ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យក្រសួងធម្មការពិនិត្យមើលព្រះសង្ឃទេសនាបែបកំប្លែង
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ស្នើឱ្យក្រសួងធម្មការពិនិត្យមើលព្រះសង្ឃ ដែលទេសនាបែបកំប្លែងនៅក្នុងវីធីនានា ដើម្បីចង់ដឹងថា ការទេសនាបែបនេះ វាប៉ះពាល់ដល់វិស័យសាសនាដែរទេ។ នាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ។
«ឥឡូវហ្នឹង (ព្រះសង្ឃ)ចាប់ផ្ដើមទេសនាកំប្លុកកំប្លែងហ្នឹង ខ្ញុំកូរណាខ្ញុំចេះតែចង់សួរថា ព្រះតេជគុណតើ(ការទេសនានេះ)ត្រូវឬអត់?...។ នេះជាចម្ងល់របស់សម្ដេច ហ៊ុន សែន ដែលស្នើឱ្យក្រសួងធម្មការ និងសាសនា រួមទាំងគណៈសង្ឃ ជួយពិនិត្យលើករណីនេះ។
សម្ដេច ហ៊ុន សែន ក៏មិនហ៊ានវាយតម្លៃថា ការទេសនាបែបនេះ វាខុសឆ្គងដែលនាំឱ្យប៉ះពាល់ដល់វិស័យសាសនាដែរ ប៉ុន្តែសម្ដេច គ្រាន់តែមិនចង់ឃើញការយកសាសនា ទៅលាយឡំជាមួយកំប្លែង និងចម្រៀងប៉ុណ្ណោះ នៅពេលទេសនា។
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានលើកឧទាហរណ៍ពីវីដេអូទេសនារបស់ព្រះសង្ឃមួយអង្គ ព្រះនាមលោកតា ស៊ុច ដែលបានទេសនាប្រៀបធៀបជីវិតរវាងអ្នកមាន និងអ្នកក្រ ឱ្យពុទ្ធបរិស័ទ្ធស្ដាប់ ។ក្នុងពេលទេសនានោះលោកតា ស៊ុច មានសង្ឃដីកាពន្យល់ថា «អ្នកមាន»គិតវីធីរកលុយគ្រប់ពេលវេលា ចំណែក«អ្នកក្រ» គិតតែជុំគ្នាផឹកស៊ី និងស្រែកច្រៀង។ លោកតា ស៊ុច ក៏បន្តសង្ឃដីកាលើកយកបទ «ចាប់យំល្វើយៗ» ដោយព្រះអង្គបង្ហើរព្រះសំនៀង ត្រាប់តាមបទចម្រៀងនេះផងដែរ។ វីដេអូទេសនារបស់លោកតា ស៊ុច ដែលមានការលាយឡំបែបកំប្លែងនៅលើបណ្ដាញយូធូបនេះ មានអ្នកចូលទស្សនារាប់ម៉ឺននាក់។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដូច្នេះថា៖«ព្រះសង្ឃខ្លះ ក៏ទេសនាតាមរបៀបកំប្លែងអ៊ីចឹងទៅ ហើយពុទ្ធបរិស័ទ្ធ លោកយាយ លោកតា ក៏ចេះតែសើចអ៊ីចឹងទៅ ដល់អ៊ីចឹង ទៅជាដណ្ដើមការងាររបស់ ព្រហ្មម៉ាញ (អ្នកអាយ៉ៃបែបកំប្លែង) អស់ទៅ។ អ៊ីចឹងទេ ក៏ត្រូវគិតទៅដល់ពេលអនុសំវច្ចរ(មហាសន្និបាតសង្ឃ)មន្ត្រីសង្ឃទូទាំងប្រទេសហ្នឹង ក៏គួរតែពិនិត្យកែលម្អកន្លែងហ្នឹង ក្រសួងធម្មការក៏ត្រូវពិនិត្យថា តើត្រូវនឹងបែបបទព្រះពុទ្ធសាសនាឫអត់? បើសិនជាឡើងគ្រែទេសនា ហាក់ដូចជាគ្រែកំប្លែង។ ខ្ញុំកូរណាខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ ទុកឱ្យព្រះសង្ឃបកស្រាយទៅចុះ»។
សម្រាប់សម្ដេច ហ៊ុន សែន ការទេសនាបែបកំប្លែងនេះ ក៏មិនមែនជារឿងអាក្រក់អ្វីនោះដែរ ប៉ុន្តែក៏មិនអាចឱ្យប៉ះពាល់ដល់បាវនាជាតិខ្មែរ «ជាតិ សាសនា ព្រះមហាក្សត្រ» នោះទេ។ បើតាមសម្ដេច ហ៊ុន សែន ដើម្បីឱ្យពលរដ្ឋមានជំនឿ និងប្រកាន់ខ្ជាប់នូវសាសនានោះ គឺអាស្រ័យលើអ្នកអប់រំសាសនាតែម្ដង។ «យើងមិនអាចបន្ទោសប្រជាពលរដ្ឋបានទេ បញ្ហាស្ថិតនៅត្រង់ថា ព្រះពុទ្ធសាសនា ផ្ដល់នូវជំនឿជឿជាក់ដល់ប្រជាជាតិឬអត់?...»។នេះជាការបន្ថែមរបស់ប្រមុខរដ្ឋាភិបាល៕
Tag:
ហ៊ុន សែន
សាសនា
ក្រសួងធម្មការ
© រក្សាសិទ្ធិដោយ thmeythmey.com