ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ៖ រឿងពិបាកបំផុតពេលធ្វើកំណែទម្រង់ គឺមន្រ្តី មិនចង់បោះបង់សិទ្ធិកាន់កាប់លុយ
× សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កត់សម្គាល់ឃើញថា ក្នុងការធ្វើកំណែទម្រង់អ្វីមួយ រឿងពិបាកបំផុត គឺការដកតួនាទីឬសិទ្ធិកាន់កាប់ថវិកាពីមន្រ្តី ដ្បិតពួកគេ មិនងាយនឹងយល់ព្រមឡើយ។ សម្តេច បន្តថា ទម្រាំតែពួកគេ យល់ព្រម គឺត្រូវចំណាយពេលយូរបន្តិច ដែលជាហេតុនាំឲ្យការធ្វើកំណែទម្រង់នោះ មានភាពយឺតយ៉ាវ។
ចូលរួមធ្វើជាអធិបតីជាមួយអ្នកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់រដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចរដ្ឋមន្រ្តី លើកឡើងថា ការរៀបចំគោលការណ៍ឬគោលនយោបាយ ក្នុងការធ្វើកំណែទម្រង់ គឺមិនសូវពិបាកឡើយ ដើម្បីស្វែងរកការឯកភាពគ្នា ហើយកាត់បន្ថយអំណាចពីមន្រ្តី ក៏មិនពិបាកដែរ លើកលែងតែកាត់សិទ្ធិកាន់កាប់ថវិកា។
រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងថា៖«ពិបាកមែនទែន គឺត្រង់ស៊ីញ៉េកាត់លុយ និយាយអ៊ីចឹងតែម្តង និយាយឲ្យចំ ស៊ីញ៉េកាត់លុយនុ៎ងទេដែលពិបាក។ [គាត់ មានអារម្មណ៍ថា] លុយហ្នឹង អញធ្លាប់តែកាន់ ធ្លាប់តែឱប ដល់ពេលកាត់ ដូចស្រណោះអាលុយហ្នឹងម៉េចទេ វា ទៅជាអ៊ីចឹង រឿងតែប៉ុណ្ណឹងទេ»។
រដ្ឋមន្រ្តីរូបនេះ បន្ថែមថា៖«អាកាត់អំណាច ក៏មិនសូវពិបាកដែរ ឲ្យតែលុយនៅនឹងគាត់ កាត់អំណាច កាត់ភ្លាមៗ ដល់កាត់លុយ អាហ្នឹងតឹងតែង ហូ! មិនបានទេ តិចទៅគាត់ថា ហេ! គាត់រវល់ មិនទាន់បានមើលអ៊ីចឹងទៅ តាមពិត គាត់មើលហើយ តែគាត់មិនឯកភាព គាត់ស្តាយ គាត់មិនចង់ស៊ីញ៉េ»។
សំឡេងរដ្ឋមន្រ្តីមហាផ្ទៃ
សម្តេចរដ្ឋមន្រ្តី បកស្រាយពីផលលំបាកក្នុងការធ្វើកំណែទម្រង់នេះ គឺនៅពេលសម្តេច និយាយដល់ផែនការជាតិរយៈពេល១០ ដែលមានមជ្ឈដ្ឋានខ្លះ ឆ្ងល់ថា ហេតុអ្វីបានការរៀបចំផែនការជាតិម្តងៗ មានរយៈពេលយូរម្ល៉េះ រហូតដល់ទៅ១០ឆ្នាំ។ បើតាមសម្តេច ផែនការជាតិ១០ឆ្នាំដំណាក់កាលនេះ នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២០ ហើយរដ្ឋាភិបាល នឹងរៀបចំផែនការជាតិដំណាក់កាលថ្មីបន្តទៀត ដែលអាចមានរយៈពេល៥ឆ្នាំឬ១០ដូចមុនដដែល៕ © រក្សាសិទ្ធិដោយ thmeythmey.com