COVID-19
អន្តរជាតិ
អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ លោកស្រី Masoumeh Ebtekar ឆ្លង COVID-19
27, Feb 2020 , 9:47 pm        
រូបភាព
ដោយ: រួបរួម
លោកស្រី Masoumeh Ebtekar អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ ទទួលបន្ទុក​កិច្ចការនារី និង​គ្រួសារ មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។​



លោកស្រី Ebtekar អាយុ៥៩ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស​២៥៤នាក់នៅអ៊ីរ៉ង់ដែលឆ្លង COVID-19 ដែលក្នុងនោះ​២៦នាក់បានស្លាប់។

​លោកស្រី Ebtekar ជា​ស្ត្រី​ដំបូង​ដែលមាន​តួនាទី​ក្នុង​គណៈរដ្ឋមន្ត្រី​អ៊ីរ៉ង់ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក និង​ជា​ស្ត្រី​ទី​បី​ក្នុង​ប្រវត្តិសាស្ត្រ​។ លោកស្រី​ទទួលបាន​ការតែងតាំង​សម្រាប់​តំណែង​បច្ចុប្បន្ន ចាប់តាំងពី​​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧​មក​។

លោកស្រីល្បីឈ្មោះខ្លាំងលើពិភពលោក ដោយលោកស្រីធ្លាប់ធ្វើជាអ្នកនាំពាក្យ​ជាភាសាអង់គ្លេស ឲ្យក្រុមចាប់ជំរិតនៅស្ថានទូតអាមេរិកប្រចាំក្រុងតេហេរ៉ង់ កាលពីឆ្នាំ​១៩៧៩ ដោយកាលណោះវិបត្តិការទូតបានអូស​បន្លាយដល់ទៅ៤៤៤ថ្ងៃ។

ទាក់ទងនឹង COVID-19 លោកស្រីជាឥស្សរជនទីពីរ​នៅអ៊ីរ៉ង់ដែលបានឆ្លង បន្ទាប់អនុរដ្ឋមន្ត្រីសុខាភិបាល បាន​អះអាងថា ខ្លួនបានឆ្លងផងដែរ កាលពីប៉ុន្មានថ្ងៃមុន៕




© រក្សាសិទ្ធិដោយ thmeythmey.com