ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារសម្រន់​អ្វីខ្លះ​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​?
28, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការជ្រើសរើស​អាហារ​ឱ្យបាន​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​ពួកគេ​។ ថា​តើ​អាហារសម្រន់​អ្វីខ្លះ​ដែលមាន​ប្រសិទ្ធភាព​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារសម្រន់​ទាំងនោះ ៖

១. បន្លែ​បៃតង​
 
​បន្លែ​បៃតង​ជា​ជម្រើស​នៃ​អាហារ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​! នោះ​ក៏​ព្រោះតែ​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​កំណត់​កម្រិត​នៃ​ជាតិ​ស្ករ​ដែល​បញ្ចេញ​ទៅក្នុង​ចរន្តឈាម​។ ដូច្នេះ​វា​មានន័យថា ការទទួល​ទាន​បន្លែ​បៃតង​ជួយ​ទប់ស្កាត់​បញ្ហា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ។​

២. គ្រាប់​ផ្កា​រីករាយ​
 
​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ក៏​ព្រោះ​គ្រាប់​ធញ្ញជាតិ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ព្រមទាំង​ជាតិ​ខ្លាញ់ polyunsaturated និង monounsaturated ដែល​ជួយ​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​ដែល​អាច​កើតឡើង​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​។ ម្យ៉ាងវិញទៀត គ្រាប់​ផ្កា​រីករាយ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ និង​ជាតិ​ស​សៃ ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។​
 
៣. ភេសជ្ជៈ​មាន​ផ្ទុក​កាឡូរី​ទាប​

​ការទទួល​ទាន​ទឹក​ធម្មតា គឺ​ល្អ​ណាស់​ហើយ ប៉ុន្តែ​ទឹក​បន្លែ ឬ​ផ្លែឈើ​ស្រស់​ក៏​ប្រសើរ​ដែរ​។ អ្នក​ក៏​អាច​បន្ថែម​ចំណិត​ត្រសក់ ឬ​ក្រូចឆ្មារ​ក្នុង​ទឹក​ធម្មតា​មុននឹង​ទទួលទាន​ក៏បាន​ដើម្បី​អត្ថប្រយោជន៍​ទ្វេដង​ចំពោះ​សុខភាព​។​
 
៤. ត្រី​សម្បូរ​ខ្លាញ់​
 
​ដោយសារ​ប្រូតេអ៊ីន​មិនអាច​ផ្ដល់​ផលប៉ះពាល់​ណាមួយ​ចំពោះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​នោះ​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​អ្នក​កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​គួរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ឱ្យបាន​ច្រើន​។ ហើយ​ជម្រើស​នៃ​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​សុខភាព​នោះ គឺមាន​ប្រភព​ចេញពី​ត្រី​សម្បូរ​ខ្លាញ់​។​
 
៥. ផ្លែ​បឺ​រ​ជាមួយ​ក្រូចឆ្មារ​

​នេះ​ជា​ជម្រើស​នៃ​អាហារសម្រន់​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ចង់​គ្រង់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ខ្លាញ់​ល្អ monounsaturated​។ អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​លើ​ផ្លែ​បឺ​រ​និង​រោយ​អំបិល​បន្តិច​ដើម្បី​បន្ថែម​រសជាតិ​។ ផ្លែ​បឺ​រ​មាន​ផ្ទុក​កាឡូរី​មិន​ទាប​ពេក​ឡើយ ដូច្នេះ​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​។ ប្រហែល​ត្រឹម​កន្លះ​ពែង​នៃ​ផ្លែ​បឺ​រ គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​អាហារសម្រន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com