COVID-19
អន្តរជាតិ
COVID-19 ឆ្លង​ដល់​ជាង​៥០​ប្រទេស ខណៈ​អ្នក​ស្លាប់មាន​២៨៥៨​នាក់​
28, Feb 2020 , 11:40 am        
រូបភាព
រូបភាពពី xinhua
រូបភាពពី xinhua
ដោយ: រួបរួម
​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ជាង​៨៣០០០​នាក់​ករណី ហើយ​រាល​ដល់​៥១​ប្រទេស​។ នេះ​បើ​គិត​តាម​តុល្យការ​ចុងក្រោយ​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​២៨ ខែកុម្ភៈ​។ អ្នកស្លាប់​៤៤​នាក់​ទៀត​នៅ​ចិន ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២៨៥៨​នាក់​។​

 
​ចិន​រកឃើញ​៣៣៥​ករណី​បន្ថែមទៀត ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ខ្ទង់​៨០០០០​នាក់ ដែល​ក្នុងនោះ​៩៣​នាក់​នៅ​ហុងកុង ៣២​នាក់​នៅ​តៃវ៉ាន់ និង​១០​នាក់​នៅ​ម៉ា​កាវ​។ អ្នកស្លាប់​នៅ​ចិន មាន​ដល់​២៧៩១​នាក់​។​
 
​កូរ៉េខាងត្បូង ក្លាយជា​ប្រទេស​រាលដាល​ជាងគេ​លំដាប់​ទី​ពីរ ដោយមាន​ចំនួន​២០២២​នាក់ ក្នុងនោះ​ស្លាប់​១៣​នាក់​។ នៅ​ជប៉ុន ករណី​នៅ​នាវា Diamond Princess មាន​៧០៥​ករណី និង​ស្លាប់​៤​នាក់ រីឯ​នៅ​ទឹកដី​ជប៉ុន​ទាំងមូល មាន​២១៤​ករណី និង​ស្លាប់​៤​នាក់​ដូចគ្នា​។​
 
​អ៊ីតាលី មាន​ដល់​៦៥៥​ករណី ក្នុងនោះ​ស្លាប់​១៧​នាក់ ខណៈ​អ៊ីរ៉ង់ មាន​២៤៥​ករណី ដោយ​ស្លាប់​២៦​នាក់​។ បារាំង​រក្សា​ចំនួន​ស្លាប់​២​នាក់ និង​ហ្វីលីពីន ១​នាក់​។​
 
​សិង្ហ​បុរី ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​៩៦​ករណី ដោយ​នាំមុខ សហរដ្ឋអាមេរិក (៦០​ករណី​), អាល្លឺម៉ង់ (៤៨​ករណី​), កូ​វ៉ែត (៤៣​ករណី​), ថៃ (៤០​ករណី​), បារាំង (៣៨​ករណី​), បា​រ៉ែ​ន (៣៣​ករណី​)​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ចន្លោះ​ពី​ជាង​២០​ករណី ចុះមក​ជាង​១០​ករណី មាន អេ​ស្ប៉ា​ញ អូស្ត្រាលី ម៉ាឡេស៊ី អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចក្រភព​អង់គ្លេស វៀតណាម និង​កា​ដា​ណា​។ រីឯ​ប្រទេស​ដែល​ឆ្លង​ក្រោម​១០​ករណី មាន អ៊ីរ៉ាក់ ស៊ុយអែត អូ​ម៉​ង់ ស្វី​ស អូទ្រីស ន័​រវេ​ស ក្រូ​អាស៊ី ក្រិ​ក អ៊ីស្រាអែល លី​បង់ ហ្វីលីពីន ឥណ្ឌា ប៉ា​គី​ស្ថាន ហ្វាំ​ង​ឡង់ រុស្ស៊ី​។​
 
​ប្រទេស​ដែលមាន​តែមួយ​ករណី​រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន អាល់​ហ្សេ​រី ប្រេ​ស៊ី​ល ដា​ណឺ​ម៉ាក អេ​ស្តូ​នី ហ្ស​ក​ហ្ស៊ី លី​ទុយ​អា​នី ហូ​ឡង់ នី​ហ្សេ​រី​យ៉ា ម៉ា​សេ​ដ្វា​ន​ខាងជើង រូ​ម៉ា​នី សាំង​ម៉ា​រ៉ាំ​ង បែលហ្ស៊ិក កម្ពុជា អេ​ហ្សី​ប ណេ​ប៉ាល់ និង​ស្រីលង្កា​។​
 
​ជាមួយគ្នា អ្នកជំងឺ​ជាង​៣៦០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ដោយនៅ​ចិន មាន​ប្រមាណ​៨០០០​នាក់ អ៊ីតាលី មាន​ជិត​៦០​នាក់ កូរ៉េខាងត្បូង​ជិត​២០​នាក់​។ ប្រទេស​ដែលមាន​តែមួយ​ករណី​ដូចជា បែលហ្ស៊ិក កម្ពុជា អេ​ហ្ស៊ី​ប ណេ​ប៉ាល់ និង​ស្រីលង្កា រក​មិនទាន់​ឃើញ​ករណី​ថ្មី​ឡើយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com