COVID-19
អន្តរជាតិ
អ្នក​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង កើន​លើស​២​ពាន់​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​១៣​នាក់​ដដែល​
28, Feb 2020 , 10:20 am        
រូបភាព
ដោយ:
​គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ២៨ ខែកុម្ភៈ កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ២៥៦​នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​តួលេខ​សរុប​ឡើងដល់ ២០២២​នាក់​។ នេះ​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បស់​កូរ៉េខាងត្បូង​។​

 
​ក្នុងចំណោម​ករណី​ថ្មី​ទាំង ២៥៦​នាក់​នេះ អ្នកជំងឺ ១៨២​នាក់ ស្ថិតក្នុង​ទីក្រុង Daegu ដែល​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល និង​៤៩​នាក់ ស្ថិតក្នុង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។ តួលេខ​អ្នក​ឆ្លង COVID-19 សរុប​ក្នុង​ទីក្រុង Daegu មាន ១៣១៤ នាក់ និង​ខេត្ត North Gyeongsang ចំនួន ៣៩៤​នាក់​។  មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បស់​កូរ៉េខាងត្បូង (KCDC) បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ ខណៈ​អ្នកស្លាប់​នៅតែ​១៣​នាក់​ដដែល​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អភិបាលក្រុង Daegu លោក Kwon Young-jin គូសបញ្ជាក់ថា អ្នក​ឆ្លង COVID-19 សរុប​របស់​ទីក្រុង​នេះ អាចឈាន​ដល់ ៣០០០​នាក់ ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​លទ្ធផល​ធ្វើតេស្ត​បន្ថែម​លើ​សមាជិក​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ចេញ​ជា​បន្តបន្ទាប់​។ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានចាប់ផ្ដើម​ត្រួតពិនិត្យ​លើ​សុខា​ភាព​សមាជិក ២១០ ០០០ នាក់​របស់​វិហារ​សាសនា​គ្រឹ​ស្ត​នេះ​។ 
 
​វិហារ​សាសនា​នេះ ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​។ 
 
​សូមបញ្ជាក់ថា គិតតែ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៧ ខែកុម្ភៈ កូរ៉េខាងត្បូង​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ចំនួន ៥០៥​នាក់​ថ្មី ដែល​បង្កើន​ករណី​សរុប​ដល់ ១៧៦៦​នាក់​។ ដោយ​បូក​បញ្ចូល​ករណី​ឆ្លង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ទៀត ដែលមាន​២៥៦​ករណី​ថ្មី​ទៀត អ្នក​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង ឡើងដល់ ២០២២​ករណី​ហើយ​៕

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com