កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Man Utd និង Wolves ឡើងទៅវគ្គបន្ត ខណៈ Arsenal ធ្លាក់
× ក្រុមអង់គ្លេស Manchester United និង Wolverhampton Wanderers បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌ UEFA Europa League ស្របពេល Arsenal ធ្លាក់ត្រឹមវគ្គ៣២ក្រុម ក្រោយចាញ់ក្រុមក្រិក Olympiacos ក្នុងម៉ោងបន្ថែមដោយលទ្ធផល ២-១ នាជំនួបជើងទី២។
គ្រាប់ស៊ុតបញ្ចូលទីចំនួន៥គ្រាប់បានកើតឡើងនៅ Old Trafford នាជំនួបជើងទី២ វគ្គ៣២ក្រុមចុងក្រោយ រវាង Man Utd ទល់នឹង Club Brugge នៅរាត្រីថ្ងៃទី២៧ ខែកុម្ភៈ។ ៥គ្រាប់នេះគឺសុទ្ធតែធ្វើបានដោយក្រុមម្ចាស់ផ្ទះបិសាចក្រហម ក្នុងជ័យជម្នះ ៥-០ លើក្រុមភ្ញៀវដែលមកពីលីគកំពូលបែលហ្ស៊ិក។
ខ្សែបម្រើ Bruno Fernandes ជាអ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមលោក Ole Gunnar Solskjaer មុននៅនាទី២៧ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ ក្រោយខ្សែការពារ Simon Deli យកដៃរារាំងបាល់នៅតំបន់គ្រោះថ្នាក់និងទទួលបានកាតក្រហមបណ្តេញចេញផង។
កីឡាករចំណូលថ្មីម្នាក់ទៀត Odion Ighalo បានសម្រេចគ្រាប់ទី២នៅនាទី៣៤ មុនពេលខ្សែបម្រើដែលទើបជាពីរបួស Scott McTominay បន្ថែមគ្រាប់ទី៣មុនបញ្ចប់វគ្គទី១នាទី៤១។ ខ្សែបម្រើប្រេស៊ីល Fred ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ជាបន្តបន្ទាប់នៅនាទី៨២ និង៩០ ដើម្បីជួយ Man Utd យកឈ្នះ Club Brugge ៥-១ និងលទ្ធផលសរុបទាំងពីជើង ៦-១។
Wolves ក៏បានកៅអីទៅវគ្គ១៦ក្រុមផងដែរ បើទោះពួកគេចាញ់ RCD Espanyol ៣-២ ក្នុងជំនួបជើងទី២នេះក៏ដោយ។ កាលពីជើងទី១ ក្រុមអង់គ្លេសបានយកឈ្នះក្រុមអេស្ប៉ាញក្នុងលទ្ធផល ៤-០ ឯណោះ ដូច្នេះសរុបទាំងពីរជើង Wolves ឈ្នះ Espanyol ៦-៣។
ដោយឡែកក្រុមពីក្របខណ្ឌអង់គ្លេសមួយទៀតគឺ Arsenal សល់ត្រឹមការខកចិត្តប៉ុណ្ណោះក្រោយធ្លាក់ត្រឹមវគ្គ៣២ក្រុមនៃពានរង្វាន់លំដាប់ទី២អឺរ៉ុបនេះ។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅ Mikel Arteta ភ្លាត់ស្នៀតចាញ់ Olympiacos ក្នុងដីខ្លួនឯងសម្រាប់ជំនួបជើងទី២ក្នុងលទ្ធផល ២-១ ខណៈជើងទី១ដែលធ្វើនៅទឹកដីក្រិក កាំភ្លើងធំយកឈ្នះ ១-០ ទៅហើយ។
ខ្សែការពារ Pape Abou Cisse តែតបញ្ចូលទី១គ្រាប់ជួយ Olympiacos នាំមុខមុននៅនាទី៥៣។ ដោយសារលទ្ធផលប្រកួតផ្លូវការ៩០នាទីបានបញ្ចប់ដោយលទ្ធផល ១-០ និងសរុបលទ្ធផលទាំងពីរជើង ១-១ នោះតម្រូវក្រុមទាំងពីរបន្ថែមម៉ោងប្រកួត១៥នាទី២ដង។ នៅនាទី ១១៣ ខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang បានសម្រេចគ្រាប់នាំមុខដោយប្រើក្បាច់កាប់ចាន ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់សម្រាប់ក្រុម Arsenal ក្រោយខ្សែប្រយុទ្ធ Youssef El Arabi ស៊ុតគ្រាប់តាមឈ្នះឲ្យ Olympiacos នៅនាទី១២០វិញ។ ចប់ការប្រកួត Olympiacos ឈ្នះ Arsenal ២១ និងសរុបលទ្ធផលទាំងពីរជើង ២-២។ បើទោះលទ្ធផលទាំងពីរជើងស្មើគ្នាក្តី ប៉ុន្តែ Olympiacos ជាក្រុមទទួលបានកៅអីទៅវគ្គ១៦ក្រុម ដ្បិតមានក្រុមស៊ុតក្រៅដីល្អជាង (away goal)។
ក្រុមដែលឈានទៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Europa League រដូវកាល ២០១៩-២០ មាន៖ Shakhtar Donetsk (អ៊ុយក្រែន) Sevilla (អេស្ប៉ាញ) Roma (អ៊ីតាលី) Rangers (ស្កុតឡែន) Olympiacos (ក្រិក) Man Utd (អង់គ្លេស) Leverkusen (អាល្លឺម៉ង់) LASK (អូទ្រីស) Inter Milan (អ៊ីតាលី) İstanbul Başakşehir (តួកគី) Getafe (អេស្ប៉ាញ) Copenhagen (ដាណឺម៉ាក) Basel (ស្វ៊ីស)៕
© រក្សាសិទ្ធិដោយ thmeythmey.com