COVID-19
អន្តរជាតិ
បារម្ភ COVID-19 រដ្ឋាភិបាល​ជប៉ុន​បិទ​សាលារៀន តែ​រង​ការរិះគន់​ព្រោះ​មិន​សួរ​រដ្ឋបាល​តំបន់​ជាមុន​
28, Feb 2020 , 12:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ បានប្រកាស​បិទ​សាលារៀន​ស្ទើរ​គ្រប់​កម្រិត​នៅ​ទូទាំងប្រទេស ក្រោម​វិធានការ​ទប់ទល់​ការ​រា​ដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ការសម្រេចចិត្ត​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​មាតាបិតា​សិស្ស​ដែល​រង​ប៉ះពាល់ ភ្ញាក់ផ្អើល និង​មិន​សប្បាយចិត្ត​។ ម្យ៉ាង ការសម្រេចចិត្ត​នេះ មិនត្រូវ​បានដឹង​ឮជា​មុន​ដោយ​មន្ត្រី​តំបន់ ហើយ​ម្យ៉ាងទៀត រយៈពេល​នៃ​ការបិទ​នេះ គឺ​យូរពេក​ដែរ​។​

 
​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ ជា​អ្នក​ចេញមុខ​ប្រកាស​វិធាន​ការបិទ​សាលារៀន​ទូទាំងប្រទេស ដើម្បី​បង្ការ​ការឆ្លង និង​រាលដាល​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​យប់​ថ្ងៃទី​២៧ ខែកុម្ភៈ លោក អា​បេ ប្រកាសថា សាលារៀន​កម្រិត​បឋម​សិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ នឹងត្រូវ​ផ្អាក​រយៈពេល​មួយខែ​។ ករណី​លើកលែង នឹងត្រូវ​អនុវត្ត​សម្រាប់​ថ្នាក់​ម​ត្តេ​យ្យ និង​ថ្នាក់​កម្រិត​ខ្ពស់​មាន​សាកលវិទ្យាល័យ​ជាដើម​។​
 
​នៅ​ជប៉ុន រដ្ឋាភិបាល​ថ្នាក់ជាតិ មិនអាច​ចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន​បានឡើយ ដោយ​វា​ជា​អំណាច​របស់​ក្រុមប្រឹក្សា​តំបន់​ប៉ុណ្ណោះ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​នៅ​ជប៉ុន​ដែល​ត្រូវបាន​ជ្រើសរើស​តាម​ការបោះឆ្នោត​ដោយឡែក អះអាងថា ពួកគេ​មិន​ត្រូវបាន​សួរនាំ​ជាមុន ឬក៏​ព្រមាន​ពី​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ខាងលើ​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក Toshihito Kumagai អភិបាលក្រុង Chiba ភាគ​ខាងកើត​ទីក្រុង Tokyo បាន​បង្ហោះ​សារ​មិន​ពេញចិត្ត​លើ Twitter របស់ខ្លួន ថា​៖ «​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​នៅ​តូ​ក្យូ ជា​រឿង​គួរ​ឲ្យ​តក់ស្លុត​។​» ក្នុង​សំណេរ​ដែលមាន​ន័យ​ព្រមាន លោក Kumagai បន្តថា សង្គម​ជប៉ុន អាច​ដួលរលំ ព្រោះ​ឪពុកម្ដាយ​ដែល​ធ្វើជា​បុគ្គលិក​សុខាភិបាល ឬក៏​ធ្វើ​ការងារ​ផ្សេងទៀត នឹង​ជួប​បញ្ហាលំបាក​ដោយសារ​ការសម្រេចចិត្ត​បែបនេះ​។ 
 
​ចំណែក​លោក Hideaki Omura អភិបាលក្រុង Aichi លើ​កោះ​ហ៊ុ​ង​ស៊ូ​វិញ ក៏​ភ្ញាក់ផ្អើល​នឹង​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​លោក អា​បេ ដែរ ប៉ុន្តែ​លោក​អះអាងថា ការសម្រេចចិត្ត​បែបនេះ ក៏​មិនមែនជា​រឿង​ខុសឆ្គង​ក្នុងការ​ស្ថានការណ៍​ដែល COVID-19 បង្ក​ការគំរាមកំហែង​ខ្លាំង​ក្នុងប្រទេស​។ មិនមែន​តែម​ន្ត្រី​ឡើយ សូម្បីតែ​ប្រជា​ជប៉ុន​ខ្លះ ក៏​មិន​ពេញចិត្ត​នឹង​ការ​រឿងនេះ រហូត​រិះគន់ថា រដ្ឋាភិបាល​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទៀតផង​។​
 
​តាមពិតទៅ មុន​ការប្រកាស​របស់លោក អា​បេ សាលារៀន​ខ្លះ​បាន​បិទទ្វារ​ទៅហើយ ដើម្បី​បង្ការ​ទុក​មុន​។ សាលា​បឋម និង​អនុវិទ្យាល័យ​នៅ​កោះ​ហុក​កៃ​ដូ បាន​បិទទ្វារ ក្រោយ​ការរកឃើញ​ករណី​ឆ្លង COVID-19 និង​ការស្លាប់​របស់​បុរស​វ័យ​៨០​ឆ្នាំ​ម្នា​ក់ដោយ​កូ​រ៉ូ​ណាវី​រុស​។ នៅ​ទីក្រុង​អូ​សា​កា​វិញ សាលារៀន​ជាច្រើន ក៏ត្រូវ​បិទ​រយៈពេល​ពីរ​សប្ដាហ៍​ចាប់ពី​ថ្ងៃទី​២៩ ខែកុម្ភៈ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៨ ខែកុម្ភៈ ករណី​ឆ្លង​នៅ​ជប៉ុន​មាន​ចំនួន​១៨៧ និង​៨​នាក់​។ នៅលើ​នាវា Diamond Princess វិញ ករណី​ឆ្លង​មាន​ច្រើនជាង​៧០០​ឯណោះ​។ អ្នកដំណើរ​ខ្លះ ដែល​ត្រូវបាន​ធ្វើតេស្ត ហើយ​មាន​លទ្ធផល​អវិជ្ជមាន​នោះ បែរជា​រកឃើញថា មាន​ឆ្លង COVID-19 វិញ​ពេលទៅដល់​ប្រទេស​កំណើត​ពួកគេ​៕  

Tag:
 COVID-19
  ជប៉ុន​
  ស៊ិន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com