ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​អាន​! កំពូល​អាហារ​អ្វីខ្លះ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​?
28, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​បំផុត​មួយ​នៃ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សាហាវៗ​ជាច្រើន រួមទាំង​ជំងឺ​ខ្សោយតម្រងនោម ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​។ ជំងឺ​ទាក់​ទឹង​នឹង​ក្រពេញ​លើ​តម្រងនោម ជំងឺ​តម្រងនោម ថ្នាំ​បំបាត់​ការឈឺចាប់ ថ្នាំ​ពន្យារកំណើត ស្ត្រេ​ស មិនសូវ​ហាត់ប្រាណ ទទួលទាន​អាហារ​មាន​ជាតិ​ប្រៃ ឬ​អំបិល​ច្រើន ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត កត្តា​ហ្សែ​ន និង​ជំងឺ​ធាត់​ជ្រុល​សុទ្ធតែជា​មូលហេតុ​ដែល​បង្ក​អោយ​កើតមាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​សុខភាព​ល្អប្រសើរ​និង​ចៀស​ផុតពី​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ វា​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​ត្រូវ​រក្សា​សម្ពាធ​ឈាម​ក្នុង​កម្រិត​ត្រឹមត្រូវ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​អោយដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​រក្សា ឬ​បញ្ចុះ​សម្ពាធ​ឈាម​ក្នុង​កម្រិត​ប្រក្រតី ៖
 
១. ឪឡឹក​
 
​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ដែល​ល្អ​សម្រាប់​អ្នកជំងឺ​លើសឈាម​។ ការទទួល​ទាន​ទឹក​ឪឡឹក​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិនឱ្យ​កើតឡើង​ចំពោះ​អ្នក​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​ផងដែរ​។ លើសពីនេះទៅទៀត​ទឹក​ឪឡឹក​ស្រស់​ក៏​ជា​ប្រភព​នៃ​សារធាតុ L-citrulline និង​អាស៊ីត​អា​មី​ណូ​ដែល​អាចជួយ​គ្រប់គ្រង​និង​បញ្ចុះ​សម្ពាធ​ឈាម​គួរឱ្យកត់សម្គាល់​។​
 
២. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​និង​សារធាតុ carotenoids ដែលមាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។​
 
៣. ក្រូចថ្លុង​
 
​សារធាតុ Hesperidin ដែលមាន​ផ្ទុក​នៅក្នុង​ផ្លែ​ក្រូចថ្លុង គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក ក៏ដូចជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ផ្សេងទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ទៅលើ​មុខងារ និង​សកម្មភាព​នៃ​សរសៃឈាម​តូចៗ​ផងដែរ​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ក្រូចថ្លុង ឬ​ទឹក​ក្រូចថ្លុង​ស្រស់​ទៀងទាត់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ក៏ដូចជា​បញ្ហា​សម្ពាធ​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៤. មើម​ឆៃថាវ​ក្រហម​
 
​ចូរ​បន្ថែម​ទឹក​មើម​ឆៃថាវ​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ប្រសិនបើ​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម​តាមបែប​ធម្មជាតិ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា ប្រសិទ្ធភាព​នេះ​បានមក​ដោយសារ​មើម​ឆៃថាវ​ក្រហម​មាន​កម្រិត​សារធាតុ​នីត្រាត​ខ្ពស់​។ ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​នីត្រាត​អាច​នាំឱ្យមាន​ប្រតិកម្ម​គីមី​ជា​បន្តបន្ទាប់​ក្នុង​ឈាម​ដែល​បញ្ហា​នេះ​អាច​បង្កើន​បរិមាណ​អុកស៊ីសែន​នៅ​កន្លែង​ដែល​រាងកាយ​ខ្វះ​។ លើសពីនេះទៅទៀត​ទឹក​មើម​ឆៃថាវ​ក្រហម​ក៏​ជួយ​ធ្វើអោយ​សរសៃឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​នឹង​ថយចុះ​។​
 
៥. ផ្លែ​ចេក​
 
​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​នោះ គឺ​ផ្លែ​ចេក​។ ផ្លែឈើ​នេះ​ងាយ​រកបាន ហើយ​មាន​តម្លៃថោក​សមរម្យ​ថែមទៀត​! ដើម្បី​ចៀស​ផុតពី​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ប្រសិនបើ​ចង់​បញ្ចុះ​សម្ពាធ​ឈាម ចូរ​ទទួលទាន​ផ្លែ​ចេក​ឱ្យបាន​ជាប្រចាំ​។​
 
៦. ផ្លែ​គី​វី​
 
​គី​វី ជា​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​ជាតិ​សូ​ដ្យូ​ម​ក្នុង​រាងកាយ​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​សម្ពាធ​ឈាម​ប្រក្រតី​នឹងធ្វើ​ឱ្យ​អ្នក​ជៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ជំងឺលើសឈាម​។​
 
៧. ខ្ទឹមស​
 
​មាន​ប្រសិទ្ធភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​បេះដូង​។ ខ្ទឹមស ត្រូវបាន​ចាត់ទុកជា​ឱសថ​ធម្មជាតិ​សម្លាប់​មេរោគ គ្រប់គ្រង​សម្ពាធ​ឈាម និង​ជួយ​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត​។ ការ​ទទួលទាន​ខ្ទឹមស​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ចរន្តឈាម​រត់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​ពិសេស​ទៅទៀត​នោះ គឺ​ខ្ទឹមស ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ផងដែរ​។​

៨. ខ្ទឹមបារាំង​
 
​សារធាតុ​ស្ពាន់ធ័រ​ក្នុង​ខ្ទឹមបារាំង​ដើរតួនាទី​ជា​ភ្នាក់ងារ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​គួរឱ្យកត់សម្គាល់​។ ខ្ទឹមបារាំង​ក៏មាន​ផ្ទុក​សារធាតុ quercetin ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​សរសៃឈាម​ផងដែរ​។​
 
៩. ត្រសក់​
 
​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្ក​ហានិភ័យ​នៃ​ជំងឺ​គួរ​ឲ្យ​ព្រួយបារម្ភ​ជាច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ត្រសក់​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​រក្សា​កម្រិត​ត្រឹមត្រូវ​នៃ​ជាតិ​សូ​ដ្យូ​ម​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
១០. ខ្នុរ​

​ខ្នុរ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។ ហើយ​ការរក្សាបាន​នូវ​សម្ពាធ​ឈាម​ប្រក្រតី​នឹងធ្វើ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​ជំងឺ​លើស​សម្ពាធ​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com