អន្តរជាតិ
មហា​ធៀ ថា សភា​នឹង​សម្រេច​តំណែង​នាយករដ្ឋមន្ត្រី ខណៈ​គ្មាន​អ្នកមាន​សំឡេង​ច្រើន​លើសលប់
28, Feb 2020 , 8:51 am        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ ថ្លែងអំឡុងសន្និសីទព័ត៌មានក្នុងក្រុង Putrajaya នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០ (Reuters)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ ថ្លែងអំឡុងសន្និសីទព័ត៌មានក្នុងក្រុង Putrajaya នៅថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២០ (Reuters)
ដោយ:
​នាយករដ្ឋមន្ត្រី​បណ្ដោះអាសន្នម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​បង្ហើប​ឲ្យ​ដឹងថា គ្មាន​បេក្ខភាព​ណាមួយ​អាច​ទទួលបាន​ការគាំទ្រ​ច្រើន​លើសលប់​ពី​សមាជិកសភា​ទាំង​២២២​នាក់​ឡើយ​។ ដូច្នេះ រឿង​រើស​នាយករដ្ឋមន្ត្រី​បន្ទាប់​នេះ នឹង​ធ្លាក់​ដល់ដៃ​សភា​។​ប៉ុន្តែ  លោក សង្កត់ធ្ងន់​ទៀតថា  ការបោះឆ្នោត​មុន​កំណត់ នឹងត្រូវ​រៀបចំឡើង ប្រសិនបើ​សភា​បរាជ័យ​ក្នុងការ​ឈានដល់​ការសម្រេចចិត្ត​រើស​ប្រមុខ​រដ្ឋាភិបាល​ថ្មី​បាន​នោះ​។

 
​ថ្លែង​នៅ​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ​ ក្រោយ​ជំនួប​ជាមួយ​មហាក្សត្រ​ម៉ាឡេស៊ី លោក មហា​ធៀ បាន​បញ្ជាក់ថា កិច្ចប្រជុំសភា​ពិសេស​មួយ នឹងត្រូវ​ប្រព្រឹត្ត​ធ្វើឡើង នា​ថ្ងៃ​០២ ខែមីនា ដើម្បី​សម្រេច​តំណែង​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ម៉ាឡេស៊ី​។ 
 
«​ក្រោយ​មហាក្សត្រ​បាន​សាកសួរ​សមាជិកសភា​ទាំងអស់ មហាក្សត្រ បាន​មានបន្ទូលថា ទ្រង់​ពុំ​អាច​ស្វែងរក​បេក្ខភាព​ណា​ដែលមាន​សំឡេង​ភាគច្រើន​លើសលប់​ឡើយ​»​។ លោក​មហា​ធៀ និយាយ​ដូច្នេះ ដោយ​បន្ថែមទៀតថា ដោយហេតុនេះ មហាក្សត្រ​បានប្រគល់​តួនាទី​ដល់​សភា​ជា​អ្នកសម្រេច​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក មហា​ធៀ គូសបញ្ជាក់ថា​៖«​សភា​ជាន់​ទាប (Dewan Rakyat) នឹង​រៀបចំ​អង្គប្រជុំ​មួយ នា​ថ្ងៃទី​២ ខែក្រោយ ក្នុង​គោលដៅ​សម្រេច​ថា​អ្នកណា​ទទួលបាន​ការគាំទ្រ​សំឡេង​ភាគច្រើន​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​»​។ ម្យ៉ាងទៀត លោក សង្កត់ធ្ងន់ថា​៖ «​ប្រសិនបើ​សភា​ម៉ាឡេស៊ី បរាជ័យ​ក្នុងការ​ស្វែងរក​មនុស្ស​ម្នាក់​ជាមួយ​សំឡេង​ភាគច្រើន​លើសលប់​ទេនោះ ដូច្នេះ​យើង​នឹង​ត្រូវតែ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​»​។  
 
​ទោះជា​បែបនេះ​ក្តី លោក មហា​ធៀ លើកឡើង​ទៀតថា លោក​នឹងមិន​បន្ត​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ឡើយ ប្រសិនបើ​លោក​ពុំបាន​ជាប់​ឈ្មោះ​ជា​បេក្ខភាព​ដែល​ទទួល​គាំទ្រ​ច្រើន​ពី​ផ្ទៃក្នុង​បក្ស​ក្នុង​អង្គប្រជុំ​សភា​ពិសេស​ទេនោះ​។ ត្រង់ចំណុច​នេះ លោក និយាយ​ដូច្នេះ​៖«​នរណា​ឈ្នះ ខ្ញុំ​នឹង​ទទួលយក​»​។ លើ​លទ្ធភាព​ដែល​ប្រធាន​បក្ស Bersatu លោក Muhyiddin Yassin ក្លាយជា​បេក្ខភាព​សម្រាប់​នាយករដ្ឋមន្ត្រី លោក មហា​ធៀ អះអាងថា​៖«​ប្រសិនបើ​មនុស្ស​គ្រប់គ្នា​ជ្រើសរើស​គាត់ ខ្ញុំ​យល់ព្រម​»​។  
 
​សូមបញ្ជាក់ថា មហាក្សត្រ​ម៉ាឡេស៊ី Abdullah Ri’ayatuddin Al-Mustafa Billah Shah បាន​កោះហៅ​សមាជិកសភា​ទាំងអស់​ចូល​គាល់​ក្នុង​រាជវាំង​ដើម្បី​ប្រកាស​ពី​ជម្រើស​បេក្ខភាព​សម្រាប់​នាយករដ្ឋមន្ត្រី ក្រោយពី​លោក មហា​ធៀ បាន​លាលែង​តំណែង កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ 
 
​គណបក្ស​ជនជាតិភាគតិច​រួម​រួប​ម៉ាឡេស៊ី Bersatu ដែល​ដកខ្លួន​ពី​សម្ព័ន្ធភាព​ Pakatan Harapan (PH) សម្ដែង​ការគាំទ្រ​លោក ​មហា​ធៀ ប​ន្ត​ជា​នាយករដ្ឋមន្ត្រី​។ បក្ស​៣​ផ្សេងទៀត​ដែល​នៅ​សេសសល់​ក្នុង​សម្ព័ន្ធភាព​នេះ ប្រកាស​ជំហរ​គាំទ្រ​លោក Anwar Ibrahim ដែលជា​ប្រធាន​បក្ស​យុត្តិធម៌​ប្រជាជន (PKR)​។ ដោយឡែក បក្ស UMNO របស់​អតីត​នាយករដ្ឋមន្ត្រី ​ណា​ជីប រ៉ា​ហ្ស៉ា​ក់ និង​បក្ស​ឥស្លាម​ម៉ាឡេស៊ី (PAS) បាន​ស្នើ​ឲ្យ​រំលាយ​សភា​ចោល ហើយ​រៀបចំ​ការបោះឆ្នោត​ថ្មី​។  
 
​ទោះជា​បែបនេះ​ក្តី លោក មហា​ធៀ បានបញ្ជាក់​ក្នុង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​កាលពី​ពុធ ទី​២៦ ខែកុម្ភៈ​ថា លោក​ចង់បាន​រដ្ឋាភិបាល​បង្រួបបង្រួម​ដែល​មិន​ប្រកាន់​បក្ខ​និយម​។ តែ​គំនិត​នេះ ត្រូវបដិសេធ​ដោយ​សម្ព័ន្ធ PH, បក្ស UMNO និង​បក្ស​ឥស្លាម​ម៉ាឡេស៊ី (PAS)​។ 
 
​ម៉ាឡេស៊ី មាន​កៅអី​សភា ២២២ អ​សនៈ​។ សម្ព័ន្ធភាព PH មាន​សមាជិកសភា​សហ​ព័ន្ធ​ចំនួន ៩២​នាក់ ដែល​រួមមាន បក្ស​សកម្មភាព​ប្រជាធិបតេយ្យ​(DAP) ៤២​នាក់​, ៣៩​នាក់​មកពី​បក្ស PKR និង​១១​នាក់​មកពី​បក្ស​ទំនុកចិត្ត​ជាតិ (Parti Amanah Negara)​។  
 
​សមាជិកសភា​១១​នាក់​មកពី​បក្ស PKR របស់ Anwar ដែល​បាន​លាឈប់​ពី​បក្ស និង​សម្ព័ន្ធភាព PH កាលពី​ថ្ងៃ​ចន្ទ បាន​សន្យារ​គាំទ្រ​លោក​ មហា​ធៀ ខណៈ​បក្ស​ Bersatu មាន ២៦ អ​សនៈ​។ សម្ព័ន្ធភាព​រណសិរ្ស​ជាតិ (Barisan Nasional) ដែលមាន​បក្ស UMNO ក្នុងនោះ មាន​សមាជិកសភា ៤២​នាក់ ខណៈ​បក្ស PAS មាន ១៨ អ​សនៈ​៕​

Tag:
 ម៉ា​ឡ​ស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com