ Strawweight World Title 


 
​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Strawweight World Champion កីឡាការិនី “The Panda” Xiong Jing Nan កំពុង​សម្លឹងមើល​ការប្រកួត​រវាង Tiffany “No Chill” Teo និង Ayaka Miura ហើយ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ​នឹង​ឡើងទៅ​ជួប ម្ចាស់​ខ្សែក្រវាត់​សញ្ជាតិ​ចិន​ជាក់​ជាមិនខាន​។ 
 
​ក្រោយ​ចាញ់​លើ​ថ្វីដៃ Xiong កាល​ខែមករា ឆ្នាំ ២០១៨ ក្នុង​ការដណ្ដើម​ខ្សែក្រវាត់ ONE Women’s Strawweight World Title កីឡាការិនី Teo ត្រលប់​មកវិញ​ដោយ​យកឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​ម្ចាស់​ខ្សែក្រវាត់ Brazilian Jiu-Jitsu World Champion ៨​សម័យ កីឡាការិនី Michelle Nicolini​។ 
 
​កីឡាការិនី​សិង្ហ​បុរី កំពុង​ស្វែងរក​ជ័យជម្នះ​ម្ដងទៀត​ដើម្បី​យកឈ្នះ Miura​។ បែបណា​ក្ដី Miura ឈ្នះ​រហូតដល់​៦​លើក​ជាប់​គ្នា រួមទាំង​ការ​ឈ្នះ​៣​លើក​ជាប់​គ្នា ONE Championship​។  Teo នៅ​បារម្ភ​ចំពោះ​ក្បាច់​បញ្ចប់​របស់​កីឡាការិនី​ជប៉ុន​។ តើ​កីឡាការិនី​រូប​ណា​អាច​ឈានទៅ​ដណ្ដើម​ខ្សែក្រវាត់​នាពេលខាងមុខ​? 
 
#5 ការប្រកួត​គុន​ចម្រុះ​លើក​ទី​២​របស់ Phogat

 
 
​កីឡាការិនី​ឥណ្ឌា Ritu “The Indian Tigress” Phogat  បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ដំណើរ​ប្រកួត​គុន​ចម្រុះ​របស់ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE​។ កីឡាការិនី​មកពី  Evolve បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុង​កម្មវិធី ONE: AGE OF DRAGONS កាល​ខែ វិច្ឆិកា​។  កីឡាការិនី​បាន​ផ្ដួល Nam Hee Kim ឲ្យ​សន្លប់​ទៅ​ទឹក​ទី​១​។ នា​ថ្ងៃ​សុក្រ​ចុង​សប្ដាហ៍​នេះ Phogat ត្រូវ​ជួប “Miss Red” Wu Chiao Chen ដែលជា​កីឡាការិនី​មកពី​ឆាយ​នី​ស​តា​យ​ប៉ិ​។ Phogat មាន​ទំនុកចិត្ត​កាន់តែ​ខ្ពស់ និង ដាក់​គោលដៅ​ជា​កីឡាការិនី​ឥណ្ឌា​ទី​១ ក្នុង​គោលដៅ​ឈ្នះ​ខ្សែក្រវាត់​។ អ្នកគាំទ្រ​នៅ​សិង្ហ​បុរី នឹង​ឃើញ​កំពូល​កីឡាការិនី​គុន​ចម្រុះ​ដ៏​ខ្លាំង​ម្នាក់ទៀត​នៅ​ថ្ងៃ​អនាគត​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  





© រក្សាសិទ្ធិដោយ thmeythmey.com